ដំណាំ​ស្រូវ​រាប់​ពាន់​ហិកតា​របស់​កសិករ​ក្នុង​ខេត្ត​​​២​ខូចខាត​​ដោយ​សារ​គ្មាន​ទឹក​ស្រោចស្រព

ស្ថានភាពស្រូវរបស់ប្រជាកសិកររស់នៅស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

ស្រូវរាប់ពាន់ហិកតារបស់ប្រជាកសិករនៅ​ខេត្ត​សៀមរាប និងខេត្ត​បន្ទាយមានជ័យ កំពុង​រង​ការខូច​ខាត​​ដោយ​សារ​គ្មាន​ទឹក​ស្រោច​ស្រព ដែលនាំឱ្យកសិករទាំងនោះ​​បារម្ភ​​កាន់​តែ​ខ្លាំងថាមិន​មាន​ស្រូវ​​សម្រាប់​​​ប្រមូល​​ផល​ ​ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារនៅពេលខាងមុខ​។

ប្រជាកសិករម្នាក់ដែលរស់នៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាប់​ព្រំប្រទល់​នឹង​ខេត្តបន្ទាយមានជ័យ អ្នកស្រី សោម ធិច បានលើកឡើងថា ​រយៈ​ពេល​ជិត​៣ខែ​មកហើយ​ដែលភូមិ​នេះមិនមានភ្លៀងធ្លាក់​ ដែលធ្វើ​​ពលរដ្ឋ​មានក្ដីបារម្ភខ្លាច​ស្រូវ​វស្សា​របស់​ពួក​គាត់​​រង​ការ​ខូច​ខាត​​ ​ប្រសិន​បើមិនមានកិច្ចអន្តរាគមន៍ណាមួយឱ្យទាន់ពេលវេលា ឬ​មិនមានភ្លៀង​ធ្លាក់ទៀតនោះ។ 

អ្នកស្រីបន្តថា ស្រូវរបស់គាត់ចំនួន៤ហិកតារងការខូចខាតស្ទើរតែទាំងអស់ ដែលនឹងធ្វើឱ្យ​គ្រួសារ​ប្រឈមខ្វះស្រូវសម្រាប់បរិភោគនៅពេលខាងមុខ និងប្រឈមជំពាក់បំណុលធនាគារផងដែរ។ ​

អ្នកស្រីថា៖ «[ការរីងស្ងួត] អស់៣ខែជាងហើយ! យូរគ្រាន់ មើលឡើងងាប់អស់ រាំងៗ [គ្មានភ្លៀង]។ មកដល់ពេលនេះក៏ភ្លៀងតិច ភ្លៀងរួចក៏រាំងទៅទៀត។ មើលដូចឃើញស្រាប់ ឡើងស្ងួតចែស ងាប់ឡើងអស់ ឡើងអាចដុតឆេះ»។

ស្រដៀងគ្នានេះ មេឃុំស្រណាល លោក ឡុង វួន ក៏មានក្ដីបារម្ភចំពោះបញ្ហារីងស្ងួតនៅឆ្នាំនេះដែរ ដែលធ្វើឱ្យ​ប្រជាពលរដ្ឋទាំ​ង១៤ភូមិក្នុងឃុំនេះ ជួបការលំបាកខ្លាំង។ លោកបន្តថា ប្រសិន​បើ​មិន​មាន​ភ្លៀង​ធ្លាក់​ទៀត ​អាចនឹងធ្វើឱ្យ​ដំណាំស្រូវ​​ប្រមាណ៤ ៨០០ហិកតាក្នុងឃុំនេះ នឹងត្រូវ​ខូចខាតទាំងស្រុង។

លោកថា៖ «ទី១ ទាក់ទងនឹងកូវីដហ្នឹង វាខ្លាំង! ប្រជាពលរដ្ឋគ្នាថាទៅថៃ ទៅមិនបាន! អ្នកដែលនៅខ្មែរ គ្នារំពឹងស្រែនៅរដូវវស្សា ដល់ពេលរដូវវស្សាវាអត់មានទឹក វារីងស្ងួតអ៊ីចឹង វាមានផលប៉ះពាល់ខ្លាំង។ ប្រជាជនគ្នាព្រួយបារម្ភ មិនដឹងមានមុខរបរអី»។

លោកបន្តថា សម្រាប់ថ្នាក់ឃុំមិនដឹងជាត្រូវរកដំណោះស្រាយបែបណាជូនប្រជាពលរដ្ឋនោះទេ ព្រោះសព្វថ្ងៃប្រព័ន្ធទឹកមានការខ្វះខាតច្រើន ហើយ​​បើចង់បង្ហូរទឹកមកពីតំបន់ផ្សេងក៏អត់មានដែរ។ តែយ៉ាងណា លោកថា នឹង​លើកឡើងបញ្ហាទាំងនេះជូនទៅដល់ថ្នាក់ខេត្ត ដើម្បីដោះស្រាយបន្តទៀត។

ឆ្លើយតប​ក្ដីកង្វល់​នេះ អនុប្រធានការិយាល័យកសិកម្មស្រុកក្រឡាញ់ លោក តែ គឹមខួង មានប្រសាសន៍ថា ប្រជាកសិករពិតជាកំពុងជួបបញ្ហាប្រឈម ដោយសារមិនមានទឹកសម្រាប់ស្រោចស្រពដំណាំប្រាកដមែន។ ប៉ុន្តែលោក​អះអាងថា បញ្ហានេះកើតមានស្ទើរតែរាល់ឆ្នាំទៅហើយ។

យ៉ាងណា លោកថា ជាដំណោះស្រាយ នៅពាក់កណ្ដាលខែសីហានេះ នឹងមានទឹកភ្លៀងបន្តបន្ទាប់ឡើងវិញ ហើយដំណាំស្រូវទាំងនោះនឹងលូតលាស់ជាមិនខាន។

លោក តែ គឹមខួង៖ «ព្រោះអីការប៉ះពាល់នេះ វាមិនទាន់ងាប់ទេ! បើសិនជាមានភ្លៀងក្នុងរយៈពេលក្នុងសប្ដាហ៍នេះទៀត ការលូតលាស់ដំណាំស្រូវនឹងលូតលាស់ឡើងវិញ អត់បញ្ហាទេ! ព្រោះអីកន្លងមក ប្រជាពលរដ្ឋតែងតែលែងគោលែងអីឱ្យជាន់ទៅ។ ពេលមានភ្លៀងធ្លាក់មក ដូចដែលយើងភ្ជួរដើម ពេលភ្លៀងមក វាកាន់តែល្អជាងមុនទៅទៀត»។

ចំណែកប្រជាកសិករម្នាក់ទៀតដែលរស់នៅ​​ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ លោក ងួន មឿង បាន​សម្រេច​​ភ្ជួរដំណាំស្រូវចំនួន៤ហិកតា​ ដែលខូចខាតទាំងស្រុងចោលដើម្បី​សាប​ព្រោះ​ម្ដងទៀត ក្រោយ​ពីលោក​បាន​សាបព្រោះម្តងហើយតាំងពីខែឧសភា ប៉ុន្តែមិនមានភ្លៀងនិងប្រភពទឹកស្រោចស្រព។

លោកបង្ហាញការសោកស្តាយ និង​​អះអាងថា ដើម្បីប្រមូលផលស្រូវបានក្នុងមួយឆ្នាំ លោក​ត្រូវចំណាយ​ដើម​ទុនជាង៤លានរៀល ឬស្មើប្រមាណ​១ ០០០ដុល្លារអាមេរិក សម្រាប់ស្រូវក្នុង៤ហិកតានេះ ដូចជា​ ការទិញពូជស្រូវ ការជួល​ត្រាក់ទ័រភ្ជួរដី ​ជីដាក់ស្រែ និងថ្នាំស្មៅ ជាដើម។

លោកបន្តថា៖​ «បើយើងអត់ស្រូវលើកនេះទៀត មិនដឹងមានអ្វីហូបដែរ។ ព្រោះអីយើងមិនមានស្រែណាមកធ្វើស្រូវប្រាំងនឹងគេ មានតែស្រូវវស្សាហ្នឹងឯង»

ដោយឡែក ពលរដ្ឋរស់មួយរូបទៀតនៅភូមិប្រដាក ឃុំជប់វារី អ្នកស្រី ឆេង សួត បាន​លើកឡើង​ថា ប្រជាពលរដ្ឋភាគច្រើននៅក្នុងភូមិតែងតែពឹងអាស្រ័យផលដំឡូង និងធ្វើស្រែ គ្រាន់បាន​ថវិកាមកផ្គត់ផ្គង់ជីវភាព។ ប៉ុន្តែនៅពេលជួបគ្រោះរាំងស្ងួតដូច្នេះ អ្នកភូមិមិនដឹងត្រូវប្រកបមុខរបរអ្វីដើម្បីចិញ្ចឹមជិវិតនោះឡើយ។ 

កសិកររូបនេះថា ​ដំឡូង​១ហិកតា និងស្រូវ១ហិកតា​ ដែលគ្រួសារគាត់បានដាំកាលពីដើមខែឧសភានោះ មកដល់បច្ចុប្បន្ន​ ដំណាំទាំងនោះត្រូវ​ខូចខាត​គ្មានសល់ ដោយសារគ្មានទឹក​ស្រោច​​ស្រព ដែលធ្វើឱ្យគ្រួសារអ្នកស្រីត្រូវប្រឈមបញ្ហាបំណុលនិងបញ្ហាជីវភាពក្នុងគ្រួសារជាខ្លាំង។ ​

អ្នកស្រីបន្តថា៖ «រាំងស្ងួតអស់ហើយ មិនមានអ្វីទេ ងាប់អស់រលីង! អ្វីក៏មិនមាន ធ្វើស្រែក៏ងាប់ស្រែ ធ្វើដំឡូងក៏ងាប់ដំឡូង បានអ្វីទី​ពឹង?»

យោងតាមរបាយការណ៍ដែលចេញផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក​ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញថា ​គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ភាពរាំងស្ងួត​បានបណ្តាលឱ្យដំណាំស្រូវនៅខេត្តចំនួន៤ រួមមាន ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និង​សៀមរាប​ រងផលប៉ះពាល់​ធ្ងន់ធ្ងរជាងគេ។

របាយការណ៍បញ្ជាក់ថា ដំណាំស្រូវដែល​រងផលប៉ះពាល់សរុបមានចំនួនជាង៦ម៉ឺនហិកតា (៦៧  ៩៤២)​ ឬស្មើ​ជាង២ភាគរយ (២,៥៦%) នៃផ្ទៃដីដាំដំណាំស្រូវ​ទូទាំងប្រទេស ក្នុង​នោះ ​​ស្រូវ​ខូច​ខាតទាំងស្រុងមាន​ចំនួនជាង១ម៉ឺនហិកតា (១០ ៥៥៣ហិកតា) និងស្តារឬជួយសង្រ្គោះបានចំនួន២ ៣៧៦ហិកតា។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មើលឃើញថា បញ្ហាគ្រោះរាំងស្ងួតនេះជារឿងដែលពិបាកចំពោះមុខទាំងរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។ តែយ៉ាងណា លោកបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យ​មានប្រសិទ្ធភាព ក្រៅតែពីចេញរបាយការណ៍​បង្ហាញពីផលប៉ះពាល់នោះ។

លោកបន្តថា៖ «ទី១ រដ្ឋាភិបាលត្រូវតែគិតគូរការរៀបចំជំនួយសង្គម តាមរយៈការចែកស្រូវពូជទុក​បម្រុងដល់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រជាពលរដ្ឋអាចសាបព្រោះ​បាន។ មួយទៀត អាជ្ញាធរ ក៏ដូចជារដ្ឋាភិបាល ត្រូវតែស្នើទៅស្ថាប័នហិរញ្ញវត្ថុឱ្យ​ពន្យារពេល​ការបង់ការប្រាក់​ធនាគារ​របស់ប្រជាកសិករ ហើយរដ្ឋគួរតែផ្ដល់តាមរយៈធនាគារអភិវឌ្ឍន៍​កសិកម្មតាមជនបទ ដោយផ្ដល់អត្រាការប្រាក់ទាប ជាដើម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ