ទូត​​​កម្ពុជា​ប្រាប់​​​​ពលរដ្ឋ​​ខ្មែរ​​នៅ​វៀតណាម​​ឱ្យ​​​ប្រយ័ត្ន​​​ចំពោះ​​ព្យុះ​​ចំនួន​​៤​នឹង​កើត​មាន​​​ដល់​​​ចុង​ឆ្នាំ​

រូបថតពីលើអាកាសបង្ហាញពីផ្ទះដែលត្រូវបានបំផ្លាញនិងលិចក្នុងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង (typhoon) នៅស្រុក Le Thuy ខេត្ត Quang Binh ភាគកណ្តាលប្រទេសវៀតណាម កាលពីឆ្នាំ២០២០។ (UNICEF/Pham/AFP-Services)

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេសវៀតណាម​ អំពាវនាវដល់​ប្រជាពលរដ្ឋ​​ខ្មែរ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ព្យុះ​ចំនួន៤​ដែល​នឹង​បោកបក់​ចូលដែន​ដីគោក​របស់​ប្រទេស​វៀតណាម​​​ ចាប់​ពី​ពេលនេះ​រហូតដល់​ចុងឆ្នាំ​២០២១​។ 

​ក្នុង​សេចក្ដីជូនដំណឹង​របស់​​ស្ថានឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលកំពុង​រស់​នៅ​ ធ្វើការងារ ឬ​មាន​វត្តមាន​នៅ​វៀតណាម ​បាន​ឱ្យដឹងថា ​ចាប់​ពីពេលនេះ​ រហូតដល់​ចុងឆ្នាំ​​២០២១ ព្យុះចំនួន​៧ទៅ​៩ និង​សម្ពាធត្រូពិកទាប នឹង​បោកបក់​សមុទ្រខាង​កើត ហើយ​ក្នុង​នោះមាន​ព្យុះចំនួន​៤នឹង​បោក​បក់​ចូល​ដីគោក​របស់​ប្រទេស​វៀតណាមផងដែរ​។ 

សេចក្ដីជូនដំណឹង​ដដែលក៏បាន​បញ្ជាក់ថា តាម​បណ្ដាខេត្តនិង​ទីក្រុង​នៅភាគ​កណ្ដាល​ និង​តំបន់​កណ្ដាល​ឈៀង​ខាង​ត្បូង នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់ពីខែ​តុលា វិច្ឆិកា និង​ធ្នូ ឆ្នាំ២០២១ ប៉ុន្តែ​ភ្លៀង​នឹង​មិន​ធ្លាក់​ខ្លាំង​ដូចឆ្នាំ​២០២០ទេ។ បន្ថែម​ពីនេះ ស្ថានទូតថា អាកាសធាតុ​នឹង​ចុះ​ត្រជាក់​លឿន​​ជាង​​ធម្មតា ដែល​នឹង​ចាប់ផ្ដើម​ពីចុង​ខែកញ្ញា​ឬ​នៅដើម​ខែ​តុលា ហើយ​ការ​ចុះ​ត្រជាក់ខ្លាំង​នេះ​អាច​នៅ​ពាក់​កណ្ដាល​ខែធ្នូ ឆាប់​ជាង​បណ្ដា​ឆ្នាំ​មុនៗ។ 

ហេតុដូច្នេះ ស្ថានទូតកម្ពុជាប្រចាំវៀតណាម បានអំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេសក្បែរខាងមួយនេះ ឱ្យ​​ប្រុងប្រយ័ត្ន​​​ខ្ពស់​ដើម្បី​សុវត្ថិភាពនិង​ចៀស​វាង​កើត​មាន​បញ្ហា​ជាយ​ថា​ហេតុ។

លើសពីនេះ ស្ថាន​ទូត​កម្ពុជា​ក៏បាន​ក្រើន​រម្លឹក​​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ដោយ​អនុវត្ត​វិធាន​ការការពារ​សុវត្ថិភាព​ ពាក់ម៉ាស់ រក្សា​អនាម័យឱ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បី​ការពារ​កុំឱ្យ​ឆ្លងជំងឺ​កូវីដ-១៩​ដ៏កាចសាហាវផងដែរ៕   

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ