ផ្លូវ​មួយ​ចំនួន​​ក្នុង​​ខណ្ឌ​ទួល​គោក​​ត្រូវ​បិទ​ខ្ទប់​​ចំនួន​៧​ថ្ងៃ​​បន្ថែម​ទៀត​​​ ដើម្បី​ទប់ស្កាត់​ការ​​ឆ្លង​​វីរុស​​​បំប្លែង​ថ្មី Delta

ពលរដ្ឋរស់នៅប្លុកភូមិ៥ ផ្លូវ៣៧២ ផ្លូវ៣៧២ហ្សិត ផ្លូវ៣៦២ ដែលត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីត-១៩ បំប្លែងថ្មី Delta មកទទួលយកអំណោយជាស្បៀងអាហារពីអាជ្ញាធរមូលដ្ឋាន ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ សាលាសង្កាត់បឹងសាឡាង)

រដ្ឋបាលរាជធានីភ្នំពេញ​ បន្ត​បិទ​ខ្ទប់ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន៧ថ្ងៃបន្ថែមទៀត​ ដោយ​គិត​​ចាប់ពីម៉ោងសូន្យ នាថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២១នេះ ដើម្បី​ទប់ស្កាត់និងកាត់​ផ្ដាច់​ការឆ្លង​រាលដាល​នូវមេរោគ​បំប្លែង​ខ្លួន​ថ្មីប្រភេទ “ដែលតា” (Delta) ក្នុង​សហគមន៍។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាល​រាជធានីភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២១​នេះ បាន​សម្រេចបន្តបិទច្រកផ្លូវ​លេខ​៣៧២ ៣៧២Z និងផ្លូវលេខ​៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង។

សេចក្តីសម្រេចដដែលបន្តថា ក្នុងអំឡុងពេលនៃការអនុវត្ត​វិធានការបិទខ្ទប់នេះ ហាម​ប្រជាពលរដ្ឋ​រស់ក្នុង​ទីតាំង​ទាំងនេះ​ចេញ-ចូល និង​ជួបជុំឬ​ប្រមូលផ្ដុំមនុស្ស​ច្រើន ប៉ុន្តែ​​លើកលែងកត្តា​មួយចំនួនដូចជា ការចេញ-ចូលដោយ​មូលហេតុ​សុខភាព​បន្ទាន់ ផ្ដល់​វត្ថុសំណាក​ធ្វើតេស្តរកជំងឺ​កូវីដ-១៩​តាម​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ការវិលត្រឡប់​ទៅលំនៅឋានបន្ទាប់ពី​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក និងអ្នកជំងឺចេញពី​មន្ទីរពេទ្យ ជាដើម។

បន្ថែមពីនេះ ការចេញ-ចូល​និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច​ ដើម្បី​អនុវត្តវិធានការ​សុខាភិបាលនិង​ផ្គត់ផ្គង់​គ្រឿង​ឧបភោគបរិភោគចាំបាច់​ និង​ការចេញ-ចូល​និងការជួបជុំ​របស់​អាជ្ញាធរ​មានសមត្ថកិច្ចនិង​កម្លាំង​គណៈបញ្ជា​ការឯកភាព​រដ្ឋ​បាល​គ្រប់​លំដាប់ថ្នាក់ ក៏ត្រូវបានអនុញ្ញាតដែរ​​។

រដ្ឋបាលរាជធានីភ្នំពេញ បន្តថា៖ «បុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលមិន​អនុវត្តតាម​ប្រការ២នៃសេចក្ដីសម្រេចនេះ នឹងត្រូវកសាង​សំណុំរឿងបញ្ជូន​ទៅស្ថាប័ន​តុលាការ ដើម្បី​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារនិង​ពិន័យ​ជាប្រាក់​ស្របតាម​មាត្រា១០ និង​មាត្រា១១ នៃ​ច្បាប់​ស្ដីពី​វិធាន​ការទប់ស្កាត់​ការឆ្លង​រាលដាលនៃ​ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លងកាចសាហាវ និង​ប្រកបដោយគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗទៀត​ និង​លិខិត​បទដ្ឋាន​គតិយុត្តពាក់​ព័ន្ធជា​ធរមាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ