រដ្ឋា​ភិបាល​​​ផ្អាក​​​ការ​ជ្រើស​រើស​​ក្រប​ខណ្ឌ​​​មន្រ្តី​​ថ្មី​​​គ្រប់​ក្រសួង​​-​ស្ថាប័ន​​ឆ្នាំ​​២០២២​​ លើក​លែង​​ក្រសួង​​សុខា​ភិបាល​

ទិដ្ឋភាពនៅពីមុខក្រសួងមុខងារសាធារណៈ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រាជរដ្ឋាភិបាលសម្រចផ្អាក​ការ​ជ្រើសរើស​​មន្រ្តីថ្មីចូលក្របខណ្ឌការងារ​នៅ​​​គ្រប់​​ក្រសួង-ស្ថាប័នសម្រាប់​​ឆ្នាំ២០២២ លើក​លែង​តែ​​ក្រសួង​សុខាភិបាលមួយប៉ុណ្ណោះ ក្រោយ​មាន​ការ​អូស​បន្លាយ​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩​។

នៅក្នុងលិខិត​របស់​លោក ​អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋ​មន្រ្ដី​ រដ្ឋ​មន្រ្ដី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ផ្ញើជូន​រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះ​​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០២១នេះ បាន​លើកឡើងថា ក្នុង​បរិការណ៍នៃ​ការ​អូស​បន្លាយ​​វិបត្តិ​ជំងឺ​កូវីដ-១៩​ ពិសេស​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ និងចំណាររបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានសម្រេច​ផ្អាក​ជ្រើសរើស​​ក្រប​ខណ្ឌ​​មន្រ្ដី​ថ្មី​​គ្រប់​ក្រសួង​-ស្ថាប័ន​ រួមមាន ​​គ្រូបង្រៀន កងកម្លាំង​​ប្រដាប់​​អាវុធគ្រប់​ប្រភេទ​ និ​ងរដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ លើកលែង​តែ​ក្រសួង​សុខាភិបាល​។​​

ការសម្រេចផ្អាកជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួង-ស្ថាប័នឆ្នាំ២០២២នេះ ធ្វើឡើង​ស្របគ្នា​នឹងការព្យាករអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត​នៅក្នុងឆ្នាំ២០២១នេះ ដោយសារវិបត្តិកូវីដ-១៩អូសបន្លាយយូរ។

​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី១៧ ខែសីហា បានថ្លែងក្នុង​​សិក្ខាសាលាមួយ​ថា តាមការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ អាចសម្រេចបានត្រឹមតែ២,៤ភាគរយ​តែប៉ុណ្ណោះ ពោលគឺទាបជាងការព្យាករកាលពីដើមឆ្នាំ ដែលមានដល់៤ភាគរយ។

លោក អូន ព័ន្ធមុនីរ័ត្ន បន្តថា ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍បានបន្ទច់បង្អាក់យ៉ាងខ្លាំងដល់សកម្មភាពពាណិជ្ជកម្ម ដែលធ្វើឱ្យវិស័យទេសចរណ៍ វិស័យលក់ដូរ លក់ដុំ លក់រាយ ដែលជាសកម្មភាពប្រើប្រាស់ក្នុងស្រុក វិស័យសំណង់ និងអចលនទ្រព្យ បន្តធ្លាក់ចុះយ៉ាងគំហុក៕   

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ