មន្ត្រី​ជំនាញ​ខេត្ត​បន្ទាយ​មានជ័យ​​បង្ក្រាប​​​អាល់កុល​ក្លែងក្លាយ​ជិត​១​តោន​

មន្ត្រី ក.ប.ប ប្រចាំខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបអាល់កុលក្លែងក្លាយ​ (មេតាណុល)​ ប្រមាណជិត​១តោន​​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ​(ក.ប.ប) ប្រចាំខេត្តបន្ទាយមានជ័យ បាន​បង្ក្រាបករណី​អាល់កុលក្លែងក្លាយ ឬមេតាណុល ជិត១តោន ដែលដឹកជញ្ជូនតាមរថយន្តក្រុងកាពីតូល ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត។

ប្រធានសាខា ក.ប.ប ប្រចាំ​​ខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុទ្ធ បានលើកឡើងនៅថ្ងៃ​សុក្រនេះ​ថា អាល់កុលក្លែងក្លាយ ឬមេតាណុល ដែលមន្ត្រីជំនាញ​ដកហូត​បានកាល​ពី​ថ្ងៃ​​ម្សិល​​មិញ​នោះ មាន​បរិមាណ៩៦០លីត្រ មាន​ប្រភពដឹកចេញពី​ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ ទៅកាន់ក្រុង​ប៉ោយប៉ែត តាមរថយន្ត​ក្រុងកាពីតូល។

តែយ៉ាងណា លោកថា មន្ត្រីជំនាញកំពុងតាមរក​អត្តសញ្ញាណម្ចាស់មេតាណុល​នេះ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​។

លោកមានប្រសាសន៍ថា៖ «ខ្ញុំទើបតែវិភាគបឋមលើកទី១ចប់ វិភាគ​មន្ទីរ​ពិសោធន៍​ខ្នាតតូចរបស់ខ្ញុំ [បើតាម​លទ្ធផល] ៩៦០លីត្រហ្នឹង សុទ្ធតែជាអាល់កុលក្លែងក្លាយទាំងអស់ ប៉ុន្តែខ្ញុំអត់ទាន់ចាត់វិធានការទេ​ ទាល់តែបានលទ្ធផលពីមន្ទីរពិសោធន៍​ខ្នាតធំ​នៅភ្នំពេញមួយ​ទៀត បានខ្ញុំចាត់វិធានការដើម្បីធ្វើកិច្ចការងារបន្ត»។

បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​ ក្នុងរយៈពេល​៥ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរឹបអូសនិងបំផ្លាញ​​​ចោលនូវមេតាណុល​ដែល​បន្លំថា​ជាអាល់កុល​ចំនួន១០៦​​តោន បង្គារ​ចាក់​ចាហួយ​ចូលចំនួន​២០​តោន និង​​រឹបអូសនូវសម្ភារ​ក្លែងក្លាយឬគ្មានគុណភាពតាមស្តង់ដារបានជាង៣០០​តោន​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ