វិភាគ៖​ ពលរដ្ឋ​គួរ​ដឹង​អ្វីខ្លះ​ដើម្បី​កុំ​ឱ្យ​សន្លឹក​ឆ្នោត​ក្លាយ​ជា​ការ​​គំរាម​កំហែង?

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ មណ្ឌលសាលាគរុកោសល្យ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

ជាង២០ឆ្នាំមក​នេះ កម្ពុជា​បាន​រៀបចំការ​បោះឆ្នោ​តជាទៀងទាត់តាមអាណត្តិនីមួយៗ តាមប្រ​ព័ន្ធប្រជាធិបតេយ្យដូច​មានចែងក្នុងរដ្ឋធម្មនុញ្ញ ដើ​ម្បី​​​បើកផ្លូវឱ្យប្រជាពលរដ្ឋជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

មាត្រា៥១ នៃរដ្ឋធម្មនុញ្ញ ចែងថា «ព្រះរាជា​ណា​ច​ក្រ​កម្ពុជាអនុវត្ត​នយោបាយ​ប្រជាធិប​តេយ្យ​សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជា​តិ​​របស់ខ្លួន។ អំណាចទាំង​អស់​ជារបស់ប្រជាពលរដ្ឋ​។ ពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជ​រដ្ឋាភិបាល និងសា​លាជម្រះក្តី»។

ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បរិបទនយោបាយត្រូវបានគេ​មើល​ឃើញ​ថា បាន​ងាក​ចេញពី​​គន្ល​​ង​ប្រជាធិបតេយ្យ​ ក្រោយពី​មាន​​ការ​​រំលាយ​អតីតបក្សប្រឆាំង​​ចេញ​ពី​ឆាក​នយោបាយ ដោយ​អំណាចសាល​ក្រម​តុលាការកំពូល​ កាល​ពីអំឡុងឆ្នាំ​២០១៧។ ស្ថានភាពនេះជំរុញឱ្យមានការចាប់ឃុំខ្លួនអ្នកតស៊ូ​មតិ​មួយ​ចំនួនដូចជា សកម្មជន​សិទ្ធិមនុស្ស ដីធ្លី បរិស្ថាន រួមទាំងសកម្មជននយោបាយជំ​ទា​ស់។ ពួកគេខ្លះត្រូវបាន​ចោទប្រកាន់​ពីបទ «រួមគំនិតក្បត់» ​និងខ្លះចោទពី​បទ «​ញុះញង់​បង្ក​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសង្គម​» ជាដើម បើ​ទោះបីការ​តស៊ូមតិ​នោះត្រូវបាន​សហគមន៍ជាតិនិងអន្តរជាតិ​មើលឃើញថាធ្វើឡើងដោយ​សន្តិ​វិធី ហើយធានា​ដោយច្បាប់​កំពូល​ក៏​ដោយ។

ស្របគ្នានឹងស្ថានភាពបែបនេះ គណបក្សថ្មីៗជាច្រើនក៏​​បាន​បង្កើត​ឡើងជាបន្តបន្ទាប់​ ដើម្បី​ត្រៀម​​ខ្លួន​ចូលរួមប្រកួតការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការ​បោះឆ្នោត​ជាតិនៅឆ្នាំ​២០២៣​​​ ជាមួយ​​គណបក្សកំពុងគ្រប់គ្រងអំណាចផង​ដែរ។

ជាការកត់សម្គាល់ គណបក្សដែល​ទើបលេច​​មុខ​ថ្មីៗ​នេះ ស្ថាបនិក​​ភាគច្រើន​លើសលុប​​សុទ្ធសឹង​​​ជា​​អតីត​អ្នក​ន​យោបា​យ​​​មកពី​អតីត​​​បក្សប្រឆាំង។

ករណីនេះបាន​បង្កើត​ជាសំ​ណួរ​ថា តើ​ពលរដ្ឋ​គួរយ​ល់ដឹងអ្វីខ្លះដើ​ម្បី​​​កុំឱ្យសន្លឹកឆ្នោតរបស់ខ្លួនក្លា​យជាការគំ​រា​មកំ​ហែងនោះ?

អ្នកសម្របសម្រួល និងតស៊ូមតិនៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កន សាវាង្ស ចាត់ទុកសន្លឹកឆ្នោតដែលម្ចាស់ឆ្នោតគូសទម្លាក់ទៅក្នុងហឹបឆ្នោតនៅថ្ងៃបោះឆ្នោត ថាមានសារៈសំខាន់ ព្រោះវាបានកំណត់ជោគវាសនាប្រទេសជាតិផង និងបានកំណត់ពី​កត្តាជីវភាព​ម្ចាស់ឆ្នោតផង។

លោក សាវាង្ស និយាយថា ដើម្បីទប់ស្កាត់កុំឱ្យសន្លឹកឆ្នោតរបស់​ខ្លួនក្លាយជាការគំរាមកំ​ហែ​​ងឬរារាំង​ដល់ដំ​ណើរការ​ប្រជាធិបតេយ្យ​នោះ វាចាំបាច់ណាស់ដែល​ម្ចាស់ឆ្នោតត្រូវ​មានមូល​ដ្ឋាន​ចំនួន​​៤ក្នុងការតាមដាន​​​អ្នកនយោបាយ មុនគូសសន្លឹកឆ្នោត​គាំទ្រ​បេក្ខភាព​គណបក្សនយោបាយ​ណាមួយដែលបានចូលរួមប្រកួតយកតំណែងជាថ្នាក់ដឹកនាំប្រទេស​​នោះ។

បើតាមលោក កន សាវាង្ស ទី១ ម្ចាស់​ឆ្នោត​ត្រូវ​ចេះ​ស្វែង​រក​ព័ត៌​មាន​នៅ​តាម​ប្រព័ន្ធផ្សព្វ​ផ្សាយ​នានា​ដែល​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ ដោយ​​ផ្តោតទៅ​សារ​ព័ត៌មានមានវិជ្ជាជីវៈឯករាជ្យ ដើ​ម្បី​​ដឹង​ពី​បញ្ហា​សង្គម និង​ទី២ ត្រូវចេះអង្កេតមន្ត្រី​នៅថ្នាក់​ជាតិ ថាតើពួកគេ​បាន​ធ្វើអ្វី​ខ្លះ ដើម្បី​ដោះស្រា​យ​បញ្ហាសង្គម បញ្ហាជីវភាពពលរដ្ឋ និងកាតព្វកិច្ចគោរពរដ្ឋធម្មនុញ្ញ។

ចំណែកទី៣ លោកថា ​ត្រូវចេះ​តាម​ដាន​ការងារ​មន្ត្រីនៅថ្នាក់មូលដ្ឋាន ថាតើពួកគេ​បានបន្សល់​ទុក​ស្នា​ដៃ​អ្វីខ្លះ ហើយ​គួរបោះឆ្នោត​គាំទ្រទៀត​ឬអត់នៅ​អាណត្តិថ្មី។ ខណៈចំណុច​ទី៤ គឺ​មិន​ត្រូវ​ភ័យ​ខ្លាច​ហួស​ហេតុ​ពេក​ទៅនឹង​ការ​គំរាមកំហែង​ណាមួយដែលផ្ទុយពី​ឆន្ទៈ​របស់​ខ្លួននៅថ្ងៃបោះឆ្នោត។

លោកថា៖ «ឧទាហរណ៍ថា ខ្លួនចង់បោះឆ្នោតឱ្យគណបក្សនយោបាយណាមួយដែលខ្លួនមើ​​ល​​ឃើញ​ថា អាចផ្ញើវាសនា អាចជឿទុកចិត្តបាន ប៉ុន្តែដោយសារបុគ្គលមានអំណាចគាត់ហៅ​​​ទៅស្បថ គាត់គំរាមថាអ្នកឯងបាត់អញ្ចេះ បាត់អញ្ចុះ អាហ្នឹងក៏ជាបញ្ហាដែរ»។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា ការបោះឆ្នោតគ្រាន់តែជាធាតុសំខាន់មួយក្នុងប្រព័ន្ធប្រជាធិបតេយ្យប៉ុណ្ណោះ។

ប៉ុន្តែ​លោកថា ដើម្បី​ទាញ​យក​ប្រយោជន៍​ពីការ​បោះឆ្នោតបាន​ ពលរដ្ឋត្រូវបង្កើន​ការ​យល់ដឹង​ផ្នែក​ពលរ​ដ្ឋវិទ្យា និងត្រូវស្គាល់ប្រវត្តិអ្នកនយោបាយឱ្យបានច្បាស់ ថាតើពួកគេជាក្រុមមនុ​ស្ស​​​គុ​ណធម៌ ស័ក្តិសមជាអ្នកដឹកនាំឬទេ មុននឹង​​គូសសន្លឹកឆ្នោតមួយ​សន្លឹកទម្លាក់​ទៅក្នុង​ធុងឆ្នោត។

បើតាម​លោក ប៉ា ចន្ទរឿន ចំណេះផ្នែកពលរដ្ឋវិទ្យា ម្ចាស់ឆ្នោតត្រូវស្គាល់តួនាទីខ្លួនឯង ស្គាល់តួនាទីអ្នកនយោបាយ និងស្គាត់តួនាទីមន្ត្រី និងរបៀបធ្វើការរបស់ពួកគេ ជាដើម។

បន្ថែមពីនេះ លោកថា ម្ចាស់​ឆ្នោត​​ត្រូវធ្វើខ្លួនឱ្យក្លាយជាពលរដ្ឋសកម្ម ជំរុ​ញដំណើរការប្រជាធិបតេយ្យ នោះទើបទាញយកប្រយោជន៍ពីការបោះឆ្នោតបាន។

លោកបានគូសបញ្ជាក់​ថា៖ «ការចូលរួមរបស់ប្រជាពលរដ្ឋឱ្យបានសកម្មទាំងនៅក្នុងវិស័យនយោបាយនិងវិស័​យសង្គមនេះ វាជារឿងចាំបាច់ ដើម្បីឱ្យប្រជាធិបតេយ្យហ្នឹង វាមានដំណើរការជាប្រ​យោ​ជន៍សម្រាប់ប្រជាពលរដ្ឋ»។

លោក​ ប៉ា ចន្ទរឿន ពន្យល់​បន្ថែមថា មុនបោះឆ្នោតគាំទ្រ ម្ចាស់​ឆ្នោត​ក៏​ត្រូវស្វែង​យល់​ពីគោល​​នយោបាយរបស់គណបក្សនីមួយៗ ហើយ​ត្រូវដឹង​ពី​ប្រវត្តិ​អ្នកនយោបាយនោះ​ ថាតើពួក​គេ​មាន​គុណធម៌​បែប​ណាក្នុងភាពជាអ្នកដឹកនាំ។

 លោកថា៖ «[ម្ចាស់ឆ្នោតត្រូវដឹងថា] បេក្ខជនដែលនឹងក្លាយទៅជាអ្នកដឹកនាំឬជាតំណាងរបស់ខ្លួននៅពេលអនា​គ​ត​​ហ្នឹង គឺជាមនុស្សប្រភេទម៉េច! ក្រុមបក្ខពួករបស់គាត់ហ្នឹងជាក្រុមមនុស្សមានសីលធម៌មាន​សមត្ថភាព មានសុចរិតភាព មានឧត្តម​ភាពគតិក្នុងការដឹកនាំ ក្នុងការបម្រើប្រជាពលរដ្ឋកម្រិ​ត​ណា»។

តែយ៉ាងណា ប្រធានសមាគមការពារ​សិទ្ធិមនុស្សអាដ​ហុក លោក នី សុខា យល់​ថា ការរៀប​ចំ​ការ​បោះឆ្នោត​ជាង​២០ឆ្នាំមកនេះ ពលរដ្ឋមានការយល់ដឹងច្រើន តែលោកថា អ្នកនយោបាយ​ទេដែល​បាន​សាង​កំហុសក្នុង​ការ​ជំរុ​ញដំណើរការប្រជាធិបតេយ្យនេះ។

បើតាមលោក នី សុខា កន្លងទៅ អ្នកនយោបាយមួយ​ចំនួន​មិន​គោរព​ស្មារតី​ម្ចាស់​ឆ្នោតទេ ខណៈក្រោយការបោះឆ្នោត គេសង្កេតឃើញមានការ​​​ចែក​អំណាច​គ្នា និង​ពេលខ្លះទៀត​ រឹបអូស​អាសនៈឃុំ-សង្កាត់យកទៅចែកគ្នាតាមឆន្ទៈនយោបាយ ដោយ​​មិនគោរពឆន្ទៈ​ម្ចាស់ឆ្នោត ដូចនៅឆ្នាំ២០១៧​ជាដើម។

បញ្ហានេះ លោកផ្តល់យោបល់ថា អ្នកនយោបាយគួរកែកំហុសឡើងវិញ ដោយ​ឈរ​លើគោល​ការណ៍​គោរព​ឆន្ទៈ​ពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

មួយវិញទៀត លោកថា ពលរដ្ឋមិនត្រូវបាក់ទឹកចិត្តទេ តែត្រូវបន្តទាមទារ​ទៅរដ្ឋាភិបាល​ឱ្យធ្វើកំ​ណែទម្រង់ឡើងវិញ ដើម្បីឱ្យសន្លឹកឆ្នោតជំរុញដំណើរការប្រជាធិបតេយ្យ ហើយ​​ពលរដ្ឋ​ក្លាយជាម្ចាស់នៃជោគវាសនាប្រទេសជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកថា៖ «ប្រជាពលរដ្ឋកុំគិតថា យើងអស់សង្ឃឹមក្នុងការជំរុញឱ្យមានការធ្វើកំណែទម្រង់ហ្នឹង ព្រោះការកំណែទម្រង់ប្រទេសជាតិនីមួយៗ វាត្រូវការពេលវេលា មិនមែនយើងធ្វើក្នុងរយៈ​​ពេលខ្លីបានទេ យើងត្រូវតែបន្តអ្វីជាស្មារតីរដ្ឋធម្មនុញ្ញ អ្វីជាឆន្ទៈរបស់ប្រជាពលរដ្ឋដែលចង់បានសង្គមមួយដែលគោរពទៅតាមគោលការណ៍ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ឱ្យមានយុត្តិធម៌ត្រឹមត្រូវហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ