ពលរដ្ឋ​​ជាង​២០​គ្រួសារ​អះអាង​ថា​ អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​ចុះ​រុះរើ​ផ្ទះ​ពួកគាត់​​ដោយ​​គ្មាន​សំណង

ផ្ទះរបស់លោក ហៀង ភាក់ ដែលត្រូវបានអាជ្ញាធរចុះមករុះរើកាលពីថ្ងៃទី១៩ ខែសីហា នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ​៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាន​អះ​អាង​ថា កងកម្លាំង​អាជ្ញាធរ​ខណ្ឌជាង៣០នាក់បាន​ចុះទៅរុះរើផ្ទះរបស់ពួកគាត់​អស់​១ខ្នង​ ក្នុង​​ចំណោម​ផ្ទះ​​ដែល​​អាជ្ញាធរ​​គ្រោង​​​​​រុះ​​​រើ​ចំនួន២២គ្រួសារ​ ដោយ​​មិនបានជូនដំណឹងនិង​ផ្ដល់ជាសំណងណា​មួយដល់ពួកគាត់​​​ឡើយ​។​

លោក ហឿង ភាក់ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ២២គ្រួសារ ដែលអះអាងប្រាប់ វីអូឌី ​ថា ផ្ទះ​របស់​គាត់​​ត្រូវបានអាជ្ញាធរ​ចុះទៅ​រុះរើនៅថ្ងៃទី១៩ ខែសីហា បាន​និយាយថា អាជ្ញាធរ​បានចុះ​ទៅ​រុះរើផ្ទះរបស់ពួកគាត់ដោយមិនមានការជូនដំណឹងជាមុននោះទេ ដោយ​សម្អាងថា ផ្ទះ​ដែលពួកគាត់កំពុងរស់នៅនេះជាដីរបស់​រដ្ឋ និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ផ្លូវ​ថ្នល់​ក្នុង​រាជ​ធានី​ភ្នំពេញ។ តែយ៉ាងណា លោក​ថា ពលរដ្ឋ​បាន​ទៅ​​រស់​នៅ​លើ​ដី​នេះតាំងពីឆ្នាំ១៩៩៣មក។

លោកថា៖ «អាជ្ញាធរមកដល់ រុះផ្ទះអស់ ខ្ញុំអត់មាននរណានៅផ្ទះ​ទេ ហើយ​ដំណឹង​អត់​មាន​ជូន​មុន​ដែរ។ ខ្ញុំរវល់តែធ្វើការ មកដល់វាយខ្ទេច ជញ្ជូនអីវ៉ានសឹងតែមិនចង់ទាន់។ វា [អាជ្ញាធរ] ចង់យកអាអិច [គ្រឿងចក្រ] កាយភ្លាមតែម្តង […] អត់មានជូន​ដំណឹងអីសោះ។ គាត់ [អាជ្ញាធរ] ដឹងតែពីធ្វើតាមតែអំពើចិត្តរបស់គាត់ អត់មានគិតប្រជាពលរដ្ឋ [សម័យ]កូវីដ គ្នា[ប្រឈមនឹង]​កូវីដ ​ក្ររហេមរហាម»។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀតដែលផ្ទះរបស់គាត់ប្រឈមនឹងការរុះរើដែរនោះ អ្នកស្រី ចេង សារុន ចាត់ទុកសកម្មភាព​របស់​​អាជ្ញាធរដែលរុះរើផ្ទះពលរដ្ឋ​នេះ​ ថា​ជារឿងអយុត្តិធម៌ ហើយ​ធ្វើឱ្យ​​ពលរដ្ឋកាន់តែជួបការលំបាក​ខ្លាំង បន្ថែមលើ​ការលំបាក​ក្នុងវិបត្តិកូវីដ-១៩។ អ្នកស្រីបាន​ស្នើ​ឱ្យ​អាជ្ញាធរខណ្ឌរកដំណោះស្រាយ​ជូន​ពលរដ្ឋ ជាជាងការចុះទៅរុះរើបណ្តេញចេញដោយ​បង្ខំបែបនេះ។

អ្នកស្រីបានបន្ត​អំពាវនាវថា៖ «សំណូមពរទៅសម្ដេចនាយក [លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​] ជួយកូនចៅផ​ង! កូនចៅគ្មាន​ទីជម្រកទេ! អាជ្ញាធរចុះមករុះរើផ្ទះប្រជាពលរដ្ឋអស់ហើយ។ ឥលូវមករុះរើភ្លាមៗ​តែម្ដង អត់មានទុក​១ម៉ោង ឬ​កន្លះ​​ម៉ោង​នោះ​ទេ […] សូមសម្ដេច ហ៊ុន សែន ជួយកូនចៅផង!»។

អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា បានបដិសេធអត្ថាធិប្បាយជុំវិញករណីនេះតាមប្រព័ន្ធទូរសព្ទ។​

ប៉ុន្តែក្រុមប្រឹក្សាសង្កាត់គីឡូម៉ែត្រលេខ៦ លោក សាន់ ប៉ុណ្ណ​យ៉ុង បានប្រាប់ វីអូឌី ថាប្រជាពលរដ្ឋទាំង២២គ្រួសារនៅភូមិស្ពានខ្ពស់​នេះ បានទៅ​រស់នៅដោយ​ខុស​ច្បាប់​លើ​បណ្ដោយផ្លូវ​១៧១៧ ហើយ​​បច្ចុប្បន្ន អាជ្ញាធរត្រូវយកតំបន់នោះទៅអភិវឌ្ឍផ្លូវ​១០​ម៉ែត្រ។

លោកបន្តថា៖ «ព្រោះតំបន់ហ្នឹងជាតំបន់អភិវឌ្ឍន៍ តំបន់ឫស្សីកែវនេះ​ជាកន្លែងអភិវឌ្ឍន៍​ […] ប៉ុន្តែខ្ញុំ​មិន​សូវ​ដឹង​នោះ​ទេ​ថា ថ្នាក់លើត្រូវឱ្យ​​ប្រជាពលរដ្ឋរុះរើឬក៏អត់ ចាំមើលថ្នាក់លើបញ្ជា»។

នាយករង​ផ្នែកឃ្លាំមើលសិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បានលើកឡើងថា ចំណាត់​ការរបស់​អាជ្ញាធរ​ក្នុង​ការ​រុះ​រើ​ផ្ទះ​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ រួមទាំងការរុះរើផ្ទះនៅភូមិស្ពាន​ខ្ពស់​ ក្នុង​អំឡុងពេលវិបត្តិកូវីដ-១៩នេះ មិនមែនជាដំណោះស្រាយល្អនោះទេ។ តែផ្ទុយទៅវិញ លោកថា ការ​ធ្វើបែបនេះ ដូចជាការដាក់បន្ទុកឱ្យ​ប្រជា​ពលរដ្ឋជួបការលំបាកកាន់តែខ្លាំង។

លោកបន្តថា៖ «គិតថាអ្វីដែលសំខាន់ គឺការចរចាស្វែងរកដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា ហើយ​តាមនីតិវិធី។ ទី១ ពលរដ្ឋក្រោយពីការចរចា​ហើយ ពួកគាត់អាចត្រៀមខ្លួនរួចជាស្រេច​ក្នុងការទទួល​យក​លទ្ធផល ឬក៏ការ​ចាក​ចេញ ឬក៏អាចលទ្ធផលណាមួយដែលគាត់ទទួលយកបាន ហើយមិនមានជាបញ្ហាអ្វីកើតឡើងទេ […] ទី២ ឥលូវនេះ​ យើងឃើញហើយ ការរីករាលដាល​កូវីដ-១៩ កាលណាមានការរុះរើឬបណ្ដាញ ពួកគាត់មានការប្រមូលផ្ដុំ អាច​មានហានិភ័យ​​ទាក់ទងជំងឺកូវីដទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ