ក្រសួង​​រក​ឃើញ​​អ្នក​ឆ្លង​វីរុស​​កូវីដ-១៩​បំប្លែង​​ថ្មី​​ជាង​​១៣០០​នាក់​ក្នុង​​២៣​​រាជ​ធានី-ខេត្ត​

រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កទៅកាន់ខេត្តគោលដៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី «ដែលតា» សរុប១ ៣២៥នាក់ នៅក្នុង២៣រាជធានី-ខេត្ត ខណៈខេត្តកែប និងខេត្តក្រចេះ នៅតែជាខេត្តមិនទាន់មានអ្នកឆ្លងជំងឺបំប្លែងថ្មីនេះនៅឡើយទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃ​ទី២៥ ខែសីហានេះថា វិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី “ដែលតា” នៅក្នុងប្រទេសកម្ពុជា រួមមាន អ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃនិងវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន ​ជន​បរទេស បុគ្គលិករោងចក្រកាត់ដេរ ជាដើម។

ក្រសួងសុខាភិបាលបញ្ជាក់ថា វីរុស “ដែលតា” បាននិងកំពុងបន្តរាតត្បាត​ចូលក្នុងសហគមន៍ ជាពិសេសរាជធានីភ្នំពេញ ខេត្តឧត្ដរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត។

ករណីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង  ក្រើនរម្លឹកបន្ថែមទៀតដល់សាធារណជនទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យ ស្របតាមពាក្យស្លោកថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមាននៅកម្ពុជាជាយថាហេតុ​​។

លោករដ្ឋមន្ត្រីអំពាវនាវដូច្នេះថា៖ «បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ៣ការពារ [ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង] និង ៣កុំ [កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា] តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

ចំណែកបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ  កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ​សរុបចំនួន៩០ ៥៣៥នាក់ ​អ្នកជាសះស្បើយសរុបចំនួន៨៦ ៧០២នាក់ និងអ្នកស្លាប់សរុបចំនួន១​ ៨៣៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ