វិភាគ៖ ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ត្រូវ​យល់​ដឹង​ពី​នយោ​បាយ?

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឈរនិយាយជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងថ្ងៃជូនព្រះរាជដំណើរព្រះមហាក្សត្រយាងទៅក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

របត់នយោបាយនៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា កំពុងរុញច្រានស្ថានភាពប្រទេសឱ្យ​ប្រឈមនឹងវិធានការនានារបស់សហគមន៍អន្តរជាតិ បើគ្មានអ្វីប្រែប្រួលទៅរកភាពប្រសើរឡើងវិញទេនោះ។

ការរុញច្រាននេះ ស្របពេលស្ថានការណ៍នយោបា​យនៅកម្ពុជាត្រូវបានសហគមន៍អន្តរជាតិ​មើលឃើញថា បានដើរចេញពីគន្លងប្រជាធិបតេយ្យ ក្រោយពីរំលាយអតីតគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧ ធ្វើឱ្យកម្ពុជាមិនមាន​បក្សប្រឆាំងដែលមានកម្លាំងប្រហាក់ប្រហែលបក្សកាន់អំណាចអស់រយៈពេល​ជាង៣ឆ្នាំហើយ។

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣​ (រូបភាព​៖ ស្រី​ សុ​ភ័ក្រ្ត)

លើសពីនេះ ការរំលោភសិទ្ធិមនុស្ស​តាមរយៈការបំបិទសំឡេងផ្ទុយ ការចាប់ខ្លួនពលរដ្ឋមានជម្លោះដីធ្លី សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានក៏កើតមានច្រើន ក្រោមហេតុផលនៃការអនុវត្តច្បាប់រដ្ឋ ដែលរងការរិះគន់ពីមតិជាតិនិងអន្តរជាតិជាបន្តបន្ទាប់។  ​

វិបត្តិនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាក៏ជាផ្នែកមួយដែលជំរុញឱ្យសហភាពអឺរ៉ុបបាននាំមុខគេដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ពីប្រទេសក្រីក្រក្នុងតំបន់អាស៊ានមួយនេះ ក្រោ​យ​ពីរដ្ឋាភិបាលបដិសេធនូវការទាមទារឱ្យ​បក្សប្រឆាំង​បានដំណើរការឡើងវិញ និង​ការគោរពសិទ្ធិមនុស្សពិតប្រាកដ ដើ​ម្បី​ជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

វិធា​នការរបស់សហភាពអឺរ៉ុបនេះបានធ្វើឱ្យប៉ះពាល់ដល់កម្មករក្នុងវិស័យកាត់ដេរជាច្រើនម៉ឺននាក់ដោយផ្ទាល់ និងពលរដ្ឋរាប់លាននាក់ផ្សេងទៀតនឹងប៉ះពាល់ដោយប្រយោល។

បន្តតាមពីក្រោយនេះ តំណាងរាស្ត្រសហរដ្ឋអាមេ​រិកកំពុងជំរុញឱ្យចេញច្បាប់ប្រជាធិបតេយ្យកម្ពុជា (Cambodia Democracy Act of 2021) ដែលអ្នកនយោបាយជំទាស់ធ្លាប់អះអាងថា ច្បាប់នេះនឹ​ងដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជានិងមនុស្សមានអំណាចមួយចំនួនទៀត ដើម្បីជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឱ្យប្រសើរឡើងវិញ។

បញ្ហាទាំងនេះបង្កើតជាសំណួរថា ហេតុអ្វីពលរដ្ឋត្រូវយល់ដឹងពីនយោបាយ?

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា ក្នុងរបបន​យោបា​យ​បែបសេរី ការដឹកនាំប្រទេស គេឱ្យតម្លៃទៅលើប្រជាពលរដ្ឋជាធំឬពលរដ្ឋជាម្ចាស់អំណាចពិតប្រាកដ។

ប៉ុ​ន្តែលោកថា​ ដើម្បីឱ្យអំណាចនេះមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកន​យោ​បាយ ពលរដ្ឋត្រូវចូលរួមសកម្មក្នុងជីវភាពនយោបាយប្រកបដោយភាពវ័យឆ្លាត។

ភា​ពសកម្មនិងវ័យឆ្លាត លោកសំដៅទៅដល់ការពូកែគិត ការចូលរួម ការឃ្លាំមើល និងផ្តល់មតិត្រលប់នូវរាល់តម្រូវការរបស់ខ្លួនពីប្រសិទ្ធភាពនៃសេវាកម្មរបស់ស្ថាប័នរដ្ឋ។

លោកថា៖ «ប្រសិនបើពលរដ្ឋមិនសកម្មទេ អ្នកបម្រើហ្នឹងត្រូវការអី! ហើយប្រជាពលរដ្ឋអាចនឹងប​ណ្តោយ​​ឱ្យអ្នកបម្រើខ្លួន ដូចជា មន្ត្រីរាជការ តំណាងរាស្ត្រ ឬមន្ត្រីរដ្ឋាភិបាលហ្នឹង អាចទៅធ្វើអីស្រេចតែអំពើចិ​ត្ត​​ មិនត្រូវនឹងតម្រូវការរបស់ប្រជាពលរដ្ឋនិងសង្គម ហ្នឹងក៏មានដែរ»។

មួយវិញទៀត លោកថា ការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងជីវភាពនយោបាយ ជាការរួមចំណែកបន្ថែមដើម្បីឱ្យអ្នកនយោបាយយកគំនិតទស្សនៈ ក៏ដូចជាសំណូមពរនិងតម្រូវការទាំងនោះ ទៅរៀបចំចេញជាគោលនយោបាយនិងផែនការសកម្មភាព ដើម្បីដាក់ចេញឱ្យត្រូវនឹងសេចក្តី្តត្រូវការរបស់ប្រជាពលរដ្ឋនិងសង្គមទាំងមូល។

ទី២ទៀត លោកថា ការចូលរួមរបស់ពលរដ្ឋក៏ជំរុញឱ្យមានតម្លាភាពសង្គមក្នុងវិស័យសាធារណៈ និងជំរុញឱ្យមានការដោះស្រាយបញ្ហាធំៗរបស់ជាតិផងដែរ។

តែផ្ទុយទៅវិញ លោក ប៉ា ចន្ទរឿន យល់ថា ប្រសិនបើលំហនៃសិទ្ធិចូលរួមត្រូវបានរឹតត្បិត ហើយពលរដ្ឋមិនចាប់អារម្មណ៍ក្នុងការតាមដា​​ន​រឿងនយោបាយទៀតនោះ ការសម្រេចចិត្តរបស់អ្នកនយោបាយមិនឈរលើតម្រូវការរបស់ប្រជាពលរដ្ឋជាធំទេ ។

លោកថា៖ «កាលណាពលរដ្ឋមិនបានចូលរួមហើយ ដំណើរការប្រជាធិបតេយ្យនិងការដឹកនាំហ្នឹងក៏វាមិនរលូនដែរ មានន័យថា ពេលខ្លះទៅការដឹកនាំ ការអនុវត្ត ការធ្វើសកម្មភាពក្នុងសង្គមហ្នឹង មិនឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ឬក៏មិនបានយកចិត្តទុកដាក់ចំពោះតម្រូវការជាក់ស្តែងរបស់ពួកគាត់»។

សមាគមរោងចក្រកាត់ដេរកម្ពុជា ធ្លាប់ទាមទារកុំឱ្យសហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា ដោយបានលើកឡើងក្នុងលិខិតចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ថាវិធាននោះនឹងប៉ះពាល់ដល់ជីវភាព​កម្មករ​៧៥ម៉ឺននាក់​ និងសុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជាប្រមាណ៣លាននាក់កំពុង​ស្ថិត​ក្នុងហានិភ័យ។

ការទាមទាររបស់សមាគមរោងចក្រដែលជាស្ថាប័នតំណាងឱ្យថៅកែឬនិយោជកពេលនោះ ចំពេលដែលសហភាពអឺរ៉ុប ត្រៀមប្រកាសផ្លូវការចំពោះវិធានការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា ស្របពេលគណបក្សកាន់អំណាចរបស់កម្ពុជាបន្តបិទខ្ទប់អតីតគណបក្សប្រឆាំងដែលបានរំលាយ មិនឱ្យចូលរួមប្រកួតការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យឡើងវិញតាមការទាមទាររបស់បណ្តាប្រទេសលោកសេរីឡើយ។

អ្នកនយោបាយមួយរូប កូតាពីអតីតបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា និយាយថា នយោបាយជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋ។

លោកគូសបញ្ជាក់ថា បើពលរដ្ឋមិនចាប់អារម្មណ៍រឿងនយោបាយ វាហាក់ដូចមិនខ្វល់នឹងជីវិតខ្លួនឯង ជីវិតក្រុមគ្រួសារ និងវាសនាប្រទេសជាតិ។

លោកថា៖ «នយោបាយវាជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋ ហើយនយោបាយក៏វាជះឥទ្ធិពលដល់ជី​វភា​ព​រស់នៅនិងអាយុជីវិតប្រចាំថ្ងៃ ក៏ដូចជាជោគវាសនានៃប្រទេសជាតិ។ អ៊ីចឹងហើយបានខ្ញុំចង់ថា ប្រជាព​ល​រដ្ឋត្រូវយល់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងសង្គមប្រជាធិបតេយ្យហ្នឹង គឺដឹងឮរឿងនយោបាយ តាមដាននយោ​បាយ»។

អ្នកនយោបាយមកពីបក្សប្រឆាំងរូបនេះ មើលឃើញថា ក្នុងសង្គមមួយ បើពលរដ្ឋមិនចូលរួមសកម្មក្នុងជីវភាពនយោបាយ អ្នកនយោបាយនឹងប្រើឥទ្ធិពលដើម្បីក្រាញអំណាច តាមរយៈផ្តល់ផលប្រយោជន៍ដល់បក្ខពួកក្នុងស្ថាប័នជាតិ ប្រើប្រាស់កម្លាំងជាតិជាប្រយោជន៍ក្រុមគ្រួសារ។

បើតាមលោក មាជ សុវណ្ណារ៉ា ប្រព័ន្ធដឹកនាំរដ្ឋមួយដែលពលរដ្ឋភាគច្រើនមិនចង់ដឹងរឿងនយោបាយ វានឹ​ងបង្កឱ្យមានអយុត្តិធម៌សង្គម ជម្លោះដីធ្លី អំពើពុករលួយ និងការបំផ្លាញធនធានធម្មជាតិ ហើយថា កា​​រលំបាកនឹងធ្លាក់ទៅលើប្រជាពលរដ្ឋជាម្ចាស់ប្រទេសវិញ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច សុំនិយាយក្នុងនាមអ្នកសិក្សាស្រាវជ្រាវ បានលើកឡើងថា ការធ្វើនយោបាយឬចូលរួមក្នុងជីវភាពនយោបាយ ដើម្បីគេចផុតពីការចោទប្រកាន់និងបញ្ហាផ្សេងៗទៀត ដោយអ្នកចូលរួមត្រូវមានភាពឆ្លាតវ័យ និងត្រូវឈរលើជំហរ៤សំខាន់។

បើតាមលោក សុខ ទូច ទី១ ត្រូវចេះតាមដានការអនុវត្តរដ្ឋធម្មនុញ្ញ ចេះសង្កេតពីចក្ខុវិស័យរបស់ក្រុមអ្នកនយោបាយ និងត្រូវចេះតាមដានការអនុវត្តលើគោលនយោបាយអំឡុងពេលឃោសនាបោះឆ្នោត ជាដើម។

លោកថា៖ «ចំណេះដឹងប្រជាជនយើងនៅមានកម្រិត។ អ៊ីចឹងគាត់យកអាទំនោរសញ្ញាបត្រ ឃើញច្រើនជាងការរៀបចំចក្ខុវិស័យ អ៊ីចឹងមិនងាយទេ វាត្រូវឃើញ! ដល់អ៊ីចឹងអ្នកនយោបាយវាធ្វើហើយ។ អ៊ីចឹងគេដើ​រចែ​កអំណោយ គេដើរធ្វើស្អីៗទាំងអស់ គេដើរបង្ហាញ គេដើរនិយាយ គេដើរហុច គេដើរប៉ះ គេដើរអង្អែល តែនៅអឺរ៉ុបគេអត់មើលអាហ្នឹងទេ ប្រទេសគេរីកចម្រើន គេមើលគោលនយោបាយ»។

លោក សុខ ទូច កត់សម្គាល់ថា កន្លងទៅ ការចូលរួមក្នុងជីវភាពនយោបាយ ពលរដ្ឋច្រើនចាញ់បោកអ្នកនយោបាយ ដោយលើកយកឧទាហរណ៍ ករណីលោក សម រង្ស៊ី ប្រកាសឱ្យចូលរួមចាប់មេដឹកនាំដែលកំពុងគ្រប់គ្រងអំណាចជាដើម ដែលោកថា នោះជាការជឿមួយខ្វះចំណេះដឹងទាំងស្រុង។

លោកថា៖ «ប្រជាជនចេះតែជឿ​ហើយ អាអ្នកជឿ វាជាប់គុក! អាអ្នកថានោះ វារួចខ្លួន! មកចាប់គេម៉េច បើ​​​គេជាប់ដោយបោះឆ្នោត ហើយខ្លួនឯងជិះយន្តហោះមកចាប់ឬជិះរថក្រោះមកចាប់ សូម្បីអាមេរិកាំង​​​យ​កB52 យករថក្រោះមកចាប់តាលីបង់ មិនឈ្នះផង»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា ការចូលរួមសកម្មក្នុងជីវភាពន​យោបា​យប្រកបដោយចំណេះដឹង ពលរដ្ឋមិនត្រឹមតែទទួលបានផលពីការសម្រេចចិត្តរបស់អ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចជំរុញការផ្លាស់ប្តូរសង្គមតាមបែបប្រជាធិបតេយ្យបានលឿនដែរ បើពួកគេអាចក្លាយជាមន្ត្រីដឹកនាំនៅមូលដ្ឋានឬក្លាយជាតំណាងរាស្ត្រនោះ។

លោកថា៖ «ប្រទេសប្រជាធិបតេយ្យ គេជំរុញឱ្យមានការប្រកួតប្រជែងផ្នែកនយោបាយហ្នឹងឱ្យស្មើភាពគ្នា ព្រោះអ្នកនយោបាយជាអ្នកជំរុញការផ្លាស់ប្តូរដោយផ្ទាល់ សម្រាប់ប្រយោជន៍ផ្សេងៗរបស់ជាតិយើង»។

យ៉ាងណា អ្នកឃ្លាំមើលរូបនេះបង្ហាញការព្រួយបារម្ភថា ក្នុងប្រទេសមួយ បើពលរដ្ឋភាគច្រើនមិននាំគ្នាយល់ដឹងរឿងនយោបាយ ប្រព័ន្ធដឹកនាំរដ្ឋនឹងបាត់បង់ការត្រួតពិនិត្យអំណាច វានឹងធ្វើឱ្យការទទួលខុ​​សត្រូវលើគណនេយ្យភាពសង្គមចុះខ្សោយ បង្កឱ្យ​មា​នអយុត្តិធម៌សង្គម អំពើពុករលួយច្រើន តុលា​ការ​មិនមានសមត្ថភាពត្រួតពិនិត្យអំណាច រដ្ឋសភានិង​ព្រឹទ្ធសភាគ្មានលទ្ធភាពត្រួតពិនិតអំណាចអង្គនី​តិ​ប្រតិបត្តិ ដែលធ្វើឱ្យការសម្រេចចិត្តមិនតំណាងឱ្យប្រជាព​លរដ្ឋទូទៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ