វិធានដោះលែងទណ្ឌិតដំណើរការតិចតួច ទោះក្រសួងបើកផ្លូវ

រថយន្ត​ពន្ធនាគារ​ដែល​ដឹក​លោក រ៉ុង ឈុន ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ (ខាន់ លក្ខិ​ណា​)

មន្ត្រី​តុលាការ​មួយចំនួន​បានអះអាងថា  ​វិធាន​ដោះ​លែង​ទណ្ឌិត​​​តាម​លក្ខខណ្ឌ​ច្បាប់​ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ​បានដំ​ណើរ​មួ​យជំហាន​ហើយ​ តែមិន​ទាន់​ឈាន​ដល់ដំណាក់កាល​ដោះលែង​នៅ​ឡើយ។

ក្រសួង​យុត្តិធម៌ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បាន​ចេញ​ប្រកាស​មួយ «ស្តីពី​បែបបទ​នៃការឃ្លាំមើល​តាមដាន​ការត្រួត​ពិនិត្យ និង​ការបញ្ជូន​ទៅក្នុង​សង្គមវិញ​នៃ​ទណ្ឌិត​ដែល​ត្រូវ​បានដោះ​លែង​ដោយ​មាន​លក្ខខណ្ឌ»។

ប្រការ​២​នៃ​សេចក្តីប្រកាស​នេះ ​ក្រសួង​លើកឡើងថា  ការដោះលែង​ដោយ​មាន​លក្ខខណ្ឌ ​គឺ​ជាសមត្ថកិច្ច​របស់​សាលាដំបូង​រាជធានី​-​ខេត្ត​នីមួយៗ។

សេចក្តី​សម្រេច​ដដែល​បញ្ជាក់​ថា​ «ប្រធាន​សាលាដំបូង សម្រេច​អំពី​ការ​ដោះលែង​ ដោយមាន​លក្ខខណ្ឌ តាមដីកា​សម្រេច​ដោយ​សម្អាង​ហេតុ បន្ទាប់ពី​ទទួល​បាន​យោបល់​ពីគណៈកម្មកាជាតិ​ដោះលែង​ដោយមាន​លក្ខខណ្ឌ ស្របតាម​មាត្រា​៥១៤ មាត្រា​៥១៥ និង​មាត្រា​៥១៦ នៃក្រមព្រហ្មទណ្ឌ។ ប្រធាន​សាលាដំបូង មិនជាប់ជំពាក់​នឹង​យោបល់​របស់​គណៈកម្មការ​ជាតិនោះ​ទេ»។

ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារលោក យុត ពន្លឺ ប្រាប់ វីអូឌី នៅ​ថ្ងៃសុក្រ​នេះ​ថា យន្តការ​នៃការ​ដោះលែង​ទណ្ឌិត​ឱ្យនៅ​ក្រៅឃុំ​តាម​លក្ខខណ្ឌ​ច្បាប់ ក្រុមការងារ​របស់​លោក​ បាន​ដំណើរការ​ទៅមួយ​ជំហាន​ហើយ តែមិនទាន់​ឈាន​ដំណាក់កាល​នៃការ​ដោះលែង​ទេ។

លោក​ថា​៖ ​«មិន​ទាន់​ធ្វើបាន​ទេ ព្រោះទើប​នឹង​ចាត់​តាំង​គណៈកម្មការ​ត្រួត​ពិនិត្យ​មនុស្ស ដែល​ត្រូវ​ដោះ​លែង​ […]​ ព្រោះ​អាយន្តការ​ដោះលែង​នេះវា​ថ្មី អី​ចឹង​ចាំ​មើល​គេ​ [គណៈកម្មការជា​តិដោះ​ស្រាយ​តាមល​ក្ខ​​ខណ្ឌច្បាប់] ណែនាំ។ ប៉ុន្តែយើង​បានរៀបចំ​បានមួយ​ជំហាន​ហើយ»។

អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​លោក អ៊ី រិន្ទ សុំមិន​អត្ថាធិប្បាយ​លម្អិត​រឿងនេះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា នឹង​មាន​កិច្ចប្រជុំ​ឆាប់ៗ ដើម្បី​ពិភាក្សា​លើ​យន្តការ​នេះ។

អ្នកនាំ​ពាក្យ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និងជាព្រះរាជអាជ្ញារងលោក ឡុង ស៊ីថា មាន​ប្រសាសន៍​ថា មានការ​ណែនាំ​ពី​គណៈកម្មការ​ជាតិ​ដោះលែង​ទណ្ឌិត​តាម​លក្ខខណ្ឌ​ច្បាប់​ហើយ ប៉ុន្តែ​លោក​មិនទាន់ដឹងថា​ មាន​ទណ្ឌិត​ប៉ុន្មាន​នាក់​ នឹង​ត្រូវ​ដោះលែង​នោះ​ទេ ដោយ​ថា មន្ត្រី​ពាក់ព័ន្ធ​ទើបនឹងចាប់​ផ្តើម​សិក្សា​ទៅលើ​យន្តការ​ថ្មី​នេះ។

លោក​ថា​៖ «មាន​ការណែនាំ​ហើយ [មានទណ្ឌិត​ប៉ុន្មានអាច​នឹង​ត្រូវ​បាន​ដោះលែង​តាម​លក្ខខណ្ឌនេះ​លោក?] យើង​អត់​ទាន់​ដឹង ព្រោះ​គណៈកម្មការ​កំពុង​តែ​រៀបចំ​អត់​ទាន់​ដឹងព័ត៌មាន​ទេ ចាំខ្ញុំ​ផ្តល់ព័ត៌មាន​បន្ថែម​នៅពេល​ក្រោយ»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា យន្តការ​នេះមិន​គួរ​ត្រូវពន្យារ​ពេល​ទៀត​ទេ ខណៈកម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទDelta នោះ ព្រោះក្រសួង​យុត្តិធម៌ បាន​សម្រេច​បើកផ្លូវ​ឱ្យ​អនុវត្តវិធាន​នេះ​ហើយ។

លោកបារម្ភថា ការអូសបន្លាយ​យន្តការ​ដោះស្រាយ​ភាព​ចង្អៀតណែន​ក្នុង​ពន្ធនាគារ​នេះ ​អាចនឹង​ធ្វើឱ្យអ្នកជាប់ឃុំ​ជួប​ហានិភ័យ បើ​មន្ត្រី​ពន្ធនាគារ​​មិន​​អាច​​ទប់ស្កាត់​​មេរោគ​បំប្លែង​ថ្មីនេះ​បានទៀតនោះ។

លោកអំ សំអាត ថ្លែង​ថា៖ «ភាពចង្អៀតណែនក្នុងពន្ធនាគារ បើសិនជាមានការរាលដាលអាបំប្លែង​ថ្មីនេះទៀត វាកាន់តែយាប់ ហើយ​ហានិភ័យ​វាកាន់តែខ្ពស់បន្ថែមទៅទៀត បន្ថែមពីលើអាការរីករាលដា​ល​ក្នុងពន្ធនាគារកន្លងមក»។

យ៉ាងណាក៏ដោយ លោក អំ សំអាត បានផ្តល់ជាយោបល់​ថា យន្តការនេះមិនត្រូវ​ពន្យារពេលទៀត​ទេ។ លោកថា ក្រៅពី​ទណ្ឌិត​ដែល​អនុវត្ត​ទោស​ជិតចប់ វិធាន​ដោះលែង​ទណ្ឌិត​ដែលមានលក្ខខណ្ឌនេះ គួរតែផ្តោតលើជនជាប់ចោទ​ដែល​មាន​អាទិភាពមួយចំនួនទៀត ដូចជា ​អ្នក​ជាប់​ឃុំទោស​ស្រាលៗ​ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​​ស្ត្រីដែល​មាន​កូន​តូច​នៅជាមួយ​ផង​ដែរ។

អ្នកនាំពាក្យអគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃលោក នុត សវនា ធ្លាប់​ប្រាប់​ VOD​ ថា​ អ្នក​ជាប់​ឃុំ​សរុប​​នៅ​​ទូទាំង​ប្រទេស​មាន​ជិត​ ៤០ ០០០ ​នាក់។

ដោយ​ឡែកអង្គការ​​លើកលែង​​ទោស​​អន្តរជាតិ (Amnesty International) កាល​ពីដើម​ឆ្នាំមុន បាន​បង្ហាញ​របាយការណ៍​មួយ​ថា ​គិត​​ត្រឹម​​ខែ​មីនា ​ឆ្នាំ​​២០២០ ​អ្ន​ក​​ជាប់​ឃុំ​នៅ​​ទូទាំង​​ប្រទេស​​​ជិត ៤០ ០០០​​ នាក់​ ខណៈ​ពន្ធនាគាររបស់​កម្ពុជា​អាច​​ដាក់​​អ្នកជាប់ឃុំ​បាន​ប្រមាណ ​២៦​ ០០០ ​នាក់​តែ​​ប៉ុណ្ណោះ។​

អង្គការ​អន្តរ​ជាតិ​នេះ​បញ្ជាក់​​ថា៖​ «វិបត្តិ​នៃ​ការ​​ចង្អៀត​ណែន​ក្នុង​​ពន្ធនាគារនេះ​ កំពុង​បង្ក​ឱ្យ​​មាន​​ការ​​រំលោភ​​បំពាន​​យ៉ាង​​ធ្ងន់ធ្ងរ និង​លក្ខណៈ​ជា​ប្រព័ន្ធ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ