រដ្ឋា​ភិបាល​ឱ្យ​ម្ចាស់​យានយន្ត​ឯកជន​ដែល​ជ្រក​ក្រោម​ផ្លាកលេខ​រដ្ឋ​​​ត្រូវ​បង់ពន្ធ​

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

​រដ្ឋាភិបាលបានសម្រេចឱ្យម្ចាស់យានយន្តឯកជនដែលកំពុងជ្រកក្រោមផ្លាកលេខរដ្ឋ​ ត្រូវគោរពច្បាប់និងបង់​ពន្ធ​ចូល​រដ្ឋ​ស្រប​តាម​ច្បាប់ ក្រោយរកឃើញ​យាន​យន្ត​ទាំងនោះ​រាប់​រយ​គ្រឿង​មិន​បាន​បំពេញកាតព្វ​កិច្ច​បង់​ពន្ធ។

ក្នុងលិខិតមួយ​ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃអង្គារ​នេះ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សំណើមួយទៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំគោលការណ៍អនុវត្តវិធានការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានយន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ ដើម្បីពង្រឹងសក្ដានុពលចំណូលពន្ធ និងទប់ស្កាត់ការរត់ពន្ធរថយន្តចង្កូតស្តាំដោយខុសច្បាប់។

លិខិតដដែលនេះបានទាមទារឱ្យម្ចាស់យានយន្តឯកជនទាំងអស់ដែលកំពុងជ្រកក្រោមផ្លាកលេខ​រដ្ឋ​ ជាពិសេស​ផ្លាក​លេខ ខ.ម និង ន.ប មានចង្កូតឆ្វេងដែលមិនមានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្ដីពីគយ។

ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា​ កន្លងមក ក្រសួងបានរកឃើញថា មានយានយន្តឯកជនមួយចំនួនដែលជ្រកក្រោមផ្លាកលេខក្រសួង-​ស្ថាប័ន​​រដ្ឋ​ មិន​បានបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលឡើយ ហើយ​ក៏​មិនបាន​បញ្ជាក់​ពី​ភាព​ស្របច្បាប់នៃយានយន្តរបស់ពួកគេដែរ។

ក្រសួងបញ្ជាក់ថា ដើម្បីទទួលបាននូវភាពស្របច្បាប់និងបទប្បញ្ញត្តិ លុះត្រាតែយានយន្តទាំងនោះបានបំពេញ​កាតព្វកិច្ច​ពន្ធនិងអាករគ្រប់​ប្រភេទ។ ក្រសួង​បន្ត​ថា ការ​ប្រើប្រាស់​ដោយ​ចន្លោះ​ប្រហោង​នេះបានបង្ក​​ផលលំបាក​ដល់​សមត្ថកិច្ច​គយនិងរដ្ឋាករ​កម្ពុជា ក្នុងការចុះពិនិត្យភាពស្របច្បាប់នៃយានយន្តដែលបាននិងកំពុងចរាចរនៅកម្ពុជា។

ក្រសួងសេដ្ឋកិច្ច ឱ្យដឹងថា រយៈពេល៣ឆ្នាំចុងក្រោយនេះ មានការកើនឡើង​នៃការស្នើសុំសាលាកបត្រពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដែលពន្ធជាបន្ទុករបស់រដ្ឋ ដោយនៅឆ្នាំ២០១៨ រថយន្តពាក់ផ្លាកលេខ ខ.ម មានចំនួន៣ ២០៨គ្រឿង, ឆ្នាំ២០១៩ មានចំនួន៤ ៨៦៨​គ្រឿង និងឆ្នាំ២០២០ មានចំនួន៦ ៣៧៤គ្រឿង។ ក្រសួងថា ក្នុងចំណោមរថយន្តពាក់ផ្លាកលេខ ខ.ម ចំនួន​៦ ៣៧៤​គ្រឿង គឺ​មានរថយន្ត១ ៧១២គ្រឿងមិនបានបំពេញកាតព្វកិច្ចបង់ពន្ធនៅឡើយ។

ក្នុងលិខិតដដែលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទាមទារឱ្យម្ចាស់យានយន្តជ្រកក្រោមផ្លាក​លេខរដ្ឋ ផ្លាក​លេខ ខ.ម និងផ្លាកលេខ ន.ប ដែលមានចង្កូតឆ្វេង និង​ពុំទាន់មានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ​ ត្រូវប្រើប្រាស់ថវិកាខ្លួនឯង​បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានយន្តគ្រប់ប្រភេទឆ្នាំ២០២១។

ក្រសួងបានស្នើដល់អគ្គនាយកដ្ឋានពន្ធដារឱ្យរៀបចំបញ្ជីលម្អិតចំពោះយានយន្តឯកជនដែលកំពុង​ជ្រកក្រោមផ្លាកលេខរដ្ឋ លេខ ខ.ម និង ន.ប អំពី​ភិន​ភាគ​សម្គាល់​យាន​យន្ត ម្ចាស់​យានយន្ត ជូន​ដល់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធនិងអាករនាំចូល។

ក្រសួងបានជំរុញដល់អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធ ឱ្យគាំទ្រដល់កម្លាំងរបស់គយក្នុងការ​ទប់ស្កាត់និងបង្ក្រាបការរត់ពន្ធរថយន្តចង្កូតស្តាំចូលមកកម្ពុជា ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់និងគោលនយោបាយ ហាមឃាត់ការនាំចូលនិងការប្រើប្រាស់រថយន្តចង្កូតស្តាំ ហើយមិនត្រូវជាប់ពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលក្នុងទម្រង់ណាមួយក្នុងការទទួលស្គាល់រថយន្តចង្កូតស្តាំដែលជាប្រភេទរថយន្តខុសច្បាប់នោះឡើយ។

ក្រសួងសេដ្ឋកិច្ច បញ្ជាក់ទៀត​​ថា ក្រសួងអនុញ្ញាតឱ្យបង់ពន្ធនិងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំដែលមានស្រាប់ក្នុងស្រុកជា​លើក​ចុង​ក្រោយ ហើយត្រូវកែចង្កូតពីស្តាំមកឆ្វេងវិញ ដើម្បីឱ្យស្របច្បាប់ចរាចរណ៍ផ្លូវគោក​របស់​កម្ពុជា ហើយថា ការអនុញ្ញាតនេះនឹងផុតកំណត់ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ប្រាប់ វីអូឌី យ៉ាងខ្លីថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់ក្រសួងសេដ្ឋកិច្ចនេះហើយ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ករណីរដ្ឋាភិបាល​សម្រេច​ឱ្យម្ចាស់​យានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខរដ្ឋចូលរួមបង់ពន្ធនោះ វាជារឿងល្អមួយ ដើម្បី​ឱ្យ​មាន​តម្លាភាព​​លើការអនុវត្តច្បាប់រវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងការបង់ពន្ធយាន​យន្ត និង​អាច​ប្រមូល​បានថវិកា​ចូល​រដ្ឋកាន់តែច្រើនថែមទៀត។

លោក ប៉ិច ពិសី បានលើកឡើងថា បច្ចុប្បន្នមានមន្ត្រីសាធារណៈជាច្រើនបានប្រើសិទ្ធិនិងអំណាចរបស់ខ្លួន ដើម្បីទទួលបានការប្រើប្រាស់រថយន្តពាក់ផ្លាកលេខរដ្ឋ ហើយគេច​វេះពីកាតព្វកិច្ចបង់ពន្ធ។

តែយ៉ាងណា លោកបាន​ស្នើដល់រដ្ឋាភិបាលឱ្យពង្រឹងការអនុវត្តច្បាប់ និងចាត់វិធានការច្បាប់ឱ្យតឹងរ៉ឹងចំពោះ​អ្នក​ដែល​មិន​ព្រមឬគេច​វេះ​ក្នុង​ការ​បង់​ពន្ធយានយន្តនេះ។

លោកបន្ថែមថា៖ «គោល​ការណ៍​របស់​រដ្ឋាភិបាល​មាន​ចែង​អំពី​ថាតើមន្ត្រីក្នុងតំ​ណែងណាត្រូ​វ​ទទួល​បានការឧបត្ថម្ភ​ជារថយន្ត​ ហើយបានពាក់ផ្លាកលេខរដ្ឋ​ដើម្បីជិះ។ ប៉ុន្តែកន្លែងហ្នឹង​មាន​ភាព​ស្រពេច​ស្រពិល​ត្រង់ថា អ្នកខ្លះអាចប​ន្លែបន្លំ​ក្នុងការទទួលបានសិទ្ធិហ្នឹងដែរ តាម[ច្បាប់]គាត់មិនទទួលបានសិទ្ធិប្រើប្រាស់បែបនេះពីរដ្ឋា​ភិបាលទេ។ អ៊ីចឹង​កន្លែង​ហ្នឹង​អត់​ល្អទេ ហើយនាំឱ្យកើតនូវភាពមិនស្មើ​ភាពគ្នាក្នុងការប្រើប្រាស់រ​ថយន្តឯក​ជន ហើយមួយទៀត រដ្ឋាភិបាលធ្វើអ៊ីចឹង​ល្អហើយ យើងអាចប្រមូលថវិកាបន្ថែម​ចូល​រដ្ឋ»

បើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច យានយន្តនាំចូលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ថវិកាជាតិ ដោយនៅក្នុងឆ្នាំ២០១៩ ចំណូលពីក្រុមទំនិញនេះបានដើរតួនាទីជាងពាក់កណ្តាល (៥៣ភាគរយ) នៃចំណូល​សរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ តួលេខនេះ​បានធ្លាក់​ចុះមក​ត្រឹម៤៣​ភាគរយ ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារវិបត្តិ​កូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ