តំណាង WHO ​ថា​ការ​​ចាក់​វ៉ាក់សាំង​​​តែ​​មួយ​មុខ​​ពុំមែន​​​ជា​​ដំណោះ​ស្រាយ​​វេទមន្ត​​ក្នុង​ការ​​បញ្ចប់​​ការ​ឆ្លង​​​​​ជំងឺ​​កូវីដ-១៩​ទេ

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា ថ្លែងក្នុងពិធីទទួលយកវ៉ាក់សាំងកូវីដ១៩ដែលជាជំនួយរបស់កូវ៉ាក់ នៃប្រទេសឥណ្ឌា ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

តំណាង​អង្គការសុខភាពពិភពលោក​ប្រចាំ​កម្ពុជា បាន​លើកឡើង​​ថា ការចាក់វ៉ាក់សាំង​ការ​ពារ​​ជំងឺ​កូវីដ-១​៩តែមួយមុខ​ មិន​មែន​ជា​ដំណោះស្រាយ​វេទមន្តក្នុង​ការ​បញ្ចប់ការរាតត្បាត​ជា​សកលនៃ​ជំងឺ​កូវីដ-១៩ទេ ប៉ុន្តែវាក់​សាំងនេះអាចជួយ​មិន​ឱ្យ​​ឈឺជំងឺ​​ធ្ងន់ធ្ងរ កាត់បន្ថយ​ការចូលសម្រាកនៅមន្ទីរពេទ្យ​ និង​កាត់​បន្ថយ​ការ​ស្លាប់។

យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់​អង្គការ​​សុខភាព​ពិភពលោកប្រចាំ​កម្ពុជា​ (WHO) កាលពីថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១ បាន​លើកឡើង​ថា ​ការ​មាន​សុទិដ្ឋិនិយមឬគិតវិជ្ជមានចំពោះ​វ៉ាក់សាំង​អាច​បង្ក​គ្រោះថ្នាក់ដល់​សុខភាព ពីព្រោះ​ការ​ដែល​បាន​​ចាក់វ៉ាក់សាំង​រួចហើយមិន​មែនមាន​​ន័យថា ​បុគ្គលរូបនោះគួរ​ឈប់​អនុវត្ត​​វិធាន​ការបង្ការផ្សេងទៀត រួមមាន ការ​ពាក់ម៉ាស់នៅទីសាធារណៈ ការរក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំឬប្រមូលផ្ដុំមនុស្ស​ច្រើន​​នោះទេ។

អង្គការអន្តរជាតិមួយនេះបន្តថា ការចាក់វ៉ាក់សាំងតែមួយមុខ​មិនមែន​ជាដំណោះស្រាយ​ទិព្វ​នោះទេ ពីព្រោះ​វាគ្រាន់តែ​ជា​ឧបករណ៍​មួយក្នុង​ចំណោម​ឧបករណ៍​ដ៏សំខាន់​ផ្សេងទៀត​នៅក្នុង​ការ​ប្រយុទ្ធប្រឆាំ​ង​នឹង​​ជំងឺ​​កូវីដ-១៩ប៉ុណ្ណោះ។​

ជាមួយគ្នានេះ អង្គការសុខភាពពិភពលោកក៏បានកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា​ រួមទាំង​ក្រសួង​សុខាភិបាល ដែល​បាន​ចាក់វ៉ាក់​សាំង​ដល់ពលរដ្ឋរបស់​ខ្លួនបាន​​ចំនួន៨លាននាក់ ឬស្មើនឹង៨០ភាគរយនៃគោលដៅ១០លាននាក់។

បន្ថែមពីនេះ​ ប្រធាន​អង្គការ​សុខភាព​ពិភពលោកប្រចាំកម្ពុជា​ លោក​ស្រីវេជ្ជបណ្ឌិត លី អាយឡែន (Li Ailan) ក៏បានកោតសរសើរចំពោះប្រជាជនកម្ពុជា​ដែលបាន​បង្ហាញពីភាពក្លាហាននិងភាព​រឹងមាំ​ក្នុង​ការបន្ត​ប្រយុទ្ធនឹងជំងឺ​ជាសកល​មួយនេះ។  

លោកស្រីបានបន្ត​​ថា​៖ «ភាពក្លាហាន ការយល់ចិត្តនិងដឹង​​សុខទុក្ខគ្នា និងសេចក្តីស្រលាញ់ដែលប្រជាជនកម្ពុជាមានចំពោះប្រទេសជាតិនិងមនុស្សជាទីស្រឡាញ់របស់ខ្លួន តែងតែជំរុញ​​ចិត្តរបស់ខ្ញុំ! ជាមួយនឹងសកម្មភាពបុគ្គលម្នាក់ៗនិងសមូហភាព យើងនឹងយកឈ្នះនៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩​បាន»។​

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា អង្គការសុខភាព​ពិភពលោក​នៅតែបន្ត​ផ្ដល់យោបល់ក្នុងការ​ផ្ដល់អាទិភាពក្នុងការទទួល​វ៉ាក់សាំងមុនគេដល់បុគ្គលិកសុខាភិបាល ក្រុមមនុស្សចាស់ អ្នកដែលមានជំងឺ​ប្រចាំកាយ និង​ក្រុមងាយរងគ្រោះដទៃទៀត រួមមាន ស្រ្ដី​មានផ្ទៃពោះ ស្រ្ដី​កំពុងបំបៅដោះកូន ក៏ដូចជា​​កុមារ​និងយុវជនដែលមាន​ជំងឺប្រចាំ​កាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ