ពលរដ្ឋ​​ថា​ អាជ្ញាធរ​ខណ្ឌ​ទួលគោក​ផ្អាក​ការ​រុះរើ​របង​និង​ផល​ដំណាំ​បន្ទាប់​ពី​ជួប​ចរចា​គ្នា

ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ផ្លូវមួយខ្សែដែលត្រូវបានពលរដ្ឋអះអាងថា អាជ្ញាធរធ្លាប់កាត់ឆ្វៀលមកធ្វើការអភិវឌ្ឍតាមគោលនយោបាយរដ្ឋាភិបាល។ (Danielle Keeton-Olsen)

ពលរដ្ឋមួយចំនួន​នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ អះអាងថា អាជ្ញាធរ​បាន​ផ្អាកការ​​​រុះរើរបងផ្ទះនិងផលដំណាំរបស់ពួកគេ ក្រោយពីបានជួបប្រជុំជាមួយ​ពលរដ្ឋ​កាល​ពីថ្ងៃ​​ម្សិលមិញ ប៉ុន្តែ​ពួកគេនៅតែព្រួយបារម្ភខ្លាចអាជ្ញាធរមិនគោរពតាមការសន្យារបស់ខ្លួន។

ការអះអាងរបស់ប្រជាពលរដ្ឋ ចំថ្ងៃដែលអាជ្ញាធរខណ្ឌទួលគោក​ដាក់​ឱសាន​វាទឱ្យពួកគេរុះរើ​របង​និង​ដំណាំ​នៅថ្ងៃទី១៩ ខែសីហានេះ និងបានព្រមានចុះអនុវត្តតាមច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់ទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំងនោះផងដែរ។

ពលរដ្ឋម្នាក់រស់នៅភូមិ១៤ លោក សំ ចំរ៉ុង ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាពលរដ្ឋយល់​ព្រមបើកផ្លូវឱ្យអាជ្ញាធរធ្វើផ្លូវនិងស្ដារប្រឡាយ ប៉ុន្តែមិនអនុញ្ញាតឱ្យរុះរើរបងផ្ទះនិងផលដំណាំឡើយ ដោយទាមទារឱ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិជូនពលរដ្ឋ​ជាមុន។ លោកបន្តថា ការយល់ព្រមរបស់ប្រជាពលរដ្ឋនេះ បន្ទាប់ពីអាជ្ញាធរបានហៅពួកគាត់ទៅជួបនៅខណ្ឌទួលគោក កាលពីថ្ងៃ​ម្សិលមិញ ដើម្បីស្វែងរកដំណោះស្រាយ។

លោកថា៖ «ពេល​ប្រជុំ យើងបាននិយាយអស់ហើយ គេ [អាជ្ញាធរ] ក៏បានធ្វើតាមសំណូមពរយើងដែរ។ ​យើងត្រូវដោះស្រាយតាមវិធីឈ្នះៗទាំងអស់គ្នា។ វាមិនទាន់ចប់ទេ! ប៉ុន្តែយើងសុំ​ឱ្យគេយកតាមសំណូមពរយើង ​ទៅដល់ថ្នាក់លើសាលាក្រុងអ៊ីចឹង។ ពួកខ្ញុំជួយឱ្យប្រឡាយផ្លូវមុខ គឺឱ្យធ្វើ ឱ្យរដ្ឋកសាង! សុំតែកណ្ដាលទេ! អ៊ីចឹងយកពាក្យទៅពិភាក្សាសាលាក្រុង»។

បុរសវ័យ​៥៧​ឆ្នាំរូបនេះបន្តថា ទោះបីជាអាជ្ញាធរអះអាងថា​មិនរុះរើផ្ទះប្រជាពលរដ្ឋក៏​ដោយ ប៉ុន្តែពួកគាត់នៅតែព្រួយបារម្ភ ដោយខ្លាចអាជ្ញាធរមិនគោរពតាមការសន្យាឬការព្រមព្រៀងជាមួយប្រជាពលរដ្ឋ។ 

លោកថា៖ «អ៊ីចឹងព្រួយបារម្ភ ចេះតែព្រួយហើយ! ប៉ុន្តែប្រជាជននៅការពារហ្នឹងរហូត! បើហ៊ានប៉ះអ្វីហួសកំណត់​ដែលអ្វីប្រជាជនឱ្យនោះ ​ប្រជាជននឹងដុតកង់ឡាននិងដុតគ្រឿងចក្រហ្នឹង​មិនឱ្យឈូសឆាយ ប្រើអំពើហិង្សា មានតែប៉ុណ្ណឹង»។

អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន មានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងនោះ​បានចូលកាន់កាប់​ដីអា​ងស្តុក​ទឹក ប៉ុន្តែអាជ្ញាធរបានដោះស្រាយហើយ ​​តែចំពោះព័ត៌មានលម្អិត លោក​បង្វែរឱ្យទៅសួរខាងចៅសង្កាត់បឹងកក់១​វិញ។

លោកថា៖ «គេបានដោះចប់ហើយ ប្រជាជនឈប់តវ៉ាហើយ! នៅតែបងតើអ្នកសួរ! ​តើបងចុះទៅជួបអ្នកស្រុកនៅ? បងសួរទៅសង្កាត់ [មើលតាម]លិខិតហ្នឹង លិខិតជូនដំណឹងរបស់សាលា​សង្កាត់ បងអានឱ្យច្បាស់»។

ចៅសង្កាត់​បឹង​កក់​ទី​១ លោក វ៉ិត​ ដារិទ្ធ មានប្រសាសន៍ថា អាជ្ញាធរបានសម្របសម្រួល ហើយកំពុងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ។

លោកថា៖ «ពាក់ព័ន្ធនឹងកិច្ចការងារហ្នឹង ដើម្បីឱ្យបងប្អូន​ចង់រៀបចំអាហ្នឹង ដើម្បីឱ្យរាជរដ្ឋាភិបាល​​ ក៏ដូចជាក្រុមការងារសាលារាជធានីភ្នំពេញ​ សុំប្រទានកម្ម ដើម្បីធ្វើការរៀបចំ​តំបន់នេះជាតំបន់អភិវឌ្ឍន៍ ​ឱ្យបងប្អូន​រស់នៅនោះទាំងអស់គ្នា ​ទាំងតូចទាំងធំត្រូវចេះចែករំលែក ធ្វើម៉េចឱ្យ​មាន​​ប្លង់កម្មសិទ្ធិទាំងអស់គ្នា។ ទី២ ​ឥលូវនេះ យើងបានគូសចេញជាប្លង់​ដោយមានការឯកភាព​គ្នាពីសាលារាជធានី​ភ្នំពេញ មន្ទីរជំនាញ ហើយបងប្អូនមួយចំនួនបានផ្ដិតមេដៃសុំ​ប្លង់កម្មសិទ្ធិហើយ តែប៉ុណ្ណឹង»។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាល​ខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹងមួយដោយ​តម្រូវ​ឱ្យប្រជាពលរ​ដ្ឋ​ប្រមាណ៦០គ្រួសារ រស់នៅតំបន់អាងស្ដុកទឹកទួលគោកទី២ និង​តាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុង​ភូមិ​១៤ សង្កាត់​បឹង​កក់​ទី​១ ត្រូវប្រញាប់ដករបងនិងដើមចេកចេញ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហានេះ។

សេចក្តីជូនដំណឹងនោះ​បញ្ជាក់ថា អាជ្ញាធរខណ្ឌ​​យកទីតាំងដីនោះ​ធ្វើការអភិវឌ្ឍ​​នៅនឹង​កន្លែង ទៅតាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដោយរៀបចំធ្វើបណ្ណកម្មសិទ្ធិជូនពលរដ្ឋដែលមានទទឹង៤ម៉ែត្រនិងបណ្ដោយ១០ម៉ែត្រសម្រាប់គ្រួសារនីមួយៗ។

អ្នកសម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស របស់​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត​ ជំរុញឱ្យអាជ្ញាធរពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់ជម្លោះនិងកុំឱ្យកើតមានអំពើហិង្សានៅថ្ងៃក្រោយ។

លោកថា៖ «រហូតមកដល់បច្ចុប្បន្ននេះ គោលការណ៍របស់រាជរដ្ឋាភិបាលគឺពន្លឿនការចុះបញ្ជីដីធ្លីនិងផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ​ ដើម្បីកាត់បន្ថយជម្លោះ ដើម្បីចៀសវាងកុំឱ្យមានជម្លោះបន្តទៀត។ អាហ្នឹងជារឿងមួយដែលអាជ្ញាធរគួរព​ន្លឿន​យន្តការក្នុងការផ្ដល់បណ្ណកម្មសិទ្ធិ​ដល់ពួកគាត់។ ទី២ បើសិនជាពន្យារបន្តទៀត វាជាការធ្វើឱ្យអាជ្ញាធរមានការលំបាកទៅវិញ​ទេ ​និងរវល់ ហើយវាអត់បានផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ​សម្រាប់ភាគីទាំងសង​ខាង»។

បើតាមពលរដ្ឋរស់នៅភូមិ១៤ លោក សំ ចំរ៉ុង អះអាងថា ប្រជាពលរដ្ឋ៦០គ្រួសារនឹងមិនចាកចេញពីដីដែលកំពុងរស់នៅបច្ចុប្បន្ន ដោយសារ​ពួកគេទាំងអស់គ្នាបានរស់នៅ​​យូរឆ្នាំមកហើយ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ