អគ្គ​ស្នង​ការនគរ​បាល​ជាតិ​តែង​តាំង​លោក​ ឌី​ វិជ្ជា​ ឱ្យ​ដឹកនាំ​ការ​ស៊ើប​អង្កេត​អ្នក​ញុះញង់​តវ៉ា​ដីធ្លី

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញឯកទេសអង្គរក្សការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ នាយកដ្ឋានកណ្ដាលសន្តិសុខ – CSD)

អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចតែងតាំងលោក ឌី វិជ្ជា កូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យធ្វើជាប្រធានក្រុមដឹកនាំក្រុមការងារស្រាវជ្រាវនិងស៊ើបអង្កេត ករណីជម្លោះដីធ្លីនិងការទន្ទា្រនកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់នៅតាមបណ្ដា​រាជធានី-ខេត្ត។

សេចក្ដីសម្រេចចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា ការសម្រេចនេះធ្វើឡើងដើម្បីកែសម្រួល​សមាសភាព​ប្រមូល​ព័ត៌​មាន ក្រុម​ការងារ​ស្រាវជ្រាវ និងស៊ើបអង្កេត លើករណី​ជម្លោះដីធ្លីនិង​ការទន្ទា្រនកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ ដែលចេញដោយអគ្គស្នងការដ្ឋាននគរ​បាល​ជាតិ។​ ក្រុមការងារស្រាវជ្រាវនេះមានសិទ្ធិប្រើប្រាស់កម្លាំងនៃនាយកដ្ឋានជំនាញក្រោមផែនសន្តិសុខ លើការងារនីតិវិធីនិងអន្តរាគមន៍ក្នុងករណីចាំបាច់ និងប្រើប្រាស់កម្លាំងផែនសន្តិ​សុខ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លើការងារប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេត និងនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការក្នុងដែនសមត្ថកិច្ចខេត្តពីរឬច្រើន។

មួយវិញទៀត សេចក្តីសម្រេចនោះថា កម្លាំងស្នាក់ការចារកម្មគ្រប់រាជធានី-ខេត្ត លើការងារប្រមូល​ព័ត៌មាន ស្រាវជា្រវ និងកសាងមុខសញ្ញាក្នុងមូលដ្ឋាន និងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាន-អង្គភាព​ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្ថាប័នរដ្ឋ ពាក់ព័ន្ធនឹងតម្រូវការចាំបាច់ឬករណីរកឃើញបទល្មើសផ្សេងទៀតដែលមានជាប់ពាក់ព័ន្ធនឹងករណីដែលបានចុះស្រាវជ្រាវ។

ក្រៅពីមានសិទ្ធិប្រើប្រាស់កម្លាំងនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ក្រុមការងារនេះក៏មានភារកិច្ចក្នុងការប្រមូលព័ត៌មានអំពីសកម្មភាពញុះញង់ គាំទ្រ ឧបត្ថម្ភដល់ការបង្កើតឱ្យមានការតវ៉ា ការទាមទារ ឬការរៀបចំ​ឱ្យមានជម្លោះដីធ្លី និងសកម្មភាពទន្ទ្រានកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់ ដែលបង្កឱ្យមានចលាចលនៅតាមបណ្ដារាជធានី-ខេត្ត។

ទាក់ទងករណីនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍​ថា ក្រុមការងារនេះ បានបង្កើតឡើងអស់រយៈពេល២ទៅ៣ឆ្នាំមកហើយ ដើម្បីធ្វើការ​ស៊ើប​​អង្កេត ខណៈ​ការដោះស្រាយវិវាទដីធ្លីនោះមិនមែនជាភារកិច្ចនិងតួនាទីរបស់ខ្លួន​ក៏ដោយ។

លោកបញ្ជាក់ថា៖ «​យើងបង្កើតឡើងនេះ បង្ការរឿងសន្តិសុខទេ! ​​ឱ្យដឹងរឿងមុនផ្ទុះឡើង អ្នកអុចអា​ល យកលេសរឿងបុគ្គល​​ យកលេសបង្កើតក្រុមញុះញង់ គេបង្ការរឿងហ្នឹង»

ប្រជាពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង នៅខេត្តកំពង់ឆ្នាំង គឺលោក រាជ សីមា មិនរំពឹងថា ក្រុមការងារដែលអគ្គស្នងការដ្ឋាននគរបាលជាតិបង្កើត​ឡើងនេះអាចជួយប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីឡើយ។ ផ្ទុយទៅវិញ លោក​ថា ក្រុម​ការងារ​នេះបង្កើតមក​ដើម្បីបង្ក្រាបចំពោះអ្នកដែលចង់ទាមទារសិទ្ធិសេរីភាព ដោយមិនឱ្យធ្វើការតវ៉ានិងបញ្ចេញមតិជុំវិញការរកដំណោះស្រាយ​រឿងដីធ្លីតែប៉ុណ្ណោះ។

លោកបន្តថា ការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋ ដោយសារពួកគាត់បានបាត់បង់ដីធ្លី ហើយបើស្ថាប័នពាក់ព័ន្ធអើពើឬពន្លឿនការដោះស្រាយជូនពួកគាត់ នោះនឹងមិនមានការតវ៉ានោះទេ។ លោកបញ្ជាក់ថា បើសិនអាជ្ញាធរឬរដ្ឋាភិបាលមានឆន្ទៈក្នុងការជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋមែននោះ គួរតែជួបនិងហៅប្រជាពលរដ្ឋដែលរងគ្រោះមកដោះស្រាយបញ្ចប់ មិនមែនបង្កើតក្រុមការងារទប់ស្កាត់ទេ។

លោកថា៖ «ពេលគេបង្កើតអ៊ីចឹង ស្មើនឹងគេបំបិទសិទ្ធិពលរដ្ឋ​ ស្មើនឹងកម្ទេចតំណាងពលរដ្ឋ ដោយ​សារ​ប៉ូលិសទាំ​ងអស់ហ្នឹងសុទ្ធតែជាតំណាងឱ្យស្ថាប័នរបស់រដ្ឋហ្នឹង។ គេស្រាវជ្រាវកម្ទេច​អ្នកចេះដឹង ​ដូចសម័យប៉ុលពតអ៊ីចឹង។ អ្នកណាដែលចេះដឹង គេកម្ទេចចោលអ៊ីចឹងទៅ អត់​ឱ្យមានអ្នកតវ៉ា អត់ឱ្យមានអ្នកតស៊ូដើម្បីប្រជាពលរដ្ឋ»

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ទទូចឱ្យក្រុមការងារដែលចុះប្រមូលព័ត៌មានស្រាវជ្រាវនិងស៊ើបអង្កេតឱ្យមានតម្លាភាព ជាពិសេសរវាងពលរដ្ឋរងគ្រោះដីធ្លីដែលកំពុងស្វែងរកដំណោះស្រាយនិងអ្នកញុះញង់ឱ្យប្រជាពលរដ្ឋកាប់ទន្ទ្រានយកដីរដ្ឋ។

លោកថា៖ «តែអ្វីដែលយើងព្រួយបារម្ភ តើបែងចែកដាច់អត់រវាងអ្នកញុះញង់ អ្នកបង្កឱ្យមានចលាចល​ អ្នកញុះញង់ឱ្យមានការទន្ទ្រានដីរដ្ឋ​ អ្នកញុះញង់​ឱ្យមានបាតុភាពហិង្សាផ្សេង​ៗកើតឡើង? ជាមួយនឹងការគ្មានដំណោះស្រាយ​ ហើយប្រជាពលរដ្ឋធ្វើការតវ៉ាស្វែងរកដំណោះស្រាយ​​​ ​សម្រាប់ប្រជាពលរដ្ឋមានបញ្ហាដីធ្លីពិតប្រាកដ វាជារឿងល្អ​។ ប៉ុន្តែអ្នកដែលទន្ទ្រានខុសច្បាប់ ​ញុះញង់ដោយសារអំណាចតួនាទី អាហ្នឹងត្រូវតែចាត់វិធានការ»

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា គឺជាកូនប្រុសរបស់លោក ហុក ឡង់ឌី អតីតអគ្គ​ស្នងការ​នគរ​បាល​​ជាតិ និងជាកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំងជាអគ្គស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពីខែមករា ឆ្នាំ២០១៨។ បច្ចុប្បន្ន លោកក៏មានតួនាទីជាប្រធាននាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ