ពលរដ្ឋរងផលប៉ះពាល់ដីធ្លីពីគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីខ្លះ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រកាន់ជំហរមិនព្រមទទួលយកសំណងដែលអាជ្ញាធរបានផ្ដល់ជូន ដោយថាជាសំណងមិនសមរម្យ បើទោះជាមានពលរដ្ឋខ្លះបានសម្រេចទទួលយកក៏ដោយ។
ប្រតិកម្មនេះ ធ្វើឡើងក្រោយពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ កាលពីថ្ងៃទី២៥ខែសីហាបានអះអាងថា មានពលរដ្ឋ១៦នាក់ ស្មើនឹង៣១ក្បាល បានស្ម័គ្រចិត្តព្រមទទួលការដោះដូរដី ក្នុងគម្រោងស្ថាបនា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅការិយាល័យបម្រើការ នៃទីចាត់ការស្ថាបនាព្រលានយន្តហោះ ស្ថិតនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ពលរដ្ឋដែលអះអាងថាជាតំណាងអ្នកភូមិរងផលប៉ះពាល់ដោយគម្រោងសាងសងព្រលានយន្តហោះអន្តរជាតិថ្មីនៅស្រុកកណ្ដាលស្ទឹង លោក សួង ពៅ លើកឡើងនៅថ្ងៃទី២៦ខែសីហាថា ពួកគាត់នៅតែប្រកាន់ជំហរទាមទារតាមការស្នើសុំរបស់ខ្លួនដដែល ហើយនឹងតវ៉ាបន្ថែមទៀត បើអាជ្ញាធរនៅបន្តចូលមកឈួសឆាយដីរបស់ពួកគាត់ទាំងមិនមានដំណោះស្រាយសមរម្យនោះ។
លោក សួង ពៅ៖ «បើក្រុមហ៊ុននៅតែមិនព្រមដោះស្រាយទេ នៅតែបន្តការតវ៉ានៅពេលដែលគ្រឿងចក្រមកឈួសឆាយដី ពលរដ្ឋនឹងទប់ស្កាត់មិនឲ្យមានសកម្មភាពមកលើដី។ ហើយអាចនឹងមានការធ្វើបាតុកម្មចូលទៅគម្រោងព្រលាន[យន្តហោះ]។ បើសិនជាករណីឈានដល់ក្ដៅ ពលរដ្ឋអាចដើរដង្ហែនៅតាមផ្លូវជាតិ»។
លោកបន្តអះអាងថា កន្លងមកអភិបាលខេត្តកណ្តាលបានព្យាយាមលើកឡើងថា មានពលរដ្ឋតែ១១គ្រួសារតែប៉ុណ្ណោះមិនទាន់ព្រមទទួលយកសំណង ប៉ុន្តែជាក់ស្ដែងមានជាង៣០០គ្រួសារ។ លោកមើលឃើញថា អ្វីដែលអភិបាលខេត្តលើកឡើងនេះគ្រាន់តែចង់រត់គេចពីបញ្ហា ដោយមិនចង់រកដំណោះស្រាយជូនពលរដ្ឋប៉ុណ្ណោះ។
លោកបានស្នើថា៖«ទី១ស្នើសុំអភិបាលខេត្តជួយជំរុញការដោះស្រាយហ្នឹង ទៅកាន់ក្រុមហ៊ុន និងថ្នាក់ជាតិ ជាពិសេសទៅកាន់ក្រសួងសេដ្ឋកិច្ចដើម្បីឲ្យគាត់ចុះមកសិក្សា និងវាយតម្លៃដីរបស់ប្រជាពលរដ្ឋ។ ទី២ស្នើសុំឲ្យអាជ្ញាធរ និងអភិបាលខេត្ត ទាក់ទងទៅតំណាងក្រុមហ៊ុនដែលមានសិទ្ធិសម្រេច ជាពិសេសឧកញ៉ា ពុង ខៀវសែ ដើម្បីឲ្យមកចរចារជាមួយប្រជាពលរដ្ឋផ្ទាល់ពីតម្លៃដីដែលចរចារមិនត្រូវគ្នា»។
កាលពីថ្ងៃទី២៥ខែសីហា អភិបាលខេត្តកណ្ដាល លោក គង់ សុភណ្ឌ បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា មានប្រជាពលរដ្ឋ១៦នាក់ ដែលស្មើ៣១ក្បាលដី បានសម្រេចចិត្តទទួលយកវិញ្ញាបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយស្ម័គ្រចិត្តក្នុងការដោះដូរដី។
ជាមួយគ្នានេះ លោកស្នើពលរដ្ឋដែលមានក្បាលដីក្នុងទីតាំងព្រលានចំនួន១១ក្បាលដីទៀត ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដូរដីទៅខាងក្រៅព្រលាន ដែលអាចយកទៅលក់ដូរ សាងសងលំនៅដ្ឋានបាន ឬ លក់ឲ្យព្រលាន ដើម្បីកុំឲ្យរាំងស្ទះដល់ដំណើរ ការសាងសង់ព្រលានយន្តហោះ។
លោក គង់ សោភ័ណ្ឌ សរសេរលើហ្វេសប៊ុកថា៖ «ជាថ្មីម្តងទៀត ក្នុងរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង១១ក្បាលដី ដែលមានទីតាំងក្នុងទីតាំងព្រលានយន្តហោះថ្មី សូមអញ្ជើញចូលរួមដោះស្រាយជាមួយក្រុមហ៊ុនសាងសង់ព្រលាន និង អាជ្ញាធរ តាមគោលការណ៍របស់រាជរដ្ឋាភិបាល តាមរូបភាពនៃការដោះដូរដី ឬលក់ជូនក្រុមហ៊ុន ដើម្បីជំរុញដោះស្រាយបញ្ចប់បញ្ហា និងពន្លឿនការសាងសង់ព្រលានយន្តហោះ តាមផែនការដែលបានគ្រោងទុក»។
អភិបាលខេត្តកណ្តាលរូបនេះប្រកាសធានាអះអាងថា បើប្រជាពលរដ្ឋយល់ព្រមដូរដី ប្រាកដជាទទួលបានដីយ៉ាងពិតប្រាកដ ហើយបើប្រជាពលរដ្ឋលក់ដី ពិតជាបានប្រាក់តាមគោលការណ៍កំណត់។ ក្នុងករណីមិនដូចការអះអាងនេះ លោក គង់ សោភ័ណ្ឌ ប្រកាសធានាចេញសងជូនប្រជាពលរដ្ឋវិញ។
យ៉ាងនេះក្តី លោក សួង ពៅ មើលឃើញថាការទទួលយកសំណងរបស់ប្រជាពលរដ្ឋមួយចំនួននោះមិនមែនជាការស្មគ្រចិត្តពិតប្រាកដទេ ដោយសារតែមានការគំរាមកំហែងពីសំណាក់អាជ្ញាធរកន្លងមកតែប៉ុណ្ណោះ។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា សំណងដែលអាជ្ញាធរផ្ដល់ជូនពលរដ្ឋ១ម៉ែត្រការ៉េ តម្លៃ៨ដុល្លារនោះ ពលរដ្ឋមិនអាចទទួលយកបានទេ។ តែយ៉ាងណា លោកទទូចទៅអាជ្ញាធរគួរតែពិចារណាផ្តល់សំណងឲ្យបានសមរម្យជាងនេះ។
លោក វណ្ណ សូផាត បន្តថា៖ «គួរតែអាជ្ញាធររកដំណោះស្រាយសមស្របដែលពលរដ្ឋរងផលប៉ះពាល់ហ្នឹងគាត់គួរតែទទួលបានតម្លៃណាដែលសមរម្យ យុត្តិធម៌ដើម្បីទិញដីនៅខាងក្រៅបាន ដើម្បីគាត់រករបរទទួលទានបន្តទៅទៀត ឬមួយក៏ដោះដូរដីក៏ដោយ ឲ្យតែគាត់អាចទទួលយកបាន»។
អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ បញ្ជាក់ថា ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺជាគោលការណ៍សម្រេច របស់រាជរដ្ឋាភិបាលលើផ្ទៃដី ២៦០០ ហិកតា ក្នុងនោះ ដីស្ថិតក្នុងខេត្តកណ្តាល ទំហំ២៤២៦ ហិកតា និងខេត្តតាកែវ ១៧៤ហិកតា។
ក្នុងខេត្តកណ្តាលលោកថា មានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង ដែលមាន ៤ ឃុំ ស្មើនឹង ១៣ ភូមិ មានផ្ទៃដីសរុបទំហំ ២៤២៦ ហិកតា ស្មើនឹង ៩៣% នៃទំហំផ្ទៃដីគម្រោងសរុប។ ក្នុងគម្រោងព្រលានថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះផ្លូវរត់ទី១ (Runway1) គ្រោង នឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ ហើយផ្លូវរត់នេះ មានទំហំទទឹង ១០០ម៉ែត្រ បណ្តោយ ៤០០០ ម៉ែត្រ ប្រើប្រាស់ផ្ទៃដីចំនួន ៤០ ហិកតា៕