ក្រសួង​ជំរុញ​​ទៅ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩​ ខណៈ​ចំនួន​អ្នក​ទៅ​ចាក់​មិន​ទាន់​គ្រប់​តាម​ផែនការ

មន្ត្រីសុខាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាជំនួយពីប្រទេសចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។ (ជន ចានរ៉ែន)

ក្រសួងសុខាភិបាលប្រាប់​ជាថ្មី​ទៅអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវ​ណែនាំដល់​ប្រជាពលរ​ដ្ឋបន្ថែមទៀតឱ្យ​ពួក​​គេ​ទៅ​ចាក់​វ៉ាក់​សាំង​ប្រឆាំងកូវីដ-១៩ ខណៈផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុចាប់ពី​១៨ឆ្នាំ មិនទាន់គ្រប់តាមផែនការនៅឡើយ។

ក្នុងលិខិតរបស់ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃចន្ទនេះ​ថា ដើមចមដែលធ្វើឱ្យប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ​មួយចំនួនមិនទាន់បានមក​ចាក់វ៉ាក់សាំង ដោយសារមូលហេតុពលរដ្ឋខ្លះជា​ពលករ ប្រជាពលរដ្ឋ ឬ​​និស្សិត​​​ដែល​បានត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក និង​ស្ត្រីទើបសម្រាលកូនរួច ​ជាដើម។

ករណីនេះ ក្រសួងសុខាភិបាលបានបង្កើតទីតាំង​ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋនិងពលករដែលនៅសេស​សល់ ដោយ​សារ​បច្ចុប្បន្ន​នេះ ចំនួន​ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយបាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ មិនទាន់បានគ្រប់តាមផែនការ​ដែល​គ្រោង​ទុកចំនួន ១០លាននាក់នៅ​ឡើយ។

ទាក់ទិននឹងបញ្ហានេះ ក្រសួងសុខាភិបាលអំពាវនាវទៅអាជ្ញាធររាជធានី-ខេត្តទាំងអស់កៀរគរ​ប្រជាពលរដ្ឋ​ដែលមិន​ទាន់​បាន​ចាក់​វ៉ាក់សាំងដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគេឱ្យទៅចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តឱ្យបានទាន់ពេលវេលា នៅតាមទីតាំងដែលកំពុងដំណើរការចាក់វ៉ាក់សាំង។

លិខិតក្រសួងបញ្ជាក់ថា៖ «អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវចាត់ចែងរៀបចំជាប់ជាប្រចាំចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលប្រជាពលរដ្ឋងាយស្រួលទៅទទួលយកវ៉ាក់សាំង ដូចជា នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ឬទីតាំងមួយចំនួនទៀត​ដែលអាចផ្តល់លទ្ធភាពដល់ពលរដ្ឋដែលនៅសេសសល់បានទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា»។

ក្រសួងសុខាភិបាល ឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១​ ចំនួនពលរដ្ឋទៅចាក់វ៉ាក់សាំងចាប់ពីអាយុ១៨ឆ្នាំឡើងទៅ មាន​ចំនួន ៨៧,២៦%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​១០លាននាក់​ ខណៈកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមានចំនួន ៥០,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៩៦៦ ៩៣១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ