មន្ត្រី​ទូត​​អំពាវនាវ​ដល់​​​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​កុំ​​ឱ្យ​​​ប្រើប្រាស់​គុយទាវ​ភ្នំពេញ​ ក្រោយ​រកឃើញ​ថា​ជា​ទំនិញ​ក្លែង​បន្លំ​

លោក ជុំ សុន្ទរី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ថ្លែងក្នុងពិធីផ្ទេរវត្ថុបុរាណមកឱ្យកម្ពុជាវិញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ The Royal Embassy of Cambodia to the United States)

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ​​​អំពាវនា​​វ​​ដ​​ល់​​​​​ប្រជាពលរដ្ឋនិងសិស្សនិស្សិតដែលកំពុងរស់​នៅ​​លើ​​​ទឹក​ដីសហរដ្ឋ​អាមេរិក ឈប់​​​ទិញនិង​​​​ប្រើ​​ប្រាស់​​​ផ​​លិតផលគុយទាវក្រៀមកញ្ចប់ដែលមានឈ្មោះថា «គុយទា​​វភ្នំ​​ពេញ​​» ក្រោយស្ថានទូតរកឃើញថា ជាប្រភេទផលិតផលក្លែងក្លាយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក នៅ​ថ្ងៃទី២៦ ខែសី​​ហា បានលើកឡើង​ថា ថ្មីៗនេះ ស្ថានទូតបានរកឃើញនូវផលិតផលគុយទាវកញ្ចប់ក្រៀមដែលមាន​ឈ្មោះថា «គុយទា​​វភ្នំ​​ពេញ​​» និងមាន «រូបសញ្ញាប្រាសាទអង្គរវត្ត» ​​កំពុង​​ដាក់​​លក់នៅតាមបណ្តាផ្សារអាស៊ី​ ក្នុង​តំបន់​ឆ្នេរ​ខាង​កើត​សហរដ្ឋអាមេរិក ដែលវាមិនមែនជាផលិតផល​របស់កម្ពុជាទេ។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ផលិត​​ផល​​ទាំ​​​ង​​នេះមិនមានការអនុញ្ញាតពីអាជ្ញាធរកម្ពុជានោះទេ ដែលករណីនេះ ជា​​ការ​​រំលោភយ៉ាងធ្ងន់ធ្ងរទៅកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាក«​​គុយ​​ទាវភ្នំពេញ» ធ្វើឱ្យអ្នកប្រើប្រាស់ទូទៅមានការភ័ន្តច្រឡំអំពីប្រភពដើមនៃ​ផលិត​ផល​​​​គុយ​​​ទាវកញ្ចប់របស់កម្ពុជា។ 

យ៉ាងណា គិតមកដល់ពេលនេះ ស្ថានទូតបានស្រាវជ្រាវឃើញនិងកំណត់មុខសញ្ញាអ្នកក្លែង​​បន្លំ​​ម៉ាក​​យីហោ​រួច​​​​​ហើយ ព្រមទាំងបានចាត់អនុពន្ធពាណិជ្ជកម្មអមស្ថានទូតជួបដោះស្រាយជាមួយ​​ភាគី​​​​ក្រុម​​​ហ៊ុនហើយដែរ។ ទន្ទឹមនឹងនេះ ស្ថានទូតខ្មែរ​ប្រចាំសហរដ្ឋអាមេរិកក៏បានព្រមានដែរថា ប្រ​​សិន​​បើរកឃើញថា ក្រុមហ៊ុននេះនៅតែបន្តសកម្មភាពទៀតនោះ​ ស្ថានទូតនឹងដាក់ចេញ​​វិធានការចាំ​​បាច់​​ទៅ​​តាមនីតិវិធីច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ