តុលាការ​បើក​សវនាការ​កំបាំង​មុខ​អតីត​សកម្មជន​បក្ស​ប្រឆាំង​៧រូប ករណី​រិះគន់​រដ្ឋាភិបាល​រឿង​កូវីដ-១៩

សកម្មជនគណបក្សសង្រ្គោះជាតិឬ ហៅថាក្រុមអ្នកប្រយុទ្ធ CNRP នៅប្រទេសថៃ(ពីឆ្វេង មកស្តាំ៖ លោក រិន រដ្ឋ, លោក ករុណា ពៅ, លោក នាង សុឃុន និងលោក រុន ចន្ធី ) ក្នុងពិធីខួបគម្រប់៥ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នៅប្រទេសថៃ។(រូបភាព៖ ហ្វេសប៊ុក រិន រដ្ឋ)

សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកំបាំងមុខ លើសំណុំរឿងអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៧​រូប ពាក់ព័ន្ធ​ករណីបង្ហោះសាររិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើបណ្តាញ​សង្គមហ្វេសប៊ុក​ ដែលថាបានលាក់បាំងអ្នកស្លាប់ដោយសារជំងឺកូវីដ -១៩ កាលពីអំឡុង​ខែមីនាឆ្នាំ២០២០។

សវនាការប្រមាណ ៣០នាទី ដែលគ្មានវត្តមានជនជាប់ចោទ និងមេធាវីការពារក្តីចូលរួម ដោយមានតែមន្រ្តីប៉ូលីសម្នាក់និងអ្នកកាសែតពីរនាក់ ព្រមទាំងមន្រ្តីម្នាក់មកពីស្ថានទូតអាមេរិកនោះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា បានសម្រេចបន្តការដេញដោល ដោយស្នើឱ្យ​មន្ត្រីប៉ូលីស​ដែលជាម្ចាស់បណ្តឹង​បញ្ជាក់អំពីអង្គហេតុនៅក្នុងសំណុំរឿងនេះ។

ប្រធានការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ចាន់ ដារិទ្ធ បានប្រាប់ចៅក្រមថា មន្រ្តីប៉ូលីសបានស៊ើបអង្កេត ដោយរកឃើញ ព្រះសង្ឃ​​ នូ សុធា គង់នៅប្រទេស​កាណាដាតែងតែបង្ហោះព័ត៌មានក្លែងក្លាយនៅលើទំព័រហ្វេសប៊ុក ដោយរិះគន់រដ្ឋាភិបាល អំឡុងពេលមានការរីករាលដាល​ជំងឺកូវីដ-១៩ នៅខែមីនា ឆ្នាំ​២០២០ ក៏ដូចជា​នៅពេល​មានការឆ្លងមេរោគនេះ​ទៅក្នុងចំណោមពលរដ្ឋខ្មែរ​ឥស្លាម។

លោក ដារិទ្ធ បន្តថា ព្រះសង្ឃ នូ សុធា បានបង្ហោះសារដោយអះអាងថា មានមនុស្សស្លាប់ច្រើននៅកម្ពុជាហើយនាយករដ្ឋមន្រ្តីហ៊ុន សែន បានលាក់បាំងព័ត៌មាននេះ និងប្រើប្រាស់បញ្ហាកូវីដ-១៩ ដើម្បីសងសឹកប្រជាជនខ្មែរឥស្លាម​ផងដែរ។ លោក ដារិទ្ធ អះអាងថា នេះគឺជាចេតនាបង្កភាពវឹកវរក្នុងសង្គម។

ប្រធានការិយាល័យស៊ើបអង្កេតរូបនេះ បានដកស្រង់ការបង្ហោះមួយពីហ្វេសប៊ុករបស់ព្រះសង្ឃ នូ សុធា ដែលបានបង្ហោះនៅថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ ដោយចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាបាន​សងសឹកជាមួយប្រជាជនខ្មែរឥស្លាមតាំងពីរបបខ្មែរក្រហម ខណៈ​លោកជាមន្រ្តីជាន់ខ្ពស់ខ្មែរក្រហមទទួលខុសត្រូវនៅតំបន់បូព៌ា។

លោកបានបញ្ជាក់ថា ការបង្ហោះនេះក៏បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តីថា បានធ្វើយុទ្ធនាការសម្លាប់មនុស្សរាប់ម៉ឹននាក់នៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៧៧ មុនពេលដែលគាត់បានភៀសខ្លួនទៅប្រទេសវៀតណាម។

ក្រៅពីការបង្ហោះនេះ លោកចាន់ ដារិទ្ធ លើកឡើងទៀតថា ព្រះសង្ឃ នូ សុធា ក៏បានចេញសេចក្តីអធិប្បាយមួយទៀត​ នៅថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ដោយចោទលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា​បាន​ព្យាយាមលាក់​បាំង​ចំនួ​ននៃការស្លាប់ដោយ​ជំងឺកូវីដ-១៩ និងការហូរចូលរបស់ប្រជាជនចិន។

លោក ដារិទ្ធ បន្ថែមថា ក្រសួងសុខាភិបាល ទើបតែរកឃើញករណីស្លាប់ដំបូងនៃជំងឺកូវីដ-១៩ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០២១ ខណៈនៅឆ្នាំ ២០២០ មិនទាន់មានអ្នកស្លាប់ដោយសារផ្លូវដង្ហើមនេះនៅឡើយ។

លោក ចាន់ ដារិទ្ធ បាននិយាយថា បន្ទាប់ពីការស៊ើបអង្កេតរបស់មន្រ្តី ក៏បានរកឃើញមនុស្ស ៦​នាក់​ផ្សេងទៀត ដែលបានបង្ហោះសារដែលមានខ្លឹមសារស្រដៀងនឹងសាររបស់ព្រះសង្ឃ នូ សុធា ដែរ។

លោក ដារិទ្ធ បានគូសបញ្ជាក់​ថា«ប្រសិនបើមិនចាត់វិធានការទាន់ពេលវេលាទេ វានឹងបង្កឱ្យមានភាពវឹក​វរ​ក្នុង​សង្គម។ រហូតមកដល់ពេលនេះ មនុស្សទាំងនេះ នៅតែសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបង្កឱ្យមានភាពវឹកវរក្នុងសង្គម»

នៅក្នុងការបង្ហោះនៅលើហ្វេសប៊ុកព្រះសង្ឃ នូ សុធា នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០២០ ដែលមានចំណងជើងថា៖« [លោក]ហ៊ុន សែន នៅតែជាឃាតករ បន្ទាប់ពីការសម្លាប់រង្គាលនៅស្រុកក្រូចឆ្មា»

ព្រះសង្ឃ នូ សុធា បានសរសេរថា«[លោក]ហ៊ុនសែននៅមានគំនុំចងអាឃាតជាមួយពលរដ្ឋខ្មែរឥស្លាមតាំងពីសម័យខ្មែរក្រហមមកម៉្លេះ។ កាលណោះ​ គាត់គឺជាកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់នៅតំបន់បូព៌ាដឹ​ក​ធ្វើយុទ្ធនាបាញ់សម្លាប់ពលរដ្ឋខ្មែរឥស្លាមរាប់ម៉ឺននាក់។ ក្នុងស្រុកក្រូចឆ្មា​ ខេត្តកំពង់ចាម នាឆ្នាំ​១៩៧៧ មុន​នឹង​ភៀសខ្លួនទៅប្រទេសវៀតណាម។ ប៉ុន្តែឥឡូវនេះ គាត់កំពុងបន្តចង់គំនុំនេះ​ដល់ខ្មែរទាំង៧៩នាក់​ដោយដាក់បញ្ជាឱ្យមានកូវីដ-១៩ ហាក់ដូចជាធ្វើបាបពលរដ្ឋរបស់ខ្លួន​​ ដើម្បីសងសឹកនឹងម៉ាឡេស៊ីទៅវិញ»

លោកចាន់ដារិទ្ធ បាននិយាយថា ព្រះសង្ឃ នូ សុធា នៅប្រទេសកាណាដា ហើយឈ្មោះ រិន   រដ្ឋ , ឈ្មោះ រុ​ន ចន្ធី , ម៉ៅ​ វិបុល , ស៊ឹម សុភា និងឈ្មោះនាង សុឃុន នៅប្រទេសថៃ ខណៈឈ្មោះ ពេជ្រ សំបូរ កំពុងរស់នៅប្រទេសបារាំង។

ប្រធានការិយាល័យស៊ើបអង្កេតលោក ដារិទ្ធ បាននិយាយទៀតថា អាជ្ញាធរបានកំណត់ឈ្មោះ ម៉ៅ វិបុល, រិន រដ្ឋ និង រុន ចន្ធី គឺជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះក្រុមអ្នកប្រយុទ្ធ CNRP ដែលមានមូលដ្ឋាននៅប្រទេសថៃ និងតែងតែបង្ហោះ​បញ្ចេញមតិរិះគន់រដ្ឋាភិបាល។

បន្ទាប់ពីលោកចាន់ដារិទ្ធបានបំភ្លឺរួច ដោយមិនមានសំណួរអ្វីបន្ថែមនោះ ព្រះរាជអាជ្ញាលោក ទី មុនិន្ទ បានធ្វើការសន្និដ្ឋានចុងក្រោយ ដោយអះអាងថា សកម្មជនបក្សប្រឆាំងទាំង ៧នាក់នោះ បានបង្ហោះ​សារ​ក្នុងន័យ​ញុះញង់​ពលរដ្ឋ និងបង្កឱ្យ​​មានការព្រួយបារម្ភ ហើយផលប៉ះពាល់ដល់សង្គម។

លោកបានមានប្រសាសន៍ថា«អំពើរបស់ជនជាប់ចោទទាំង ៧នាក់ ពិតជាប៉ះពាល់ដល់សណ្តាប់ធ្នាប់​សាធារណៈ និងសន្តិសុខសង្គម ទាក់ទងនឹងជំងឺកូវីដ-១៩»

លោកបានបន្ថែមថា«ដូច្នេះ តំណាងអយ្យការរក្សាបទចោទប្រកាន់លើមនុស្សទាំង ៧នាក់ និងសុំឱ្យ​តុលាការ​​ផ្តន្ទាទោសជនទាំង ៧នាក់នេះ តាមច្បាប់»

សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក រិន រដ្ឋ បានប្រាប់វីអូឌីតាមបណ្ដាញសង្គមនៅថ្ងៃនេះថា លោកបាន​ទាក់ទងមេធាវីរបស់គណបក្សប្រឆាំងសង្គ្រោះជាតិ កាលពីសប្តាហ៍មុន ដើម្បីតំណាងលោក និងមនុស្សបួននាក់ផ្សេងទៀត។ ​ លោកបន្តថា ពួកគាត់មិនអាចទទួលយកបទចោទ«ញុះញង់» ដោយសារ ពួកគាត់មិនប្រព្រឹត្តបទល្មើសដូចតុលាការចោទប្រកាន់​ឡើយ។

លោកថា«រាល់ការបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា ការធ្វើសកម្មភាព និងចលនារបស់ខ្ញុំហ្នឹងអនុឡោមតាមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ អ៊ីចឹងខ្ញុំអត់មានធ្វើអីហួសព្រំដែននៃច្បាប់ទេ»

ចំណែក សកម្មជនម្នាក់ទៀត លោក នាង សុឃុន លើកឡើងថា រូបលោក និងអ្នកផ្សេងមិនជំនឿទៅលើតុលាការថា អាចនឹងផ្ដល់យុត្តិធម៌ឱ្យពួកគាត់ឡើយ ។

លោកថា«ចំពោះខ្ញុំមើលឃើញប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបច្ចុប្បន្ននេះ វាលែងទៅជាប្រព័ន្ធយុត្តិធម៌សម្រាប់បម្រើ និងការពារផលប្រយោជន៍ ប្រជាពលរដ្ឋ វាទៅជាប្រព័ន្ធអយុត្តិធម៌សម្រាប់ធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ។ ចំពោះការ បើកសវនាការឬកាត់ក្ដី លើរូបខ្ញុំ ក៏ដូចជាសកម្មជនផ្សេងៗទៀត ខ្ញុំមើលឃើញថា តុលាការមិនអាចផ្ដល់ជូនខ្ញុំក៏ដូចជា បងប្អូនដែលត្រូវតុលាការកាត់ទោសទេ»។

​លោកមេធាវី សំ សុគង់ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ជុំវិញអវត្តមានរបស់លោក​នៅក្នុង​អង្គសវនាការនៅថ្ងៃព្រហស្បតិ៍នេះ។

យ៉ាងណាក៏ដោយ ក្រោយពី​សាកសួរប្រធានការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គស្នងការដ្ឋាននគរបាលជាតិលោក ចាន់ ដារិទ្ធ រួចនោះ ចៅក្រមជំនុំជម្រះលោកស្រី អ៊ុក រ៉េតគន្ធា បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ