កម្ពុជារកឃើញ​អ្នក​ឆ្លង​​ជំងឺ​កូវីដ-១៩បំប្លែងថ្មី​ ចំនួន ៦៥ នាក់​បន្ថែម​ទៀត

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ក្រសួង​សុខាភិបាល​ប្រកាស​រក​ឃើញ​អ្នក​ជំងឺកូវីដ-១៩ ​បំប្លែងថ្មី​ប្រភេទ​ដែលតា​ «Delta»​ លើពលរដ្ឋ និង​អ្នក​ដំណើរ​ ចំនួន ៦៥ នាក់​បន្ថែម​ទៀត ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លងវីរុស​ប្រភេទថ្មី​នេះ កើន​ឡើង​ជិត​ ៥០០​ នាក់​ហើយ។

ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅថ្ងៃទី១៣​ ខែសីហា ​ឆ្នាំ២០២១​ ឱ្យដឹងថា​ អ្នក​ជំងឺ​កូវីដ-១៩ ​បំប្លែងថ្មី ​ប្រភេទ​ដែលតា​ទាំង​ ៦៥​ នាក់​ ត្រូវបាន​រក​ឃើញ​លើ​អ្នក​ដំណើរ​មកពី​បរទេស ​តាម​ជើងហោះហើរ​ចំនួន​៤​នាក់,​ ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេសថៃ​ចំនួន ​១៧ ​នាក់,​ បុគ្គលិក​សុខាភិបាល​ចំនួន ​៤ ​នាក់ ​និង​មន្ត្រីរាជការ​ចំនួន​ ៤ ​នាក់​ រួមទាំង​ប្រជាជន​អ្នកភូមិ​នៅក្នុង​សហគមន៍​ចំនួន ​៣៦​ នាក់។

បើតាម​ក្រសួង​សុខាភិបាលឱ្យដឹងថា​ គិតត្រឹម​ថ្ងៃទី១៣ ​ខែសីហា​ នេះ ​ជំងឺកូវីដ-១៩ ​បំប្លែង​ថ្មីប្រភេទ​ដែលតា «Delta» បាន​នឹងកំពុង​ឆ្លងរាលដាល​នៅតាម​បណ្ដាល​រាជធានី-ខេត្ត​ចំនួន​ ២២ ខេត្ត លើកលែង​តែ​៣​ខេត្ត​ប៉ុណ្ណោះ ​គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់​រកឃើញ​អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី​ប្រភេទដែលតា​នៅ​ឡើយ​ទេ។

គិតចាប់​ពី​ថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ​ឆ្នាំ២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​មាន​វិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ​ដែលតា«Delta»​ លើអ្នកដំណើរ ពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម និងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ៤៩៤ នាក់ ក្នុងនោះ ស្រី្ត ២៤៣ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ