អតីតអ្នកនយោបាយបក្សប្រឆាំងដែលបង្កើតបក្សថ្មីៗ កំពុងរកវិធីរួបរួមគ្នាមុនការបោះឆ្នោត

ពលរដ្ឋមកពិនិត្យមើលឈ្មោះបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ កាលពីឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​ដែលទើប​បង្កើត​ថ្មីៗ ​និង​ជា​អតីតអ្នក​នយោបាយ​មកពី​គណបក្ស​ប្រឆាំង​ លើកឡើង​អំពីលទ្ធភាព​ដែល​មិន​អាច​ទៅរួច​ ប្រសិនបើសំឡេង​បក្សនយោបាយ ដែល​ទើបតែកកើតទាំងនេះ មិន​រួមកម្លាំង​គ្នា​ជា​បក្សនយោបាយ​តែមួយ​ នៅមុន​ការ​បោះឆ្នោត​​ឃុំសង្កាត់ និងការបោះឆ្នោតជាតិទេនោះ។

លោក គង់ ម៉ូនីកា ប្រធានប្រតិបត្តិ​គណបក្សឆន្ទៈ​ខ្មែរ លើកឡើង​កាលពី​ថ្ងៃសុក្រ​ថា គណបក្សរបស់​លោក​នៅតែ​ចង់បាន​ការរួមបញ្ចូលគ្នា ​តាម​គោលការណ៍​ព្រម​ព្រៀង​ណា​មួយ​ រវាង​គណបក្សនយោបាយ​ទាំង​អស់ នៅមុនការបោះឆ្នោត​​ឃុំ​​សង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតជាតិ​ឆ្នាំ​២០២៣​​ខាងមុខនេះ។

បើតាមលោក គង់ ម៉ូនីកា អ្វីជាឧបសគ្គដែលនៅតែបន្តជាប់គាំង សម្រាប់​​ចរន្តនយោបាយថ្មីនេះ ដោយ​​សារតែ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្នាក់​ដឹក​នាំ​គណបក្ស​កែទម្រង់កម្ពុជា ដែល​ជាតួអង្គសំខាន់ ក្នុងការសម្របសម្រួលគ្រប់បក្ស​​នយោ​​បាយ​​​ ដើម្បី​​បង្កើតទៅជាបក្សតែមួយនេះ នៅមិន​ទាន់​មា​ន​សិទ្ធិពេញ​​លេញនៅឡើយ ព្រោះតែបក្សថ្មី​​របស់​​លោក នៅ​​មិនទាន់បើកភ្លើងខៀវពីក្រសួង​មហាផ្ទៃ​។

លោកបន្តថា៖ «ដូចយើងបានជម្រាបអ៊ីចឹង គឺយើងបានប្រគល់តួនាទីឱ្យទៅឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន។ ខ្ញុំ​យល់​​​​ឃើញ​​​ឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន ប្រហែល​ជាអាច​ឆ្លើយបានលម្អិតជាងខ្ញុំ ប៉ុន្តែការរួបរួម​​ហ្នឹង​​វា​​អាច​​ឈាន​ទៅមុខឬយ៉ាងណានោះ គឺថាយើងត្រូវការពេលវេលា»

លោក គង់ ម៉ូនីកា បញ្ជាក់ថា បើទោះជាបែបណា គម្រោងដែលនឹងច្របាច់បញ្ចូលគ្នា ទៅជា​​បក្ស​​តែមួយ រវាង​​គណ​​បក្ស​​​​ដែលទើបបង្កើតថ្មី នឹងត្រូវលេចជារូបរាងឡើង តាមរូបមន្ត​​ណាមួយ យ៉ាង​​យូរ​​នៅមុន​​កា​​រ​​បោះ​​ឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខនេះ។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលទើបបង្កើតបក្សនយោបាយ​​ថ្មី​​ឈ្មោះ​​ថា «គណបក្សកែទម្រង់កម្ពុជា» ជាមួយលោក ប៉ុល ហំម និងអតីតអ្នកនយោ​​បាយ​​ប្រ​​ឆាំង​​ជា​​​មួយគ្នាផ្សេងទៀត ឱ្យ​ដឹងថា អ្វីដែល​​ក្រសួងមហាផ្ទៃ តម្រូវឱ្យបំពេញតាមលក្ខ​ខណ្ឌ និង​បទដ្ឋានគតិយុត្តិនោះ ខាងគណបក្សរបស់លោក បានបំពេញរួចរាល់អស់ហើយ។ លោក​​បន្ត​ថា អ្វីដែលនៅរង់ចាំពេលនេះ គឺ​លទ្ធផល​ចេញពីក្រសួង​ ថាតើត្រូវសម្រេចបែបណា ចំពោះ​​ជីវិតនយោបាយ​គណបក្សថ្មីមួយនេះប៉ុណ្ណោះ។​

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន អ្នកនយោបាយទាំងអស់ បានដឹងរួចជាស្រេចហើយថា ប្រសិនបើបន្តឱ្យ​​មាន​​សំឡេងរាយប៉ាយបែបនេះ នោះ​មិន​មែន​ជា​គូរប្រកួតជាមួយ​គណបក្សប្រជាជនកម្ពុជាឡើយ។

លោកបន្តថា៖ «យើងដូចជាមិនមានអ្វីខ្វះទៀតទេ។ យើងបានប្រគល់ជូនទៅក្រសួងមហាផ្ទៃហ្នឹង គឺគ្រប់​​​​​អស់​​ហើយ ទាំង​ស្នាមមេដៃ ទាំង​លក្ខខន្តិកៈគណបក្ស ទាំងបទបញ្ជាផ្ទៃក្នុង​ និងគោលនយោបាយ​​មួយ​​​​ចំនួននៅក្នុងហ្នឹងផងដែរ»

វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេ ពីលោក ខៀវ សុភ័គ អ្នក​​នាំពា​​ក្យក្រ​​សួង​​មហាផ្ទៃ កាលពីថ្ងៃសុក្រ។

ចំណែក លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាគណបក្សមួយ បែក​ចេញពីអតីត​​គណបក្ស​សង្រ្គោះ​ជាតិ​ដែរ​នោះ​ឱ្យដឹង​ថា គណបក្ស​​របស់​​លោក បើកទ្វារ​​ស្វាគមន៍​​​ជា​​និច្ច រាល់​​​​​ការសម្រេចណាមួយ ក្នុងការរួបរួមគ្នាបង្កើតទៅជាបក្សនយោបាយតែមួយ និងសំឡេងតែមួយ ពីគ្រប់និន្នាការនយោបាយ។

លោកបន្តថា ជាឆន្ទៈ​នយោបាយ «គណបក្សខ្មែស្រឡាញ់ជាតិ» មាន​​តែ​​​​មធ្យោបាយរួមកម្លាំងគ្នា ជាបក្សតែមួយទេ ទើប​អាច​រក​ការ​គាំទ្រ​បាន​ពី​ម្ចាស់​ឆ្នោត និងជាដៃគូ​​ប្រ​​កួត​​​​ដ៏សាកសម​ជាមួយគណបក្សកាន់អំណាច។

បើតាមលោក ខឺយ ស៊ីនឿន គិតមកដល់ពេលនេះ លទ្ធភាពនៃការជួបណាត់ណាមួយ ជាមួយ​​បក្ស​​នយោបាយផ្សេងទៀត គឺ​នៅ​មិន​ទាន់​លេច​ចេញជារូបរាងនៅឡើយទេ គ្រាន់តែដឹងថា គ្រប់​ភាគី​​ន​​យោ​​បាយ ដែលត្រូវបានធ្វើសម្បទានយោបាយឡើងវិញនេះ មាន​បំណង​ដូច​គ្នា។

លោកបន្តថា៖«មកដល់ពេលនេះ យើងឃើញថា ការអំពាវនាវរបស់គណបក្សខ្មែរស្រឡាញ់​ជាតិ មិន​​ទាន់បាន​​ឃើញ​ពន្លឺនៃ​ការ​ទំនាក់ទំនង​ជា​ផ្លូវការណាមួយ ដើម្បីសុំការ​​រួបរួមនៅឡើយទេ​​។ ជាជំហរ​​គ​​ណ​​​​បក្ស​​ខ្មែរស្រឡាញ់ជាតិ គឺ​នៅតែ​ប្រកាស​រួបរួម​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់»

ស្របពេល អតីតអ្នកនយោបាយ ដែលធ្លាប់រួមរស់​ក្នុងជីវភាពនយោបាយ ជាមួយគ្នានៃ​អតីត​​គណ​​បក្ស​​សង្រ្គោះជាតិ ប្រកាសពីការប​ង្កើត​បក្ស​នយោបាយតែមួយ​នេះ គណបក្សខ្មែរតែមួយឯណេះវិញ បានប្រកាស​​ពីការដើរ​​ចេញ​​​​​​ពី​​ឆាកនយោបាយ​ ហើយទៅលក់ត្រកួន បើ​អតីត​អ្នក​នយោបាយ នៃអតីត​​បក្ស​​ប្រឆាំង​​នោះ ពិត​​​​ជាត្រូវរួប​​រួម​​គ្នាជាបក្សតែមួយមែន។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ ប្រធានប្រតិបត្តិ​គណបក្សខ្មែរតែមួយ លោក គុជ លី បញ្ជាក់​​​​​ថា សារនយោបាយគណបក្សរបស់​លោក មានបំណងល្អ មិនមែន​​ជាការ​​ផ្ចាញ់​​ផ្ចាល់​​អ្វី​​ឡើយ​​។ លោកថា ពេលណា​​អ្នកប្រជាធិបតេយ្យ​មានកម្លាំងសាមគ្គីគ្នាហើ​យ នោះ​មិនចាំ​​បាច់​​មា​នវត្ត​មាន​លោក នៅក្នុងសង្វៀននយោបាយអ្វីទៀតក៏បានដែរ។

លោកបន្តថា៖ «មិនថាគណបក្សណា ឱ្យមានគណបក្សមួយអាចទៅប្រកួតជាមួយ​​គណបក្ស​​ប្រជា​​ជន ដោយយើងយល់​​ឃើញថា ក្រុមអ្នក​ដែលបានសុំសិទ្ធិធ្វើ​​នយោបាយជាង ២០​​នាក់នេះ អាច​​ជា​​ក​​ម្លាំ​​ង​​​​ប្រមូលផ្តុំគ្នាមួយបាន ដើម្បីឱ្យមាន​ចរន្តប្រជាធិបតេយ្យទៅថ្ងៃអនាគត ដើម្បី​​បង្កើត​​ចរន្ត​​ប្រជា​​ធិ​​ប​​តេយ្យបែបខ្មែរនិយមទៅវិញ។ បើសិនជាមានការ​រួបរួម​មែន គណបក្សខ្មែរ​​តែមួយ​​​នឹងបិទទ្វារ​​សក​ម្ម​​​​​​ភាព ដូច​ខ្ញុំ​បាន​ប្រកាស​អ៊ីចឹង គឺយើងនឹងឈប់ទៅធ្វើសកម្មភាពនយោបាយ»។ 

គិតមកដល់ពេលនេះ អតីតគណបក្សសង្រ្គោះជាតិ ដែលធ្លាប់មានកម្លាំងដ៏ធំ ត្រូវគេមើលឃើញថា បានបែកបាក់​កម្លាំង​​សាមគ្គី សម្រាប់​មន្រ្តី​ថ្នាក់​ក្រោម ក្រោយពីអតីតបក្សប្រឆាំងមួយ​នេះ ត្រូវ​បានរំលាយ​​​ដោយ​​សាល​​ដីកា​របស់តុលាការកំពូល កាលពីឆ្នាំ២០១៧។

ក្នុងរយៈពេលចុងក្រោយ​នេះ មានគណបក្សថ្មីៗជាច្រើន ត្រូវបានបង្កើតឡើងព្រោងព្រាត រួមមាន​​គ​​ណបក្សឆន្ទៈ​ខ្មែរ គណបក្ស​កែ​ទម្រង់​កម្ពុជា គណបក្សខ្មែរស្រឡាញ់​ជាតិ គណបក្សខ្មែរអភិរក្សនិយម គណបក្សកម្ពុជានិយម គណបក្សបេះដូងជាតិ និង​នៅ​មាន​២​គណបក្ស​ទៀត​ ដែល​ស្ថិតនៅ​​ក្នុងការ​​សម្រេច​​ចិត្តរបស់ក្រសួងមហាផ្ទៃនៅឡើយ។

យ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថ្លែងថា គម្រោងបង្កើត​​បក្ស​​តែមួយ របស់​អ្នក​នយោបាយ​ដែល​កើត​ចេញ​ពី​​អតីតបក្សប្រឆាំងនេះ មិនមែនជាការគំរាមកំហែង និងជាគូប្រកួតដ៏មានឥទ្ធិពល សម្រាប់គណបក្សកាន់អំណាចឡើយ។

បើតាមលោក សុខ ឥសាន កុំ​​ថាឡើយគណបក្សថ្មីៗ ដែលទើបបង្កើតឡើងទាំងនេះ មកតតាំងនឹង​​គណបក្សប្រជាជនកម្ពុជា សូម្បី​អតីត​គណបក្ស​សង្រ្គោះជាតិ ក៏នៅតែមិន​​អាចយកប្រៀប​​ជាមួយ​​គណ​​បក្ស​នេះបានដែរ។

លោកបន្តថា៖ «អ្នកចេញមកធ្វើនយោបាយជាថ្មីហ្នឹង មិនមានប៉ុន្មានទេ គឺមានតែ២៦រូបទេ ដែលជា​​អ្នក​​បានទទួល​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ដូច្នេះបានន័យថា កាលនៅមូល១០០ភាគរយ ក៏នៅចាញ់គណបក្សប្រជាជន ឥឡូវនេះចេញ​មកត្រឹមតែ១០ ទៅ២០នាក់ អាហ្នឹង​​យើងយល់​​ថា​​យ៉ាង​​ម៉េច?»។ 

នាយកប្រតិបត្តិនៃអង្គការនិចហ្វិកលោក សំ គន្ធាមី យល់​ស្របដែរថា ប្រសិនបើអ្នកនយោ​បាយ​​​ជំនាន់​​ថ្មីនេះ ពិតជា​អាច​រក​ឃើញ​នូវ​រូបមន្ត​រួម​កម្លាំង​គ្នា​បាន ដូចអតីតគណបក្សសង្រ្គោះ​ជាតិមែន ក៏លទ្ធភាពស្រូបទាញ អ្នកគាំទ្រមិនបានច្រើនលើសលុបដែរ។ អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះកត់សំគាល់ឃើញថា មានហេតុផលមួយចំនួន ដែលមិន​​អាច​​ទៅរួច ក្នុងនោះ អង្គបោះឆ្នោត​មិន​ទាន់​អាចមានជំនឿ​លើតួអង្គនយោបាយ​ ដូចលោក​ សម រង្ស៊ី និងលោក​ កឹម សុខា ហើយ​​​កម្មវិធីនយោបាយ ដែល​​ដាក់​​ចេញមិនទាន់ដឹងថា នឹង​មាន​ប្រសិទ្ធិភាព​និង​ទាក់ទាញកម្រិតណា​ពីអ្នក​​បោះ​​ឆ្នោត ខណៈអ្នកទាំងនោះ​មានពេល​​ខ្លីក្នុងការ​​រៀបចំ​​កម្ម​​វិធីនយោបាយ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ