រដ្ឋា​ភិបាល​​បន្ត​ណែនាំ​ឱ្យ​ពង្រឹង​វិធាន​ការ​​ទប់ស្កាត់​ ខណៈ​ជំងឺ​កូវីដ-១៩​បំប្លែង​ថ្មី​កំពុង​ឆ្លង​រាល​ដាល​ខ្លាំង

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ អំឡុងខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំទៅអាជ្ញាធរឱ្យបន្តពង្រឹងវិធានការ​ទប់ស្កាត់កូវីដ-១៩បំប្លែង​ថ្មីប្រភេទ “​ដែលតា” បើទោះបីជារដ្ឋាភិបាល​សម្រេចបញ្ចប់​យុទ្ធនាការ​ពង្រឹងវិធានការ​ប្រយុទ្ធនិងទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺនេះនៅទូទាំងប្រទេស​ក្រោយ​អនុវត្តបាន២១ថ្ងៃ។

ក្នុងសេចក្ដីណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា ការវិវត្ត​សភាពការណ៍ក្នុងរយៈពេល​២សប្តាហ៍ចុងក្រោយនេះ បង្ហាញថា អត្រានៃការ​ឆ្លងរាល​ដាល​​ជំងឺ​កូវីដ-១៩ក្នុងសហគមន៍ និង​អត្រាអ្នក​ជំងឺក្នុងកម្រិតមធ្យម ក៏ដូចជា​​អ្នក​ស្លាប់​ដោយ​សារ​​ជំងឺនេះ មាន​និន្នា​ការ​​ថេរ ហើយ​អត្រាអ្នកជាសះស្បើយ​ក៏មានការកើនឡើង បើទោះជាវីរុសកូវីដ-១៩ប្រភេទ “ដែលតា” មាន​ការ​​ឆ្លង​រាលដាលកើនឡើងដល់២៣រាជធានី-ខេត្តក៏ដោយ។

ករណីនេះ លោកថា រដ្ឋាភិបាលសម្រេចបិទបញ្ចប់​ការអនុវត្តយុទ្ធនាការ​ពង្រឹងវិធានការ​ប្រយុទ្ធនិង​ទប់​ស្កាត់​​ការ​ឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្រោយ​អនុវត្ត​បាន​២១ថ្ងៃ​កន្លង​មក។​  

ទោះយ៉ាងណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បន្តណែនាំ​ដល់បណ្តាគណៈអភិបាល​រាជធានី-ខេត្ត​ ត្រូវប​ន្ត​ការអនុវត្ត​នូវការរឹតបន្តឹង​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និងវិធានការ​ច្បាប់​ ដោយ​ផ្អែក​តាម​សភាព​ការណ៍ជាក់ស្តែង​នៃជំងឺនេះ នៅក្នុងភូមិសាស្ត្រ​រាជធានី-ខេត្តរបស់​ខ្លួន ក្រោម​ការសម្រប​សម្រួល​របស់​គណៈប្រតិបត្តិ​គណៈកម្មការ​អន្តរ​ក្រសួង និងអនុគណៈកម្មការ​ដែលមានការពាក់ព័ន្ធ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងនៅក្នុងសេចក្ដីណែនាំបន្តថា ការបន្តពង្រឹងវិធានការនេះ ខណៈដែលកម្ពុជារកឃើញមេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta) ជាបន្តបន្ទាប់ និងនៅស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស ហើយ​លទ្ធភាពនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៅពេលខាងមុខនៅបន្តជាបញ្ហាប្រឈម​ចំពោះមុខ​ដែលគួរឱ្យ​ព្រួយបារម្ភសម្រាប់កម្ពុជា។ 

កាលពីថ្ងៃទី១៩ ខែសីហា ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏​បានចេញសេចក្ដីណែនាំមួយដោយបញ្ជាក់​ថា អាជ្ញាធរសម្រេចបិទបញ្ចប់បម្រាមគោចរចន្លោះម៉ោង២១យប់​ដល់ម៉ោង៣ទៀបភ្លឺ ចាប់ពីថ្ងៃទី២០ ខែ​សីហា​នេះដែរ​  ប៉ុន្តែវិធានការរដ្ឋបាលផ្សេងៗទៀតនៅរក្សាដដែល។

រដ្ឋបាល​រាជធានីភ្នំពេញ បញ្ជក់ថា ទោះបីជារដ្ឋាភិបាលបិទបញ្ចប់បម្រាមគោចរក៏ដោយ ប៉ុន្តែអាជ្ញាធរនៅតែបន្តពង្រឹងវិធានការ​ទប់ស្កាត់កូវីដ-១៩ ក្នុងនោះ អាជីវកម្មដែលមានហានិភ័យខ្ពស់ ការហាមជួបជុំដែលមានមនុស្សច្រើនចាប់ពី១៥នាក់ឡើងទៅ អាជ្ញាធរនៅតែផ្អាកដដែល។

ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលផ្អាកនោះមានដូចជា សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋនិងឯកជន ប៉ុន្តែអាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ, អាជីវកម្មក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍រួមមាន ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ, រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា ខណៈអាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ និងហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រួមទាំងរោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ ក៏ត្រូវបានផ្អាកបណ្ដោះអាសន្នដែរ។

សេចក្ដីណែនាំដដែលថា ការបន្តពង្រឹងវិធានការទប់ស្កាត់​នេះ ដោយសារជំងឺកូវីដ-១៩បប្លែងថ្មីប្រភេទ ដែលតា បាននិងកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ខណៈដែលកម្ពុជាមិនទាន់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ បានទាំងស្រុងនៅឡើយ។

បើតាមរបាយការណ៍ក្រសួងសុខាភិបាល ឱ្យដឹងថា  គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺ​កូវីដ-១៩​ សរុប៨៧ ១៩០​​នាក់ ក្នុងនោះ ​ករណីនាំចូលពីក្រៅប្រទេសសរុប១៣ ៤៧៤នាក់​ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយចំនួន៨២ ៦៦៦នាក់ និងអ្នកស្លាប់១ ៧៣០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ