ក្រសួង​រកឃើញ​អ្នកឆ្លងវីរុស​កូវីដ-១៩ បំប្លែង​ថ្មី​ជិត​១ពាន់នាក់ក្នុង​២៣​រាជធានី-ខេត្ត

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្ពុជា បានរកឃើញមេរោគបំប្លែងថ្មី       «ដែលតា» សរុបជិត១ពាន់នាក់ នៅក្នុង២៣រាជធានី-ខេត្ត ខណៈខេត្តកែប និងខេត្តក្រចេះមិនទាន់មានអ្នកឆ្លងជំងឺបំប្លែងថ្មីនេះទេ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃអាទិត្យទី២២ ខែសីហានេះថា វិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ដែលតា នៅក្នុងប្រទេសកម្ពុជា រួមមានអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្សជាដើម។

ក្រសួងសុខាភិបាលបញ្ជាក់ថា  វីរុសដែលតា បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត។

ករណីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង  ក្រើនរំលឹកនិងអំពាវនាវបន្ថែមទៀតដល់សាធារណជនទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យ ស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយរើសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជា ជាយថាហេតុណាមួយ​។

លោករដ្ឋមន្ត្រីអំពាវនាវដូចនេះថា៖ «បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែង មានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»

ចំណែក បុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាម ការណែនាំរបស់គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំផងដែរ ។

គិត​ត្រឹម​ថ្ងៃទី២១​ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩ ​សរុប​ចំនួន​ ៨៨ ៧៣៥ នាក់ ក្នុងនោះ ករណី​នាំ​ចូល​សរុប ១៣ ៩៩៣ និង​ស្លាប់​ចំនួន ​១ ៧៧៨ នាក់។ ចំណែក​អ្នក​ជំងឺ​ព្យាបាល​ជាសះស្បើយ​វិញ​ សរុប​ ៨៤ ៥០៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ