ពលករ​ខ្មែរ​ជាង​៦០០​នាក់​​ត្រឡប់​មក​កម្ពុជា​វិញ​ក្រោយ​​ការ​បើក​ព្រំដែន​

ក្រុមមន្ត្រីសុខាភិបាល មន្ត្រីមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃខេត្តបន្ទាយមានជ័យ ចុះយាមនិងចាំត្រួតពិនិត្យទៅលើពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ក្រោយពីបើកច្រកព្រំដែននៅថ្ងៃសុក្រនេះ មានពលករប្រមាណជា៦០០នាក់ដែល​ធ្វើ​ការ​នៅប្រទេស​ថៃ បានឆ្លងចូលមកកម្ពុជាវិញតាមច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។

អភិបាលខេត្តបន្ទាយ​មានជ័យ លោក អ៊ុំ រាត្រី បានប្រាប់​ក្រុម​អ្នកសារព័ត៌មានថា ក្នុងចំណោមពលករខ្មែរ៦០០នាក់នោះ គឺមានពលករខ្មែរចំនួន៣៣៥នាក់ត្រូវបានក្រុមគ្រូពេទ្យនិងអាជ្ញាធរធ្វើតេស្តដោយឧបករណ៍តេស្តរហ័ស និងបានរកឃើញពលករចំនួន៣៧នាក់វិជ្ជមានកូវីដ-១៩។

លោកមានប្រសាសន៍ថា៖ «អ្នកខ្លះគាត់ចង់ចេញតាមច្រកអន្តរជាតិប៉ោយប៉ែត ប៉ុន្តែភាគីថៃគាត់អត់ឱ្យចេញតាមច្រកប៉ោយប៉ែត គាត់ឱ្យចេញតាមច្រកកន្លែងយើងរៀបចំនេះ។ ​ហើយយើងគិតថា នឹងមានជាបន្តបន្ទាប់ ហើយនឹងមានមកពីបាងកកផង និងតាមខេត្តផ្សេងៗតាមព្រំដែន។ នេះគឺជាព័ត៌មាន​ដែលអភិបាលខេត្តស្រះកែវ និងខាងអគ្គកុងស៊ុល បានផ្ដល់ព័ត៌មានមក ​គឺនៅតែមានបន្តមក! ​ហើយមកដល់ព្រំដែន ៣០០ទៅ៤០០នាក់ហើយ»

ភាគីកម្ពុជាបានសម្រេចបើកច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែសីហានេះ បន្ទាប់ពីបានបិទខ្ទប់អស់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ប្រភេទ “ដែលតា” (Delta) ខណៈប្រទេសថៃបាននិងកំពុងឆ្លងជំងឺនេះខ្លាំង។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានផ្ញើលិខិតទៅកាន់អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី១២ ខែសីហា ថាកម្ពុជាបានសម្រេចបើកព្រំដែននៅច្រកខេត្តបន្ទាយមានជ័យឡើងវិញ បន្ទាប់ពីបិទខ្ទប់អស់រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ប្រភេទ “ដែលតា” (Delta) បានបញ្ចប់។

​បន្ថែមលើនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី បានឱ្យដឹងថា បច្ចុប្បន្នមានពលករជាង៣ ០០០នាក់កំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តនេះ។​

កម្មកររោងចក្រនៅខេត្តឈុនបូរី ប្រទេសថៃ លោក អឹន សារ៉ាយ ដែល​កំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីព្យាបាលជំងឺកូវីដ-១៩ជាសះស្បើយនៅក្នុងប្រទេសថៃនោះ បានឱ្យដឹងថា នឹងមានពលករខ្មែរមួយចំនួនទៀតកំពុងរៀបចំអីវ៉ាន់ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីអាជ្ញាធរកម្ពុជាបានបើកច្រកព្រំដែនវិញនៅថ្ងៃនេះ។ ប៉ុន្តែសម្រាប់លោកនិងគ្រួសារនឹងមិនទាន់សម្រេចចិត្តវិលត្រលប់មកប្រទេសកម្ពុជាវិញទេ ដោយសារគ្មានប្រាក់សងធនាគារ ខណៈនៅកម្ពុជាពិបាករកប្រាក់ចំណូល។

លោកថា៖ «​ខ្ញុំខ្វះខាត​ ព្រោះយើងត្រូវការទម្លាក់លុយទៅផ្ទះ​ ដល់ពេលយើងឈឺអ៊ីចឹង ​អត់បាននិងមានការងារធ្វើ​​។ លុយក្រុមហ៊ុន គេមិនឱ្យយើងពេញដូចមុនណា! គេឱ្យយើងពាក់កណ្ដាលហ្នឹង! តាំងពីខ្ញុំកើតកូវីដ-១៩ ដល់ឥលូវ ខ្ញុំអត់មានពីណាជួយខ្ញុំទេ។ តែពេលខ្ញុំកើតកូវីដ-១៩ ខ្ញុំភ័យចង់ទៅផ្ទះរហូតហ្នឹង​! ដល់ពេលដេកពេទ្យ គេមើលយើងជាទៅ ក៏លែងគិត​ចង់ទៅផ្ទះ ចង់នៅធ្វើការបន្តទៀត ដោយសារទៅផ្ទះមិនដឹងរកអី»

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបិទខ្ទប់ការធ្វើដំណើរឆ្លងព្រំដែនគោកជាមួយប្រទេសថៃ និងខេត្តចំនួន៨ រយៈពេល២សប្តាហ៍ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការនាំវីរុស​កូវីដ-១៩ប្រភេទ “ដែលតា” ចូលសហគមន៍តាមរយៈពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

ក្រោយពីបញ្ចប់ការបិទខ្ទប់រយៈពេល១៤ថ្ងៃមក រដ្ឋាភិបាលមិនបន្តបិទទៀតឡើយ ប៉ុន្តែរដ្ឋាភិបាលបានបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ​នៅទូទាំងប្រទេស រយៈពេល៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា។

រដ្ឋាភិបាលបានអះអាងថា តាមរយៈការអនុវត្តវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែន និងខេត្តសៀមរាប និងយុទ្ធនាការថ្នាក់ជាតិរយៈពេល១៤ថ្ងៃកន្លងមកនេះ បានជួយដល់ការគ្រប់គ្រងនិងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទ “ដែលតា” (Delta)។ ជាក់ស្តែង អត្រានៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃមានលក្ខណៈថេរ បើទោះជាមេរោគបំប្លែងខ្លួនថ្មីប្រភេទ “ដែលតា” បានធ្លាយចូលក្នុងសហគមន៍ ហើយបច្ចុប្បន្នបានរីករាលដាលរហូតទៅដល់​១៧​រាជធានី-ខេត្តក្តី។

អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា សាទរចំពោះការបើកច្រកព្រំដែនឱ្យពលករចូលមកប្រទេសកំណើត នៅក្នុងអំឡុង​ពេលដែលពួកគាត់​កំពុងជួបបញ្ហានាពេលបច្ចុប្បន្ននេះ។

លោកថា៖ «​ព្រោះគាត់នៅក្រោមតង់ ក្រោមអីហ្នឹង! វាប៉ះពាល់យ៉ាងខ្លាំងទៅការរស់នៅ ទៅលើសុខភាព​ ហើយពួកគាត់បានត្រឡប់មកវិញ ហើយបានមកដល់ មានការធ្វើចត្តាឡីស័ក និងធ្វើការពិនិត្យសុខភាពពួកគាត់ទៀត ជាការប្រសើ​​រ។ អ៊ីចឹងជាការល្អមួយសម្រាប់ការយកចិត្ត​​ទុកដាក់របស់គាត់ដែលកំពុងជួបបញ្ហា»

គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ​កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta លើពលករដែលត្រលប់មកពីប្រទេសថៃ និងវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិក្នុងសហគមន៍សរុបចំនួនសរុប៤២៩នាក់ ក្នុងចំណោម១៧រាជធានី-ខេត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ