មន្ត្រីអតីតគណបក្សសង្រ្គោះជាតិ និងជាមនុស្សដែលស្និទ្ធនឹងលោក សម រង្ស៊ី បានអះអាងថា ខាងអតីតគណបក្សប្រឆាំង ស្វាគមន៍ជានិច្ច ប្រសិនបើមានការបើកភ្លើងខៀវណាមួយដែលនាំឱ្យមានជំនួបក្រៅផ្លូវការជាមួយនឹងលោក ស ខេង ខណៈថ្នាក់ដឹកនាំក្រសួងមហាផ្ទៃរូបនេះកំពុងធ្វើទស្សនកិច្ចជាលក្ខណៈឯកជននៅប្រទេសបារាំង។
ខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២២ ខែសីហា ថា ដោយមានការយល់ព្រមពីនាយករដ្ឋមន្ត្រីនោះ លោក ស ខេង បានចាកចេញពីកម្ពុជាទៅកាន់សាធារណរដ្ឋបារាំង រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយសារមានធុរៈផ្ទាល់ខ្លួន។
ទស្សនកិច្ចជាលក្ខណៈឯកជនរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង នៅពេលនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅចំពេលបក្សនយោបាយធំៗទាំងពីរនៅកម្ពុជាកំពុងជួបវិបត្តិ។ ម៉្យាងវិញទៀត ដំណើរទស្សនកិច្ចដ៏កម្ររបស់លោក ស ខេង ធ្វើឡើងនៅលើទឹកដីដែលប្រធានស្តីទីអតីតបក្សប្រឆាំង គឺលោក សម រង្ស៊ី កំពុងរស់នៅផង។
លោក ម៉ែន សុថាវរិន្ទ្រ អតីតអ្នកតំណាងរាស្រ្តប្រចាំមណ្ឌលកំពង់ធំ និងសៀមរាប នៃអតីតគណបក្សសង្គ្រោះជាតិ ហើយក៏ជាមនុស្សដែលស្និទ្ធបំផុតរបស់លោក សម រង្ស៊ី មានសុទិដ្ឋិនិយមថា ភាពជាប់គាំងផ្នែកនយោបាយនៅកម្ពុជា នៅតែអាចរកច្រកចេញបាន។
លោកបន្តថា លោកបានផ្តល់ដំណឹងនៃដំណើរទស្សនកិច្ចរបស់លោក ស ខេង នៅលើទឹកដីប្រទេសបារាំងនេះ ទៅលោក សម រង្ស៊ី រួចហើយ ខណៈលោក សម រង្ស៊ី នៅពេលនេះកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
យ៉ាងណា លោកថា ប្រសិនបើមានតម្រុយណាមួយ នោះប្រហែលនឹងអាចមានជួបជាលក្ខណៈក្រៅផ្លូវការរវាងមន្ត្រីអតីតបក្សប្រឆាំងជាមួយនឹងលោក ស ខេង។
លោកបន្តថា៖ «បាទ! ច្បាស់ហើយអាចនឹងមាន ព្រោះយើងគឺជាខ្មែរនិងខ្មែរតើ! ខាងគណបក្សសង្រ្គោះជាតិ ជាពិសេសលោកប្រធាន សម រង្ស៊ី គាត់អត់មានគុំកួនអ្វីទាំងអស់ គាត់គិតគូរពីប្រជាពលរដ្ឋរបស់គាត់។ និយាយរួម បើជាគំនិតខ្ញុំផ្ទាល់ អាហ្នឹង [ស្ថានភាពនយោបាយស្រុកខ្មែរ] ដូចកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អ៊ីចឹងមានអី! មានតែខ្មែរនិងខ្មែរហ្នឹងទេ គួរមានការចរចាគ្នា ដើម្បីប្រទេសជាតិរបស់យើង»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត ឆ្លើយតបតាមសារតេឡេក្រាមនៅថ្ងៃចន្ទនេះថា ដំណើរទស្សនកិច្ចរបស់លោក ស ខេង នៅពេលនេះ មិនមានទិសដៅអ្វីផ្សេងក្រៅពីដំណើរទស្សនកិច្ចជាលក្ខណៈឯកជននោះឡើយ។
លោកបន្តថា៖ «ចំពោះដំណើរទៅកាន់សាធារណរដ្ឋបារាំង គឺជាកិច្ចការឯកជនផ្ទាល់ខ្លួនរបស់សម្តេចក្រឡាហោម គឺមិនពាក់ព័ន្ធនឹងអ្វីក្រៅពីនេះឡើយ»។
នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន យល់ឃើញថា ដំណើរទស្សនកិច្ចដ៏កម្ររបស់លោក ស ខេង នៅលើទឹកដីសាធារណរដ្ឋបារាំងនេះ អាចជាការផ្តល់ភាពវិជ្ជមានសម្រាប់វិបត្តិនយោបាយ ថ្វីបើដំណើរទស្សនកិច្ចនេះជាលក្ខណៈឯកជនក៏ដោយ។
លោកបន្តថា៖ «ហើយការមើលឃើញហាក់ដូចជាប្រជាពលរដ្ឋមួយចំនួនហ្នឹង លោកស្រេកឃ្លានចង់បានឱ្យអ្នកនយោបាយទាំងពីរប៉ូលហ្នឹងបោះដៃទៅរកគ្នា ឈានទៅរកការជជែកពិភាក្សាគ្នា សម្របសម្រួលគ្នា និងជាសះគ្នា ដើម្បីជួយមកដឹកនាំនិងដោះស្រាយបញ្ហាសង្គមជាតិដែលកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ននិងពេលអនាគត។ នេះជាសញ្ញាណល្អទៅវិញទេសម្រាប់ខ្ញុំមើលឃើញ»៕