រដ្ឋា​ភិបាល​អនុញ្ញាត​ឱ្យ​ចែក​ចាយ​​ឧប​ករណ៍​តេស្ត​​រហ័ស​​កូវីដ​-១៩​សម្រាប់​​សាធារណ​ជន

ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩។ (ហ្វេសប៊ុក៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications)

ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាសបើកទូលាយការ​ចែកចាយ​ឧបករណ៍​តេស្តរហ័សរក​អង់​ទីហ្សែន​កូវីដ-១៩ ចំនួន​ពីរប្រភេទសម្រាប់​សាធារណជន​ ដើម្បី​បន្ត​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃជំងឺ​កូវីដ-១៩ឱ្យ​បាន​ទាន់​ពេលវេលា។ 

នៅក្នុង​សេចក្ដី​ជូនដំណឹង​របស់​​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​​ កាលពីថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ បាន​លើកឡើងថា ការចែកចាយ​ឧបករណ៍តេស្ត​រហ័ស​រកអង់ទីហ្សែន​កូវីដ-១៩​ មាន​ពីរប្រភេទ ​រួមមាន ឧបករណ៍​តេស្តរហ័ស​រកអង់ទីហ្សែន​កូវីដ-១៩ «SD Biosensor (Standard Q)» ផលិតនៅប្រទេសកូរ៉េ ដែល​មួយ​ប្រអប់​មាន​ចំនួន២៥ឧបករណ៍តេស្ត​ និង​មាន​តម្លៃ​ ៣,៧ដុល្លារអាមេរិក​ក្នុង​មួយ​ប្រអប់​ ដោយ​ត្បារ​យក​សំណាក​ពីក្នុង​រន្ធច្រមុះ។ 

រីឯ​ឧបករណ៍តេស្ត​មួយ​ប្រភេទទៀត គឺ​ឧបករណ៍​តេស្ត​រហ័ស​រកអង់ទីហ្សែន​កូវីដ-១៩ «Healgen Antigen Rapid Test» ផលិតនៅប្រទេសចិន​ ដោយមួយប្រអប់​មាន​ចំនួន​២០ឧបករណ៍តេស្ត និង​មាន​តម្លៃ​២​ដុល្លារ​អាមេរិក​ ដោយ​ត្បារ​យក​សំណាកពីក្នុង​រន្ធច្រមុះ​ដូចគ្នា។ 

​ក្រសួង​​​​ដដែលបាន​ជូន​ដំណឹង​ដល់ក្រសួង​-ស្ថាប័ន​ ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារ​ចែកចាយ និង​​សាធារណជន អាច​បញ្ជាទិញ​​ចាប់​ពី​មួយ​ប្រអប់​ឡើងទៅ​ តាម​រយៈ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​​ដែល​មាន​​តំណ​ភ្ជាប់ mptc.gov.kh/rt ឬ​អញ្ជើញ​ទៅទិញ​ផ្ទាល់​នៅ​ឯទីស្ដី​ការ​ក្រសួង​ប្រៃសណីយ៍​​ និ​ងទូរគមនាគមន៍តែម្តង។ 

យ៉ាងណា យោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ កាល​ពីថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ បានព្រមាន​ចាត់​វិធានការ​ទៅលើ​ជន​ឆ្លៀត​ឱកាស​ដែល​បាន​យក​ឧបករណ៍​ធ្វើតេស្ត​រហ័សកូវីដ-១៩​ ទៅធ្វើ​​អាជីវកម្មបន្ត​ដោយ​ខុស​ច្បាប់​ និង​លក់បន្ត​ក្នុង​តម្លៃ​ខ្ពស់​ ស្រប​ពេល​ស្ថានភាព​ប្រទេស​កំពុង​ជួប​ការ​លំបាក៕   

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ