ក្រុមសហជីព នៅថ្ងៃសុក្រនេះ បានអំពាវនាវទៅដល់ភាគីពាក់ព័ន្ធធ្វើយ៉ាងណាជួយដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឱ្យបាន២០០ដុល្លារ សម្រាប់ឆ្នាំ២០២២ ខណៈកម្ពុជាកំពុងមានវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាផ្សេងៗទៀត។
ការអំពាវនាវរបស់ក្រុមសហជីពធ្វើឡើង ខណៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញលិខិតមួយអញ្ជើញពួកគេឱ្យចូលរួមកិច្ចប្រជុំស្តីពី «ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២២» នៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា លោកហាក់មិនមានសង្ឃឹមថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅឆ្នាំ២០២២ នឹងឡើងបានខ្ពស់នោះទេ ដោយសារកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩ និងការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុប រួមទាំងការដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិក។ ប៉ុន្តែយ៉ាងណា លោកថា ក្រុមសហជីពត្រៀមស្នើដំឡើងបន្ថែម៨ដុល្លារលើប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ។
លោកបន្ថែមថា៖ «បញ្ហារឿងជំងឺកូវីដ-១៩ហ្នឹង វាជាបញ្ហាមួយពិតប្រាកដហើយដែលវាកំពុងកើតមាន រួមទាំងបញ្ហា EBA [របស់សហភាពអឺរ៉ុប] GSP របស់អាមេរិកជាដើមហ្នឹង អ៊ីចឹងយោងតាមស្ថានភាពហ្នឹង យើងក៏មិនអាចស្នើអីច្រើនឱ្យហួសហេតុដែរ»។
ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ដូចជា អ្នកបញ្ជាទិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាជួយដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឱ្យបាន២០០ដុល្លារ សម្រាប់ឆ្នាំ២០២២ ខណៈកម្មករមួយចំនួនកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចគ្រួសារដោយសារវិបត្តិជំងឺកូវីដ-១៩។
លោកបានលើកឡើងថា បើទោះបីជាជំងឺកូវីដ-១៩កំពុងរាលដាលក្នុងប្រទេសកម្ពុជា និងនៅលើសកលលោកក៏ដោយ ប៉ុន្តែការនាំចេញពីកម្ពុជាហាក់នៅមានភាពល្អប្រសើរនៅឡើយ ដែលអាចជួយដល់ការដំឡើងប្រាក់ឈ្នួលដល់កម្មករបានខ្ពស់នៅឆ្នាំក្រោយ។
លោកបន្ថែមថា៖ «ដូច្នេះ ខ្ញុំរឹពឹងថា ប្រាក់ឈ្នួលសម្រាប់បងប្អូនកម្មករនៅឆ្នាំ២០២២ នឹងគួរតែត្រូវបានដំឡើងតិចណាស់ត្រឹម២០០ដុល្លារ ដោយសារឆ្នាំមុន យើងឡើងបានតិចមែនទែន អ៊ីចឹងយើងអំពាវនាវដល់រដ្ឋាភិបាល សមាគមរោងចក្រកាត់ដេរ និងអំពាវនាវដល់អ្នកបញ្ជាទិញ មេត្តាដំឡើងតម្លៃឱ្យសមរម្យជាងនេះទៅទៀត ដើម្បីឱ្យនិយោជកមានប្រាក់កម្រៃសម្រាប់ដំឡើងជូនបងប្អូនកម្មករ»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានទេ នៅថ្ងៃសុក្រនេះ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការដែលក្រុមសហជីពដាក់តួលេខ៨ដុល្លារបន្ថែមលើប្រាក់ឈ្នួលគោលបច្ចុប្បន្ន ដើម្បីសុំដំឡើងប្រាក់ឈ្នួលគោលកម្មករឱ្យដល់២០០ដុល្លារ សម្រាប់ឆ្នាំ២០២២នោះ ជាការទាមទារដោយសមរម្យមួយ ដែលនិយោជកនិងរដ្ឋាភិបាលគួរតែផ្តល់ជូនកម្មករ។
លោក ឃុន ថារ៉ូ បន្តថា ស្ថានភាពបច្ចុប្បន្ននេះ ដំណើរការនៃខ្សែចង្វាក់ផលិតកម្មនិងការបញ្ជាទិញ គឺមានការកើនឡើងដូចជាទៅទីផ្សារអាមេរិក និងសហភាពអឺរ៉ុប ជាដើម។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ទាក់ទងនឹងប្រាក់ឈ្នួលនេះ គឺវាទាមទារឱ្យមាននូវកំណែទម្រង់តាមឆន្ទៈនយោបាយ ច្រើនជាងការប្រើប្រាស់នូវលក្ខណៈបច្ចេកទេស ឬក៏នៅក្នុងក្របខណ្ឌយន្តការនៃការចរចា ពីព្រោះវាដាក់ទៅជាតួលេខ តែការសម្រេចនៃតួលេខចុងក្រោយ ជានាយករដ្ឋមន្ត្រី។ អ៊ីចឹងនៅបរិបទនៃការរីកចម្រើននៃវិស័យនេះ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនេះ មិនទាន់មានកម្រិតជាប្រាក់ឈ្នួលរស់នៅសមរម្យសម្រាប់កម្មករនៅឡើយទេ អ៊ីចឹងការដាក់៨ដុល្លារនេះ វានៅតិចតួចស្តួចស្តើងផង»។
លោក ឃុន ថារ៉ូ បន្ថែមថា តាមការសិក្សាស្រាជ្រាវទៅលើការវិនិច្ឆយកត្តាសេដ្ឋកិច្ច កត្តាសង្គម កត្តាប្រកួតប្រជែង និងផលិតភាពនាពេលកន្លងមក ប្រាក់ឈ្នួលគោលដែលគួរដំឡើងជូនកម្មករគឺ ២១១ដុល្លារ។
នៅឆ្នាំ២០២១នេះ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតផលស្បែកជើងពី១៩០ដុល្លារ ទៅ១៩២ដុល្លារក្នុងមួយខែ។ បើគិតជារួម ទាំងអត្ថប្រយោជន៍ផ្សេងៗដែលមានស្រាប់ ជាមធ្យម កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ចំណូលយ៉ាងតិចពី ២៥០ដុល្លារ ដល់ ៣០០ដុល្លារ ក្នុងមួយខែ។
របាយការណ៍សិក្សាមួយរបស់សហជីពកម្ពុជា និងយុទ្ធនាការសម្លៀកបំពាក់ស្អាតស្អំ ចេញផ្សាយនៅខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្មករចំនួន៧៨៤ ០០០នាក់ដែលធ្វើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មស្បែក បានបាត់បង់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ប្រមាណ១០៩លានដុល្លារក្នុងអំឡុងពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ កាលពីខែមេសានិងខែឧសភាកន្លងទៅ៕