ក្រសួង​​កសិកម្ម​ឱ្យ​ឈ្មួញ​បង្វែរ​ទី​ផ្សារ​នាំ​ចេញ​មៀន​ពី​​ថៃ​ទៅ​​វៀតណាម​វិញ​ ​ក្រោយ​ថៃ​បិទ​ការ​​នាំ​​ចូល​

រថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់ព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីយកទំនិញសំខាន់មួយចំនួនបម្រើឱ្យអាជីវកម្មក្នុងស្រុក អំឡុងផ្ទុះឡើងនៃកូវីដ-១៩។ (Ananth Baliga)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ឈ្មួញឱ្យបង្វែរទីផ្សារពីការនាំចេញផ្លែ​មៀនប៉ៃលិន ឬតាងែន ពីប្រទេសថៃ ទៅកាន់​ប្រទេសវៀតណាមវិញ ក្រោយថៃបិទច្រកព្រំដែន​មិន​ឱ្យ​នាំ​​ចូលផ្លែ​ឈើ​​នេះ​​​ទៅប្រទេសរបស់ខ្លួន។

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រុមឈ្មួញជាច្រើន​នាក់​ដែលនាំចេញតាងែនពីកម្ពុជាទៅថៃ​ បាននាំ​គ្នា​​យក​រថយន្តដឹក​ផ្លែមៀនប៉ៃលិន​​ទាំងនោះទៅមុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​ ដើម្បី​​សុំទៅអាជ្ញាធរកម្ពុជាឱ្យ​ជួយ​​សម្រួល​ជាមួយ​អាជ្ញាធរ​ថៃធ្វើយ៉ាងណាឱ្យពួកគេអាចនាំចូលប្រទេសនេះបាន។

ក្រោយ​ហេតុការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយចុះ​​ថ្ងៃទី១២ ខែសីហានេះ ដោយបាន​ណែនាំដល់​អ្នកនាំ​ចេញ​ទាំងអស់​ឱ្យបង្វែរ​ទិសដៅទីផ្សា​រពីប្រទេសថៃទៅប្រទេសវៀតណាម​វិញ ដោយថា កម្ពុជាបានបើកទីផ្សារសម្រាប់មៀននេះរួចហើយ តាមរយៈការសម្រេចនិងឯកភាពគ្នាលើលក្ខខណ្ឌតម្រូវការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសវៀតណាម។

ក្រសួងកសិកម្ម​ បន្តថា ពាក់ព័ន្ធការនាំចេញផ្លែមៀនស្រស់ទៅក្រៅប្រទេសនេះ ក្រសួង​បានដាក់សំណើសុំចរចាបើកទីផ្សារនៅប្រទេសចិន និងប្រទេសថៃរួចហើយ កាលពីឆ្នាំ២០១៩ ប៉ុន្តែពុំទាន់មានការឆ្លើយតបជាផ្លូវការណាមួយពីប្រទេសទាំងពីរនេះនៅឡើយ បើទោះជាភាគីកម្ពុជាបានទាក់ទងជំរុញការងារនេះជាច្រើនដងរួចហើយក៏ដោយ។

ក្រសួងកសិកម្ម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមគ្នាគាំទ្រផលិតផលខ្មែរ ដោយជួយទិញផ្លែមៀនរបស់ប្រជាកសិករ ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិននៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

ជាមួយគ្នានេះដែរ ក្រសួងក៏បាន​សុំដល់ម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃកសិផលក្នុងស្រុក ឱ្យនាំគ្នាជួយប្រមូលទិញផ្លែមៀនប៉ៃលិនមកលក់ចែកចាយឬធ្វើការកែច្នៃសម្រាប់បម្រើដល់ការហូបចុកក្នុងស្រុក ជំនួសឱ្យការនាំចូលនូវផ្លែមៀនកំប៉ុងពីក្រៅប្រទេសវិញផងដែរ។

លោក ឌី​ន ដែន ជា​ឈ្មួញកណ្តាល​ម្នាក់​ដែល​នាំយក​ទំនិញ​កសិផល​ផ្លែ​មៀន​ប៉ៃលិន​ទៅ​លក់​នៅ​ប្រទេស​ថៃ មានប្រសាសន៍នៅថ្ងៃសុក្រនេះ​ថា ប្រសិនបើវៀតណាមទទួលទិញមៀនពីកម្ពុជាមែន នោះជារឿង​ល្អ ហើយលោកនឹងនាំមៀនពីកម្ពុជាទៅលក់នៅប្រទេសវៀតណាម។ តែយ៉ាងណា​ លោក​​មិនធ្លាប់ដឹងទេ​ថា ថៅកែវៀតណាម​ទទួលទិញ​ផ្លែមៀនពី​កម្ពុជា ព្រោះ​កន្លង​មក​​​ មានតែថៅកែចិនដែលមានក្រុមហ៊ុននៅប្រទេសថៃដែលទទួលទិញពីកម្ពុជា។

ឈ្មួញកណ្តាលរូបនេះអះអាងថា ចាប់តាំងពីថៃបិទមិនឱ្យកម្ពុជានាំមៀនចូលប្រទេសរបស់ខ្លួន​មក​ ផ្លែ​​មៀនរបស់​ពួកគាត់​បាន​ខូច​អស់ប្រហែល៥០០តោន ដែលគិតជាលុយប្រហែល១៥ម៉ឺនដុល្លារ។ លោកថា បញ្ហានេះនឹងធ្វើឱ្យពួកគាត់ប្រឈមជំពាក់បំណុលធនាគារក្នុងចំនួនដ៏ច្រើន។

លោកបន្ថែមថា៖ «អ្នកណាក៏ជំពាក់ធនាគារដែរ មិនថាខ្ញុំ មិនថាគេទេ! អ្នកមានមុខរបរតិច ជំពាក់​តាម​តិច អ្នកមុខរបច្រើន ជំពាក់តាមច្រើន។ អ៊ីចឹង​វាប្រឈម និងប៉ះពាល់ខ្លាំងណាស់»។

បើតាមលោក ឌីន ដែន ទោះបីថ្ងៃនេះ ព្រំដែនកម្ពុជា-ថៃត្រូវបានបើក​ឱ្យដំណើរការឡើងវិញក៏ដោយ ប៉ុន្តែទំនិញរបស់ពួកគាត់មិនទាន់អាចនាំចូលប្រទេសថៃបាននៅឡើយទេ ខណៈអាជ្ញាធរខេត្តកំពុងជួបចរចាជាមួយភាគីថៃ ដើម្បីស្វែងរកដំណោះស្រាយ។

ខណៈដែលក្រសួងកសិកម្មឱ្យឈ្មួញបង្វែរទីផ្សារទៅប្រទេសវៀតណាមនេះ ក៏មាន​​ឈ្មួញ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅប្រទេសវៀតណាម​​បានត្អូញត្អែរ​​ដែរ​ថា ទំនិញខ្មែរ​បាន​និង​កំពុង​កក​ស្ទះ​នៅតាម​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម​មួយចំនួន​ ដោយសារភាគីវៀតណាម​បាន​បិទមិនឱ្យនាំចូល។

លោក តឹង យិន នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដែលជាឈ្មួញនាំទំនិញ​​ពីកម្ពុជា​ទៅប្រទេស​វៀតណាម បាន​ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ទំនិញកម្ពុជាបាន​និងកំពុងកកស្ទះយ៉ាងច្រើន​នៅ​ច្រក​ព្រំដែន​តន់ហន់ និង​ច្រកព្រែកចាក ក្រោយពី​​វៀតណាម​បិទ​មិ​នឱ្យ​ចូលកាលពីថ្ងៃទី១​៨ ខែកក្កដា ឆ្នាំ២០២១ ខណៈទំនិញ​វៀតណាមអាចនាំចូលមក​កម្ពុជា​ដោយ​សេរី។

លោកបន្ថែមថា៖ «បញ្ហាហ្នឹង គឺអីវ៉ាន់​ខាង​ខ្មែរ​យើង​ វាអត់ឱ្យចូល! វាឱ្យយើងធ្វើលិខិតស្នាមអីខ្លាំង ប៉ុន្តែ​អីវ៉ាន់វៀតណាម​ចូលមកខ្មែរយើងភ្លូកទឹកភ្លូកដី ហើយប្រជាជនគេរកស៊ីចូលមកទឹកដីខ្មែរយើងបានដោយសេរី។ ដល់ពេលអីវ៉ាន់ខ្មែរយើង​យកទៅ គេអត់ឱ្យចូល។ ខ្ញុំទាមទារថា បើបិទឱ្យបិទទាំងអស់គ្នា ឱ្យប្រជាជនវាស្រែក​ម្តង​មើល»

អភិបាលរង និងអ្នកជានាំពាក្យរដ្ឋបាល​ខេត្តកំពត លោក ភូ លិ មានប្រសាសន៍ថា​ លោក​ទើ​បតែទទួលបាន​ព័ត៌មាននេះពីខាងសារព័ត៌មាន វីអូឌី។ តែយ៉ាងណា លោកថា អាជ្ញាធរខេត្ត​នឹងទំនាក់ទំនងទៅភាគីវៀតណាម ដើម្បីសម្របសម្រួលដោះស្រាយករណីនេះ។

លោកបន្ថែមថា៖ «ខ្ញុំកំពុងឱ្យលោកអភិបាលស្រុកដាក់លិខិតសុំ​គោលការណ៍​ពីអភិបាល​ខេត្តដោះស្រាយលើរឿងហ្នឹង​ហើយ»

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ជំរុញទៅរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំសម្របសម្រួលចរចាបន្តទៀតជាមួយ​ប្រទេសជិ​ត​ខាង ដោយធ្វើយ៉ាងណាឱ្យ​កសិករឬឈ្មួញក​ម្ពុជាអាចនាំកសិផលរបស់ខ្លួនទៅលក់នៅលើទីផ្សាររបស់ប្រទេសទាំង​​នោះដោយស្មើភាពគ្នា ខណៈទំនិញរបស់ប្រទេសជិតខាងទាំងនោះបាននាំចូលមកកម្ពុជាដោយរលូន ប៉ុន្តែទំនិញរបស់កម្ពុជាមិនអាចនាំទៅត្រឡប់ទៅវិញបាន។

លោក​បន្តថា ការអនុញ្ញាតឱ្យទំនិញឬផលិតផលរបស់ប្រទេសជិតខាងនាំចូលបាន ប៉ុន្តែទំនិញ​ឬផលិតផលរបស់កសិករខ្មែរមិនអាចនាំចេញទៅ​ប្រទេសជិតខាងបាន​នោះ ជារឿងអយុត្តិធម៌មួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

លោកបន្ថែមថា៖ «​ដើម្បីធានាបានភាពយុត្តិធម៌ទាំងអស់គ្នាក្នុងការចេញចូលនៃទំនិញ ប្រសិនជាយើងបើក​ឱកាស​ឱ្យនាំចូល​ផលិត​ផល​ទំនិញ ប៉ុន្តែយើងមិនមានលទ្ធភាពក្នុងការចរចា វាហាក់បីដូចជាយើងចាញ់ប្រៀបគេ អ៊ីចឹង​ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់នូវអត្ថប្រយោជន៍ ហើយប្រឈមនឹងបញ្ហា។ ហើយប្រជាពលរដ្ឋច្បាស់ណាស់ថានឹងស្តីបន្ទោសទៅលើសមត្ថភាព ក៏ដូចជាការធ្វើការងាររបស់អាជ្ញាធររដ្ឋ ទាក់ទងនឹងការផ្តល់សេវាសាធារណៈ និងការសម្រួលសម្រួលរកទីផ្សារលក់ទំនិញ និងស្វែងរកដំណោះស្រាយជូនពួកគាត់ហ្នឹង»

យ៉ាងណា នៅថ្ងៃសុក្រនេះ ព្រំដែនកម្ពុជា-ថៃត្រូវបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបានបិទខ្ទប់អស់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រភេទ “ដែលតា” (Delta)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ