ឈ្មួញ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ការ​ខាតបង់​ ខណៈ​ថៃ​និង​វៀតណាម​បន្ត​​បិទ​មិន​ឱ្យ​នាំ​ទំនិញ​ចូល​

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ត្រូវបានបើកឱ្យដំណើរការឡើងវិញ ក្រោយការរឹតបន្ដឹងលើចំណុចមួយចំនួនរវាងកម្ពុជានិងថៃ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ក្រុមឈ្មួញមួយចំនួនដែលនាំទំនិញនិងផ្លែឈើទៅ​លក់​នៅ​ប្រទេស​ជិត​ខា​ង បន្ត​​ត្អូញត្អែរពី​ការខាត​បង់ប្រាក់និងខូចខាតទំនិញ ខណៈប្រទេសថៃនិងវៀតណាមនៅបន្តបិទ​មិន​ឱ្យពួកគេ​នាំទំនិញ​ទាំង​នោះ​ចូល​ប្រទេសរប​ស់ពួកគេ។

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រុមឈ្មួញជាច្រើននាក់ដែលនាំចេញផ្លែមៀនប៉ៃលិនពីកម្ពុ​ជាទៅថៃ បាន​នាំគ្នាតវ៉ាមុខច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង ដើម្បីសុំទៅអាជ្ញាធរកម្ពុជាឱ្យជួយសម្រួលជាមួយអាជ្ញាធរ​ថៃ ដោយធ្វើយ៉ាងណាឱ្យពួកគេអាចនាំទំនិញចូលប្រទេសនេះបាន ខណៈវៀតណាមក៏បានបិទច្រកមួយចំនួនមិនឱ្យឈ្មួញខ្មែរនាំទំនិញចូលផងដែរ ក្រោមហេតុផលការពារជំងឺកូវីដ-១៩។

លោក ឌីន ដែន ជាឈ្មួញកណ្តាលម្នាក់ដែលនាំយកទំនិញកសិផលផ្លែមៀនប៉ៃលិនទៅលក់ឱ្យក្រុមចិននៅប្រទេសថៃ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា រយៈពេលជិត១សប្តាហ៍ហើយដែលថៃបានបិទមិនឱ្យពួកគាត់នាំមៀនចូលប្រទេសថៃ ហើយបានធ្វើឱ្យពួកគាត់ខូចខាតផ្លែមៀន​អស់​រាប់​រយ​តោននិងខាតលុយ​រាប់​ម៉ឺនដុល្លារ។ លោកថា បច្ចុប្បន្ន ក្នុ​ងមួយថ្ងៃ មៀនកម្ពុជាត្រូវចេញទៅថៃជាង១០០តោន ដោយក្នុ​ងមួយតោនតម្លៃ១ ០០០ដុល្លារ។

ឈ្មួយកណ្តាលរូបនេះបានអំពាវនាវដល់អាជ្ញាធរកម្ពុជាជួយសម្រួលជាមួយអាជ្ញាធរថៃ ដោយធ្វើយ៉ាងណាឱ្យពួកគេអាចនាំចេញផ្លែមៀនទៅឱ្យ​ក្រុមហ៊ុនចិននៅប្រទេសថៃឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយការ​​ខាត​បង់​របស់​ពួកគេកាន់តែច្រើនជាងនេះ។

លោកបន្ថែមថា៖ «ខែក្រោយចូលខែ៩ហ្នឹង ងាប់មែនហើយ! ពីព្រោះខែ៩ហ្នឹង មៀនប្រហែល៣០០ទៅ៥០០​តោន​ក្នុង​មួយ​ថ្ងៃ។ អ៊ីចឹង​ខ្ញុំចង់ឱ្យអាជ្ញាធរយើងពន្លឿនក្នុងការចរចាជាមួយអាជ្ញាធរថៃ ដើម្បីជួយដោះស្រាយរឿងនេះ»

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ មានប្រសាសន៍ថា បញ្ហាថៃបិទមិនឱ្យឈ្មួញខ្មែរនាំមៀនចូលប្រទេសរបស់គេនោះ គឺពិបាកក្នុងការដោះស្រាយបន្តិច ដោយសារតែការរកស៊ីនោះ​មិនបានចុះកិច្ចព្រមព្រៀងគ្នារវាងប្រទេសទាំងពីរទេ។ លោក​ថា ករណីថែបិទនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែអាជ្ញាធរខេត្តនិងអាជ្ញាធរពាក់ព័ន្ធនឹងព្យាយាមទាក់ទង​ភាគីថៃ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហានេះ។

លោកបន្ថែមថា៖ «ពាក្យថា “សម្របសម្រួលអត់គោលការណ៍” មិនដឹងថា ខាងនោះគេទទួលយកអត់! អានេះគេអ្នកបិទ មិនមែនយើងអ្នកបិទទេ មានន័យថា ថៃគេមិនឱ្យចូលស្រុកគេ។ អ៊ីចឹងយើងមិនដឹងដោះយ៉ាងម៉េច ចាំមើលសិន»

លោក តឹង យិន នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដែលជាឈ្មួយនាំទំនិញពីកម្ពុជាទៅប្រទេសវៀតណាម ឱ្យដឹង​ដែរ​ថា ទំនិញកម្ពុជាបាន​និងកំពុងបន្តកកស្ទះយ៉ាងច្រើននៅច្រកព្រំដែនតន់ហន់ និង​ច្រកព្រែកចាក ដោយសារវៀតណាមបិទមិនឱ្យចូល ប៉ុន្តែសម្រាប់ទំនិញរបស់វៀតណាមនៅតែបន្តនាំចូលកម្ពុជាដោយសេរី។

លោក តឹង យិន ដែលជាអ្នកនាំបង្គារនិងបង្កងទៅវៀតណាម អះអាងថា វៀតណាមបានបិទមិនឱ្យឈ្មួញកម្ពុជានាំទំនិញចូលវៀតណាមតាំងពីថ្ងៃទី១៨ ខែកក្ក​ដា ឆ្នាំ២០២១ រហូតមកពេលនេះមិនទាន់បើកវិញ​ទេ ដែលបណ្តាលឱ្យពួកគាត់កកស្ទះទំនិញនិងខាតបង់ប្រាក់​​ជា​ច្រើនផងដែរ។

លោកបន្ថែមថា៖ «អីវ៉ាន់ខ្មែររកបាន លក់អត់ចេញ! ហើយអីវ៉ាន់វៀតណាម ឱ្យគេនាំចូល។ វៀតណាមវាបិទមិនឱ្យយើងចូលសោះ។ បើសិនជាស្ថានភាពកូវីដហ្នឹងកើតឡើងអ៊ីចឹង យើងត្រូវបិទទាំងសងខាង ឱ្យប្រជាពលរដ្ឋវាផ្ទុះការតវ៉ាដូចគ្នា ថាតើវាយ៉ាងម៉េច»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តកំពត លោក ជាវ តាយ និងអ្នកនាំពាក្យរដ្ឋបាល​​ខេត្តកំពត លោក ភូ លិ បានទេ នៅថ្ងៃចន្ទនេះ។

ប៉ុន្តែលោក ភូ លិ ប្រាប់ វីអូឌី​ កាលពីចុងសប្តាហ៍មុនថា លោកបានឱ្យអាជ្ញាធរស្រុកសុំគោលការណ៍ពីថ្នាក់ខេត្ត ដើម្បីដោះស្រាយបញ្ហានេះហើយ។

ពាក់ព័ន្ធករណីនេះ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានជំរុញទៅរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវសម្របសម្រួលចរចាជាមួយប្រទេសជិតខាង ដោយធ្វើយ៉ាងណាឱ្យកសិករឬឈ្មួញកម្ពុជាអាចនាំកសិកផលរបស់ខ្លួនទៅលក់នៅលើទីផ្សាររបស់ប្រទេសទាំងនោះដោយស្មើភាពគ្នា ខណៈទំនិញរបស់ប្រទេសជិតខាងទាំងនោះបាននាំចូលមកកម្ពុជាដោយសេរី ប៉ុន្តែទំនិញរបស់កម្ពុជាបែរជាមិនអាចនាំទៅត្រឡប់ទៅវិញបាន។

លោកបន្តថា ការអនុញ្ញាតឱ្យទំនិញឬផលិតផលរបស់ប្រទេសជិតខាងនាំចូលបាន ប៉ុន្តែទំនិញឬផលិតផល​របស់​​កសិករ​ខ្មែរមិនអាចនាំចេញទៅប្រទេសជិតខាងបាននោះ ជារឿងអយុត្តិធម៌មួយសម្រាប់ប្រជាពលរដ្ឋខ្មែរ។

លោកបន្ថែមថា៖ «ដើម្បីធានាបានភាពយុត្តិធម៌ទាំងអស់គ្នាក្នុងការចេញចូលនៃទំនិញ ប្រសិនជាយើងបើកឱកាសឱ្យនាំចូលផលិតផលទំនិញ ប៉ុន្តែយើងមិនមានលទ្ធភាពក្នុងការចរចា វាហាក់បីដូចជាយើងចាញ់ប្រៀបគេ។ អ៊ីចឹងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់នូវអត្ថប្រយោជន៍ ហើយប្រឈមនឹងបញ្ហា ហើយប្រជាពលរដ្ឋច្បាស់ណាស់ថា នឹងស្តីបន្ទោសទៅលើសមត្ថភាព ក៏ដូចជាការធ្វើការងាររបស់អាជ្ញាធររដ្ឋ ទាក់ទងនឹង​ការផ្តល់សេវាសាធារណៈ និងការសម្រួលសម្រួលរកទីផ្សារលក់ទំនិញ និងស្វែងរកដំណោះស្រាយជូនពួកគាត់ហ្នឹង»

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ឈ្មួញឱ្យបង្វែរទីផ្សារពីការនាំចេញផ្លែមៀនប៉ៃលិន ឬតាងែន ពីប្រទេសថៃទៅកាន់ប្រទេសវៀតណាមវិញ ក្រោយថៃបិទច្រកព្រំដែនមិនឱ្យនាំចូលផ្លែឈើនេះទៅប្រទេសរបស់ខ្លួន ខណៈដែលច្រកព្រំដែនមួយចំនួនក៏វៀតណាមបិទមិនឱ្យឈ្មួញកម្ពុជានាំទំនិញចូលដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ