ក្រសួង​រំឭក​ជា​ថ្មី​ឱ្យ​​រួម​គ្នា​​​​អនុវត្ត​វិធាន​ការ​រដ្ឋា​ភិបាល​ ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​កូវីដ-១៩​និង​អ្នក​ស្លាប់​

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ ក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។ (ជន ចានរ៉ែន)

ក្រសួងសុខាភិបាលក្រើនរំឭកជាថ្មីទៀតដល់គ្រប់អង្គភាពនិងអាជ្ញាធរពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការចាំបាច់ៗនានាដែលបានដាក់ចេញដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី និងការបាត់បង់អាយុជីវិតពលរដ្ឋដោយសារជំងឺនេះ​បន្តទៀត។

ការក្រើនរំឭកនេះបានធ្វើឡើងនៅក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីយុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» បានឱ្យ​ដឹងនៅថ្ងៃទី១៦ ខែសីហានេះ។

សេចក្តីជូនព័ត៌មានរបស់ក្រសួងបាន​លើកឡើង​ថា អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់​ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាប់ផ្តើមធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ក្នុងគោលបំណងដើម្បីក្រើនរំឭក ពញ្ញាក់ស្មារតី និងបង្កើនការជំរុញនូវការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំង​ប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ-អន្តរជាតិ និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានាដែលបានដាក់ចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ក្រសួងបញ្ជាក់ថា កន្លងមក ប្រជាពលរដ្ឋទាំងអស់បានចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ជាពិសេស​ពពួក​បំប្លែងថ្មី ដូចជា “អាល់ហ្វា” និង “ដែលតា” ជា​ដើម។

ប៉ុន្តែក្រសួងសុខាភិបាលអំពាវនាវទៅពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមបន្ថែម​ទៀត ដោយអនុវត្តវិធាន​ការ «៣ការពារ ៣កុំ» ដែល​រដ្ឋាភិបាលដាក់ចេញកាលពីពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២០ ឱ្យក្លាយទៅជាការអនុវត្ត​ជាក់ស្តែង​ពិត​ប្រាកដ​បន្ថែម​ទៀត ប្រកប​ដោយ​ស្មារតីទទួល​ខុស​ត្រូវ​ខ្ពស់ ទើប​ទប់​ស្កាត់​ការឆ្លងនិងការបាត់បង់អាយុជីវិតពលរដ្ឋ​បន្តទៀត ។

បន្ថែមពីនេះ ក្រសួងក៏បានណែនាំដល់​ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមតាមដាននិងរាយការណ៍ជាបន្ទាន់​ដល់អាជ្ញាធរមូលដ្ឋាន ចំពោះអ្នកដែលត្រឡប់មកពីកន្លែងមានហានិភ័យខ្ពស់ឬមកពីក្រៅប្រទេស ដែលទាមទារឱ្យធ្វើចត្តាឡីស័ក​ពេញ​លេញត្រឹមត្រូវគ្រប់ពេលវេលាដែលបានកំណត់ផងដែរ។

ដោយឡែក អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ បណ្តាញស​ង្គម បោះពុម្ព ចែកចាយសម្ភារអប់រំសុខភាពឱ្យបានទូលំទូលាយ ជាពិសេសនៅសហគមន៍ដែលងាយរងគ្រោះនិងសហគមន៍​ក្រីក្រជាដើម។

ចំពោះវិស័យឯកជន អង្គការជាតិនិងអន្តរជាតិ ត្រូវចូលរួមគាំទ្រនូវសកម្មភាពយុទ្ធនាការជាតិនេះ ដោយបន្តធ្វើការផ្សព្វផ្សាយសារឱ្យ​បានជាប្រចាំតាមគ្រប់មធ្យោបាយដល់បុគ្គលិកនិងស្ថាប័នរបស់ខ្លួនឱ្យអនុវត្តវិធានការសុខាភិបាល ឬផលិត ឬបិទផ្ទាំងរូបភាព ឬចាក់មេក្រូផ្សាយ ទាក់ទងនឹងការបង្ការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ដើម្បីកាត់ផ្តាច់ការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ជាពិសេស​បញ្ចៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ​ក្នុងប្រទេសកម្ពុជា។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទ​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៨៦ ០៤១​​​​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៨១ ២០២នាក់ អ្នកស្លាប់កើនដល់​ចំនួន​១ ៧០៤​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៣ ១១៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ