រយៈ​ពេល​ជាង​៥​ខែ​ អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​បំប្លែង​ថ្មី​កើន​ដល់​​ជាង​១៥០០​នាក់

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

អ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី ក្នុងរយៈពេលជាង៥ខែមកនេះបានកើនដល់ជាង១ ៥០០នាក់ នៅ​ក្នុង​រាជធានី-ខេត្តចំនួន២៣។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បាន​ឱ្យ​ដឹង​ថា យោង​តាម​​លទ្ធផលនៃការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គិត​ចាប់​តាំង​ពីថ្ងៃទី​៣១ ​ខែ​មីនា​ រហូត​​ដល់​ថ្ងៃ​ទី​២៦​ ខែ​សីហា​នេះ បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ-១៩បំប្លែងថ្មី ប្រភេទ​​ B.1.6172 (Delta)​ ទៅ​លើ​ប្រជាពលរដ្ឋ​​និង​អ្នកមកពីបរទេសសរុបចំនួន១ ៥៣៤នាក់​​ ហើយបង្ក​ផល​ប៉ះពាល់ដល់ទៅ​២៣​រាជធានី-ខេត្ត ​លើកឡើង​តែ​ខេត្ត​កែប​ និង​ខេត្ត​ក្រចេះប៉ុណ្ណោះ។

ក្រសួង​បន្តថា ​វីរុសកូវីដ-១៩ ប្រភេទ “​ដែលតា”​ (Data) នេះ កំពុងតែរាតត្បាត​វាយ​លុក​ចូល​ក្នុងសហគមន៍ ជាពិសេសរាជធានីភ្នំពេញ​​ ខេត្តឧត្ដរមានជ័យ សៀមរាប​ ព្រះវិហារ កំពង់​ចាម កំពង់​ធំ កណ្ដាល បន្ទាយ​មានជ័យ និងបណ្ដាខេត្តមួយចំនួនទៀត ហើយ​ការ​​ឆ្លងរីក​រាល​ដាល​ពេល​​បច្ចុប្បន្ននេះមានសន្ទុះកើនឡើងខ្លាំងទៅ​លើយុវវ័យ​ ដែល​ភាគ​ច្រើនក្រុមនេះតែ​ង​តែ​ដើរចេញ​ក្រៅ​ផ្ទះ​​និងមានការជួបជុំមិត្តភក្តិជាដើម។

ករណីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ក្រើនរម្លឹកជាថ្មីដល់​ប្រជា​ពល​រដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ននិងការពារខ្លួន ដោយត្រូវអនុវត្តតាមវិធានសុខាភិបាល ជាពិសេសចៀសវាងការប្រមូល​ផ្តុំមនុស្ស​ច្រើន​។​​

បើតាមរបាយការណ៍របស់​ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រ​​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៩១ ៣៦៩​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៨៧ ២៩៩នាក់ អ្នកស្លាប់កើនដល់​ចំនួន​១​ ៨៥៨​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៤​ ៧០៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ