អូស្ត្រាលី​​​​គាំទ្រ​​កម្ពុជា​​ក្នុង​​ការ​ធ្វើ​​ប្រធាន​​នៃ​​កិច្ច​​ប្រជុំ​​កំពូល​​អាស៊ាន​នា​ពេល​ខាង​មុខ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជា ក្នុងជំនួបកិច្ចពិភាក្សានិងសម្ដែងការគួរសមរវាងប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាល​អូស្ត្រាលី​ ប្រកាសគាំទ្រ​កម្ពុជា​​ក្នុង​ការ​ធ្វើ​ជា​ប្រធា​ននៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នាពេល​ខាង​មុខ​ និង​បន្ត​​​គាំទ្រ​ផ្នែក​​បច្ចេកទេសនិង​ហិរញ្ញវត្ថុ​សម្រាប់​កិច្ច​អភិវឌ្ឍន៍នៅ​កម្ពុជា​ស្ទើរគ្រប់វិស័យ​។

ការប្រកាសនេះធ្វើឡើង​នៅក្នុង​ជំនួប​​​ពិភាក្សា​ការងាររវាង​លោក​ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋ​មន្រ្ដី​ រដ្ឋ​មន្រ្ដី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ជាមួយ​លោក Pablo Kang ឯក​អគ្គ​រាជ​ទូត​នៃ​ប្រទេស​អូស្រ្ដាលី​ប្រចាំ​ប្រទេសកម្ពុជា តាមរយៈ​​ប្រព័ន្ធ Video Conference​ កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១។

យោង​តាម​សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើងថា ក្នុងជំនួប​នោះ លោក​ឯ​កអគ្គរាជ​ទូត​អូស្រ្ដាលី​បាន​លើ​កឡើង​នូវ​​សំណើគាំទ្រ​ដល់​កម្ពុជា​លើ​កិច្ច​ការ​មួយចំនួន​បន្ថែម​ទៀត រួមមាន​ ការ​សិក្សា​បុរេសមិទ្ធិ​ក្នុង​ការបង្កើត​សួន​កសិ-ឧស្សាហកម្ម​ កម្មវិធី​ពន្លក​ចំណេះ ​និង​ការ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជាប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ពេល​ខាង​មុខ​នេះ។

សេចក្ដី​ប្រកាសព័ត៌មាន​ដដែលបន្ត​ថា ​អូស្រ្ដា​លី​ក៏នឹងបន្តជួយ​កម្មវិធីអភិវឌ្ឍន៍៥ឆ្នាំ​បន្ទាប់ ដែលមាន​​​ថវិកា​ប្រមាណ៩០លានដុល្លារ​អូស្រ្ដាលី​ សម្រាប់​វិស័យ​​អាទិភាព​សំខាន់ៗមួយចំនួនផង​ដែរ។

​ជាការឆ្លើយតប លោក​ អូន ព័ន្ធ​មុនី​រ័ត្ន​ ​បាន​សម្ដែង​នូវ​ក្ដីរីករាយ​និង​ការ​គាំទ្រ​ចំពោះ​សំណើបន្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុនិង​បច្ចេកទេសបន្ថែមដល់​កម្ពុជា និង​កម្មវិធី​អភិវឌ្ឍន៍​ក្នុង​ជំហាន​បន្ទាប់​ ពីសំណាក់​រដ្ឋាភិបាល​អូស្ត្រាលី។ យ៉ាងណា លោក​ក៏បាន​បញ្ជាក់ថា អាទិភាព​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ផ្ដោត​សំខាន់នោះ រួមមាន ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​ជំងឺ​កូវីដ-១៩ និង​ការ​កសាង​សមត្ថភាព​កម្ពុជា ដើម្បី​អាច​រស់​នៅ​ជាមួយ​ជំងឺ​កូវីដ-១៩​ ក្នុង​រយៈ​ពេល​មធ្យមនិង​វែង។

បន្ថែមពីនេះ​ លោកថា អំឡុងពេលនេះ​ រាជរដ្ឋា​ភិបាលកម្ពុជា​ក៏កំពុង​រៀបចំ​ផែនការ​ស្ដារ​សេដ្ឋ​កិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូវីដ-១៩ ដោយ​ផ្ដោត​លើ​គោលការណ៍​គន្លឹះ​ចំនួន៣ រួមមាន ការងើបឡើងវិញ កំណែទម្រង់ និង​ភាពធន់ (៣Rs) ក្នុ​ងការ​គាំទ្រ​វិស័យ​អទិភាពជាច្រើន ជាពិសេស​វិស័យ​ដែល​រង​ផលប៉ះ​ពាល់​ខ្លាំង​ដោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។ ជាមួយ​គ្នា​នេះ លោកថា ជំនួយ​ហិរញ្ញវត្ថុនិង​បច្ចេក​ទេស​របស់​រដ្ឋា​ភិបាល​អូស្រ្ដាលី​ មាន​លក្ខណៈ​ស្របគ្នា​ទៅ​នឹង​អាទិភាព​គោលនយោបាយ​របស់​រដ្ឋាភិបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ