ក្រសួងកសិកម្មជំរុញការ​នាំ​ចេញ​ផ្លែមៀន​ស្រស់​ទៅ​កាន់​ទីផ្សារ​បរទេស​

ក្រសួងកសិកម្មជំរុញការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ជំរុញ​ការ​នាំ​ចេញ​ផ្លែមៀនស្រស់​ទៅ​កាន់​ទីផ្សារ​បរទេស ខណៈ​ការត្រៀម​រៀ​ប​ចំហេដ្ឋា​រចនា​សម្ព័ន្ធរូប​វ័ន្ត​តាម​លក្ខខណ្ឌដែល​បាន​ឯកភាព​គ្នា​ ដើម្បី​កំណត់​នូវភាព​ជោគ​ជ័យ​ក្នុង​ដំណាក់​កាល​ចរចានេះ។

នៅ​ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ផ្ញើជូនដល់​វិស័យ​ឯកជន​ សហគមន៍កសិកម្ម និង​អន្តរស្ថាប័ន​ពាក់ព័ន្ធ​ ចុះថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០២១នេះ​ លើកឡើង​​​អំពីការ​នាំចេញ​ផ្លែមៀន​ស្រស់ ដោយ​ត្រៀម​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្ត​ រួម​មាន​ការ​លាង​សម្អាត​ ការរម្ងាប់​សមាសភាព​ចង្រៃ និង​ការ​វេចខ្ចប់​ ដើម្បី​ធានា​សម្រប​តាម​លក្ខខណ្ឌ​តម្រូវ​ភូត​គាម​អនាម័យ​ដែល​បាន​ឯកភាព​គ្នា​ជាមួយ​ប្រទេស​ចិន និង​ប្រទេសថៃ។

ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ ក៏បាន​អំពាវនាវដល់វិស័យ​ឯកជន សហគមន៍​កសិកម្ម និង​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ចូលរួម​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ផ្លែមៀន​ស្រស់​ទៅ​កាន់​ទី​ផ្សារ​បរទេស​ ដោយ​ពិនិត្យ​លទ្ធភាព​ធ្វើ​ការ​វិនិយោគ​ក្នុង​ការ​សាង​សង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់​ព័ន្ធ ឬ​ពង្រីក​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ឱ្យ​បាន​ទាន់ពេល​វេលា​។

ក្រសួង​ដដែល​បន្ថែមថា ដើម្បីចូលរួម​ក្នុង​ការ​ជំរុញ​កា​រនាំ​ចេញ​ផលិត​ផល​ ដោយ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ស្រូប​យក​ផលិតផល​មក​ធ្វើ​ការ​កែច្នៃ​នាំ​ចេញ​ឱ្យ​បាន​ជា​អតិបរមាភ្លាមៗ​ ក្រោយពេល​មាន​ការ​ឯកភាព​ជាមួយ​ប្រទេស​នាំ​ចូល​លើ​ពិធី​​សារអំពីលក្ខខណ្ឌ​តម្រូវ​ភូត​គាម​អនាម័យ។ ក្នុង​នោះ​ ប្រទេស​នាំ​ចូល​ក៏​នឹង​ចុះមក​ពិនិត្យ​ និង​វាយ​តម្លៃ​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ មុនឈាន​ដល់​ដំណាក់​កាល​នៃ​ការ​នាំ​ចេញ​ជាក់ស្ដែង​។

ឆ្លើយតប​នឹង​គោលដៅ​ និង​ទិសដៅ​ដែល​បាន​ជម្រាប​ជូន ក្រសួង​ក៏បាន​ជម្រាប​បន្ថែម​ថា​ ពលរដ្ឋ​ដែល​មាន​បំណង​វិនិយោគលើ​ការ​នាំ​ចេញ​ផលិតផល​ផ្លែមៀន​ស្រស់​ដើម្បី​លើកកម្ពស់​ផលិតភាព​និង​ពាណិជ្ជូបនីយកម្ម​ផលិតផលកសិកម្ម​កម្ពុជា​ សូម​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ដែល​ជា​សេនា​ធិការ​បច្ចេកទេស​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ក្នុង​ការ​ទទួល​បាន​ការ​ណែនាំ​ផ្នែក​បច្ចេកទេសពាក់ព័ន្ធ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ