រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​ថា​គ្មាន​​​​ករណី​ពុល​ផ្លែ​តាង៉ែន​​នៅ​មណ្ឌល​ចត្តា​ឡីស័ក​ តែ​ពលរដ្ឋ​​​ថា​​​មាន​​​ពុល

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ន អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ នាំយកផ្លែមៀនជាអំណោយរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនពលករធ្វើចត្តាឡីស័កតាមមណ្ឌល និងមណ្ឌលព្យាបាល នៅមណ្ឌលធ្វើចត្តាឡីស័កស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

រដ្ឋបាលខេត្តបន្ទាយមានជ័យ បដិសេធលើការចុះផ្សាយព័ត៌មាន​ជុំវិញ​ករណីពុលផ្លែមៀនប៉ៃលិន ឬ​តាង៉ែន ដែល​ជាអំណោយរបស់នាយករដ្ឋមន្ត្រី នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទឹកជោរ ខណៈពលករដែលជាប់ចត្តាឡីស័កនៅទីនោះមួយចំនួនអះ​អា​​ង​ថា ពិតជាមា​នការពុ​ល​មែន។

ក្នុងលិខិតមួយចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសបដិសេធទាំង​ស្រុង​នូវ​ខ្លឹម​សារព័ត៌មានដែ​​ល​​​វិ​ទ្យុអាស៊ីសេរីជា​ភាសាខ្មែរ ចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថា៖ «ពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅព្រំដែនក្នុងខេត្តប​ន្ទា​យមានជ័យរាប់សិបនាក់បានធ្លាក់ខ្លួនឈឺនិងក្អួតចង្អោរ ដោយអ្នកខ្លះត្រូវសង្គ្រោះបន្ទាន់ក្រោយហូបតាង៉ែនដែលជាអំ​ណោ​​​យរបស់​នាយក​រដ្ឋ​មន្ត្រី»។ 

ក្នុងលិខិតនោះ រដ្ឋបាលខេត្តបន្ថែមថា​ ព័ត៌មាននេះ​បាន​ចុះផ្សា​​​យ​​​ផ្ទុ​យពីការពិត បំភ្លៃ កុហក ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹង​ប្រែ​ង​ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១​៩ របស់រដ្ឋាភិបាល។ ប្រភពដដែលបន្តថា ការបដិសេធនេះ ធ្វើឡើងដោយផ្អែកតាមការបំភ្លឺរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ហើយរដ្ឋបាលខេត្តអះអាងបន្ថែមថា មិនមានករណីពុល រាករូស ឬក្អួតចង្អោរ កើ​ត​ឡើង​នៅ​មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កណាមួយផ្សេងទៀតរបស់ខេត្តនោះទេ។

អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា បាន​លើកឡើងថា ការចេញលិខិតបដិសេធនោះ គឺជាសិទ្ធិរបស់រដ្ឋបាលខេត្ត ប៉ុន្តែ​ព័ត៌មានដែលលោ​​​​កទទួលបានដោយផ្អែកតាមប្រភពពីជនរងគ្រោះពិតប្រាកដ ដែលបញ្ជាក់​ថា មានករណីពុល​ផ្លែមៀន​នេះពិត​មែន។  

ប្រភពដដែលជឿថា បញ្ហាពុលផ្លែមៀននេះ​មិនមានអ្នកណាហ៊ាននិយាយក្រៅពីជនរងគ្រោះផ្ទាល់នោះទេ ដោ​យ​សា​​រវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រមុខរដ្ឋាភិបាល។

លោក ស៊ុំ ចាន់គា និយាយថា៖ «យើងអត់យកប្រភពពីណាក្រៅអំពីអ្នកដែលនិយាយពីអ្នកដែលជនរងគ្រោះហ្នឹងទេ ព្រោះបើសិនយើងសួរអ្នកផ្សេង ក៏គេមិនឆ្លើយមិនប្រាប់យើងដែរ»។

ពលករចំណាកស្រុកដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យទឹកជោរ លោក ធី អាយុ៣២ឆ្នាំ លើកឡើងនៅថ្ងៃនេះ​ថា លោកមិនបានបរិភោគផ្លែមៀន ឬតាង៉ែននោះទេ ប៉ុន្តែលោកឃើញពលករស្នាក់នៅក្នុងមណ្ឌលជាមួយគ្នាជាង៥០នាក់ បានលេចអាការ​ព្រឺរងា រាក​រូស និងក្អួតចង្អោរព្រមៗគ្នា​ នៅល្ងាចថ្ងៃ​ទី២​៤ ខែសីហា បន្ទាប់ពីពួកគេបានទទួលទានផ្លែមៀន ឬ​តា​​ង៉ែន​ ដែលត្រូវបានចែក​ឱ្យបរិភោគរំលងតែមួយ​ថ្ងៃ។ លោកបន្ត​ថា អ្នកដែលពុលបានបរិភោគផ្លែមៀននោះ​​ត្រឹម៥ទៅ​៦ផ្លែ​ប៉ុ​ណ្ណោះ​​។

ប្រភពដដែលបន្ថែមថា ក្រោយមានហេតុការណ៍នេះ គ្រូពេទ្យបាន​ទៅ​ពិនិត្យនិងដាក់សារ៉ូម​ឱ្យ​​អ្នកដែលមានបញ្ហាសុខភាពទាំងនោះ ហើយយករថយន្តមកដឹកអ្នកដែលមានអាការ​ធ្ងន់​ធ្ងរទៅ​សង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកមង្គលបូរី​។

លោក ធាង ធី និយាយថា៖ «ឡានពេទ្យគេមកលឿនទេតើ! គេយកឡាន៥[ទៅ]៦ឡានមក គេបន្តោកសារ៉ូម ដឹកទៅពេទ្យដឹកទៅអី ​[…] ឥលូវ និយាយទៅ អ្នកដែលទៅពេទ្យ មិនឃើញត្រឡប់មកវិញផង។ មកមួយឡាន មកឡានប្អូន​ខ្ញុំ»

ពលការិនីម្នាក់ដែលកំពុងជាប់ចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យ​ទឹកជោរ​​ម្នាក់ទៀត ដែលអះអាងថា ពិតជាបានពុលផ្លែមៀននោះ និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា គាត់លេច​អាការវិល​មុខនិងរាក​​រូស​ពេញមួយល្ងាច ក្រោ​យហូប​ផ្លែតាង៉ែន​ចំនួន​២ផ្លែបាន​មួ​យ​ថ្ងៃ។ ប្រភពដដែលបន្ថែមថា គាត់​បាន​​ឱ្យ​បងប្រុសកោសខ្យល់ឱ្យ ហើ​យត្រូវគ្រូពេទ្យដាក់សារ៉ូមនិងផ្តល់ថ្នាំឱ្យ ប៉ុន្តែមិនបានធូរស្បើយទេ។ ផ្ទុយទៅវិញ គាត់ថា គាត់បែរមានអាការ​ថប់​ដ​ង្ហើម ហើ​យ​មាន​អ្នកស្នាក់នៅក្បែរលេចអាការ​ប្រកាច់ ក្រោយហូបផ្លែមៀននោះរួចផងដែរ។ 

ពលការិនីវ័យ២៨ឆ្នាំរូបនេះ បន្តថា រថយន្តសង្គ្រោះចំនួន៣គ្រឿងបានបញ្ជូនពួកគាត់ទៅមណ្ឌលសុខភាពមង្គលបូរី ដែលប្រើសម្រាប់ព្យា​​​បាលអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ ប៉ុន្តែពួកគេបានប្រាប់គ្រូពេទ្យថា ពួកគេមានបញ្ហាពុលផ្លែតាង៉ែន ហើយគ្រូពេទ្យក៏​ប្តូរសារ៉ូម ចាក់ថ្នាំ និងឱ្យថ្នាំសម្រាប់លេប។

ពលការិនីរូបនេះនិយាយថា អ្នកដែលបានដឹកទៅសង្គ្រោះចំនួន១១នាក់ រួមទាំងរូបគាត់ ដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់មកបន្តធ្វើចត្តាឡីស័កនៅមណ្ឌលវិញ​ នៅយប់ថ្ងៃទី២៥ ខែសីហា បន្ទាប់ពីស្ថានភាព​សុខភាពបានធូរស្បើយ។  

ពលការិនីរូបនេះនិយាយថា៖ «ដល់ពេលខ្ញុំរាកវាល់ល្ងាចហើយ! ល្ងាចហើយ ខ្ញុំហៅបងខ្ញុំកោសខ្យល់ឱ្យ ខ្ញុំញ័រខ្លួន! ដល់ពេលញ័រខ្លួនទៅ មានអ្នកប្រកាច់ ក៏ពេទ្យគេហៅឱ្យទៅបើកថ្នាំបើកអី! ដល់ពេលខ្ញុំ គេដាក់សារ៉ូមឱ្យ ដល់ពេលដាក់សារ៉ូម​ហើយ ខ្ញុំស្ទះ […] ខ្ញុំទៅដល់ពេទ្យមង្គលបូរី គេប្តូរសារ៉ូមឱ្យខ្ញុំ គេប្តូរសារ៉ូមឱ្យរួច គេចាក់ថ្នាំ អត់ដឹងថ្នាំអីទេ គេចាក់ឱ្យពីរម្ជុលទៅ​ ខ្ញុំរាងគ្រាន់វិញ។ ពេលដាក់សារ៉ូមពីនេះទៅហ្នឹង ខ្ញុំដកដង្ហើមអត់ចេញទេ ក៏គេដាក់អុកស៊ីសែនឱ្យខ្ញុំទៅរហូត»

មន្រ្តីគម្រោងនៃអង្គការហ្គ្រេត​កម្ពុជា លោក ប៉ាត សុវណ្ណ លើកឡើងថា ផ្លែតាង៉ែន ជាប្រភេទផ្លែឈើម្យ៉ាងដែលត្រូវការចាំបាច់នូវសារធាតុបំប៉ន ដើម្បីឱ្យវាចេញផលផ្លែផ្កាក្នុងបរិមាណច្រើន។ ប៉ុន្តែលោក​ថា ផ្លែឈើប្រភេទនេះ ក៏ដូចជាដំណាំដទៃផ្សេងទៀត គឺសុទ្ធតែអាចនាំឱ្យអ្នកហូបពុលបាន ប្រសិន​ការ​ប្រមូល​ផលត្រូវបានធ្វើឡើងមុនកាលកំណត់​​ដែលសារធាតុពុល​កសិកម្មសាប​រលាប។ 

លោកបញ្ជាក់បន្ថែមថា ការពុលនោះអាចលេចចេញជាអាការចុកពោះ រាករូស និងក្អួតចង្អោរភ្លាមៗ ឬក្នុងរយៈពេលណាមួយបន្ទាប់ពីហូបរួច ទៅតាមកំហាប់ជាតិ​ពុលដែលនៅជាប់នឹងផ្លែ ទោះហូបក្នុងចំនួន​តិចតួចក្តី ជាពិសេសការហូបដោយប្រើធ្មេ​ញ​ខាំសម្បក​បក​ផ្ទាល់​។

លោក ប៉ាត សុវណ្ណ និយាយថា៖ «មិនត្រឹមតែផ្លែតាង៉ែនទេ យើងរាប់ទាំងដំណាំអីទាំងអស់ ​គ្រប់មុខទាំងអស់ នៅពេលដែលយើ​ងប្រមូលផល ហើយបាញ់ថ្នាំពុលដោយមិនគោរពតាមគោលការណ៍ថ្នាំ​ដែលគេកំណត់មក។ ជាទូទៅ វាអាច១អាទិត្យទៅកន្លះខែ។ អ៊ីចឹងពេលដែលបាញ់ហើយ បានគេឱ្យប្រមូលផលអ៊ីចឹង។ អ៊ីចឹងប្រសិនបើយើងអត់គ្រប់ថ្ងៃទេ បាញ់ថ្ងៃហ្នឹងបេះស្អែកអ៊ីចឹង​ទៅ វាអូតូម៉ាទិក ត្រូវតែប៉ះពាល់ហើយ»

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយបន្ថែមពីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី និងប្រធានមន្ទីរសុខាភិបាលខេត្ត លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត បានទេ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យដដែល បានឱ្យដឹងថា នៅថ្ងៃទី២០ ខែសីហា រដ្ឋបាលខេត្តបានទទួលផ្លែមៀន និងតាង៉ែន ចំនួន៤ ០០០​​គីឡូក្រាម ដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបានបែងចែកផ្លែឈើទាំងនេះទៅដល់ពលករដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅ១៣មណ្ឌល និងជាប់ធ្វើចត្តាឡីស័កនៅ២២មណ្ឌល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ