ក្រសួង​មហាផ្ទៃ​ កំពុង​ពិនិត្យ​សំណើ​ផ្តល់​សម្បទា​សម្រាប់​គណបក្ស​កែ​ទម្រង់​កម្ពុជា

លោក ប៉ុល ហំម លើកកាន់ក្រដាសបង្ហាញពីនិមិត្តសញ្ញាគណបក្សកែទម្រង់កម្ពុជា ក្នុងកម្មវិធីចុះសំណេះសំណាលសួរសុខទុក្ខតំណាងបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្សកែទម្រង់កម្ពុជា Cambodia Reform Party)

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឱ្យដឹងនៅថ្ងៃចន្ទនេះ​ថា ក្រសួងកំពុង​​ពិនិត្យ​​ឯកសា​​រ​ផ្លូវ​​ច្បាប់​​នានាឡើងវិញ បន្ទាប់ពី«គណបក្សកែទម្រង់កម្ពុជា»ដែលទើបបង្កើតឡើង​ថ្មីនេះ បានស្នើឯកសារ​ផ្លូវ​​​ច្បាប់​​នានាបន្ថែមទៀតមកក្រសួង ដើម្បីពិនិត្យនិងសម្រេចជាលើកចុងក្រោយ។ 

លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ វីអូឌី តាមបណ្តាញសង្គម​តេឡេក្រាមថា ក្រសួងបានទទួលរួចហើយនូវ​សំណើសុំ​បើកដំណើរការនិងធ្វើសកម្មភាព​​​របស់​​គណបក្សកែទម្រង់កម្ពុជា។

ទោះជាបែបណា អ្នកនាំពាក្យរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតទេ ថាតើការ​​ពិនិត្យឯកសារនេះ​​ត្រូវ​​បញ្ចប់​​នៅពេលណា ហើយជូនដំណឹង​អំពីការផ្តល់សុពលភាពទៅគណបក្សកែទម្រង់កម្ពុជាវិញ​​​​​​​នៅ​​​​ថ្ងៃណា។

បើតាមលោក ផាត សុផានិត ការផ្តល់ភ្លើងខៀវឱ្យគណបក្សកែទម្រង់កម្ពុជាអាចធ្វើសកម្មភាពនយោបាយនៅពេលណាបាននោះ គឺអាស្រ័យលើឯកសារដែលបាន​​ដាក់​​ជូន​​ក្រ​​សួង​​មហាផ្ទៃត្រឹមត្រូវកម្រិតណា និងថាតើគណបក្សដែលទើបបង្កើតថ្មីនេះបាន​​អនុវត្ត​​គ្រប់​​នីតិវិធីដែល​មានកំណត់នៅក្នុងច្បាប់ហើយនៅ។

លោកបន្តថា៖ «ចំពោះការសម្រេចលើសំណើ គឺអាស្រ័យលើការបំពេញបែបបទត្រឹមត្រូវនិងគ្រប់គ្រាន់តាមនីតិវិធីកំណត់។ វាអាស្រ័យទៅលើ ថាតើគាត់បំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់តម្រូវដែរឬទេ! ដូច្នេះហើយយើងកំពុងពិនិត្យកិច្ចការនេះ»។

យ៉ាងនេះក្តី លោក អ៊ូ ចាន់រ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាមន្រ្តីជាន់ខ្ពស់​​គណ​​បក្ស​​កែទម្រង់កម្ពុជា បានបញ្ជាក់កាលពីថ្ងៃសុក្រថា រាល់ឯកសារនិងបទដ្ឋានគតិយុត្តិនានាដូច​​ដែ​ល​​​​​​ក្រសួងមហាផ្ទៃទាមទារក្នុងពេលកន្លងទៅ រួមមាន ស្នាមមេដៃ លក្ខន្តិកៈ និងបទបញ្ជា​​ផ្ទៃ​​ក្នុង​​របស់គណបក្ស ជាដើម លោកបាន​​បំពេញនិងដាក់ជូនក្រសួង​​រួច​​​​រាល់​​អស់​​ហើយ​​។ គណបក្ស​​កែ​​ទម្រង់​​កម្ពុជា ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតជាផ្លូវការឱ្យបង្កើត​​ទៅជា​​គណ​​​​បក្ស​​នយោបាយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ