កម្ពុជា​បរិច្ចាគ​​ប្រាក់​​២០​​ម៉ឺន​ដុល្លារ​​និង​​បរិក្ខារ​ពេទ្យ​​​​ដល់​​​មីយ៉ាន់ម៉ា​​ដើម្បី​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ជំងឺ​​កូវីដ-១៩

មន្ត្រី​ជាន់ខ្ពស់​មីយ៉ាន់ម៉ា​តំណាង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ទទួលអំណោយ​ម៉ាស​ជាង២លាន​និង​បរិក្ខារ​ពេទ្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បរិច្ចាគប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ ​និងឧបករណ៍វេជ្ជសាស្ត្រ​មួយចំនួនបន្ថែមទៀត ដល់​​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​ក្នុងប្រទេសនោះ។

យោងតាមលិខិតរបស់​នាយករដ្ឋមន្រ្ដីកម្ពុជា លោក​​ ហ៊ុន សែន​ ផ្ញើជូន​ប្រធានក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋនៃសាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ា លោក មីង អោងឡាំង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បាន​លើកឡើងថា ក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជានិងមីយ៉ាន់ម៉ា កម្ពុជាសម្រេចឧបត្ថម្ភជាសាច់​ប្រាក់​ចំនួន២០ម៉ឺនដុល្លារ​អាមេរិក បន្ថែមពីលើការសន្យា​របស់​កម្ពុជាដែលឧបត្ថម្ភ​​ទឹកប្រាក់ចំនួន១០​ម៉ឺន​ដុល្លារ សម្រាប់ជំនួយ​មនុស្ស​ធម៌អាស៊ាន ជួយដល់​ប្រទេសមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​សម្រប​សម្រួល​​ជំនួយ​មនុស្ស​ធម៌។

លិខិតដដែលបន្តថា កម្ពុជា​ក៏​បរិច្ចាគ​នូវ​ឧបករណ៍​វេជ្ជសាស្រ្ត​មួយចំនួនផងដែរ រួមមាន ម៉ាស់​ចំនួន​៣​លាន​ តេស្តរហ័សចំនួន​៥០០ ០០០គ្រឿង សម្លៀកបំពាក់​សុវត្ថិភាព (PPE) ចំនួន​២ ០០០ឈុត ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ស្វ័យ​ប្រវត្តិចំនួន​១០០​គ្រឿង ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​ចំនួន២០​គ្រឿង និង​ម៉ាស៊ីន​តាម​ដាន​សញ្ញាជីវិត​ចំនួន​២០​គ្រឿង​។

លោក ម៉ម​ ប៉ុនហេង រដ្ឋមន្រ្ដីក្រសួង​សុខាភិបាលកម្ពុជា និងជា​ប្រធាន​គណៈ​កម្មាធិការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នឹង​ដឹកនាំ​គណៈ​ប្រតិភូមួយក្រុមដើម្បី​ប្រគល់​ជូន​អំណោយ​ទាំងនេះ តាម​ជើង​ហោះហើរ​ពិសេស​ដែលនឹង​ត្រូវ​រៀប​ចំឡើង​ទៅ​ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ក្នុង​​​ពេល​ឆាប់ៗនេះ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏បាន​បង្ហាញការ​​ជឿជាក់​ថា ជាមួយ​នឹង​កិច្ច​ខិតខំប្រឹង​ប្រែង​រួមគ្នា​នេះ ប្រទេសទាំងពីរ​នឹង​យកឈ្នះ​លើ​ជំងឺ​រាតត្បាត​សកលនេះ​ទាំងស្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ