រាជរដ្ឋាភិបាលបានឱ្យដឹងថា កម្ពុជាទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ ដែលជាផ្នែកមួយនៃកិច្ចការមនុស្សធម៌ ដើម្បីឱ្យពួកគេស្នាក់នៅប្រទេសកម្ពុជាជាបណ្តោះអាសន្ន មុនចាកចេញទៅកាន់ប្រទេសទី៣ ។
ការទទួលយកជនភៀសខ្លួននេះ ធ្វើឡើងបន្ទាប់ពី អង្គការ The Asia Foundation បានស្នើសុំមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសថា ដោយផ្អែកលើគោលការណ៍មនុស្សធម៌ មេត្តាជួយពិនិត្យនូវលទ្ធភាពផ្តល់ទិដ្ឋាការ ចូលព្រះរាជាណាចក្រកម្ពុជាដល់បុគ្គលិកអង្គការ The Asia Foundation ប្រចាំប្រទេសអាហ្វហ្កានីស្ថាន ដើម្បីស្នាក់នៅជាបណ្តោះអាសន្ន មុននឹងចាកចេញទៅប្រទេសទី៣ ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វីអូឌីនៅថ្ងៃ២៩ ខែសីហានេះថា ដើមចមដែលនាំឱ្យរដ្ឋាភិបាលសម្រេចចិត្តទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ ដោយសារកម្ពុជាអនុវត្តនូវគោលការណ៍មនុស្សធម៌។
លោកមានប្រសាសន៍ថា៖ «ក្នុងគោលការណ៍មនុស្សធម៌ កម្ពុជាបើកចំហរទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ សម្រាប់ប្រទេសទី២ឱ្យគេចូលមក រីឯការជ្រើសរើសចាកចេញទៅប្រទេសទី៣ជាការសម្រេចរបស់ទូតអាហ្វហ្កានីស្ថាន ដើម្បីទទួលក្រុមហ្នឹងទៅប្រទេសទី៣»។
នៅពេលសួរថា តើពាក់ព័ន្ធនឹងការស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានខែ ឬដាក់ឱ្យស្នាក់នៅទីកន្លែងណាក្នុងប្រទេសកម្ពុជាជាបណ្តោះអាសន្ន? លោក ផៃ ស៊ីផាន បញ្ជាក់យ៉ាងខ្លីថា ក្រសួងការបរទសកម្ពុជា បាននឹងកំពុងពិភាក្សាបន្ថែមជាមួយការអង្គការ The Asia Foundation ជុំវិញបញ្ហានេះបន្តទៀត ។
យ៉ាងណា នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅប្រទេសអាហ្កានីស្ថាន កំពុងរងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយប្រជាជននៃប្រទេសនេះបានកំពុងតែភៀសខ្លួនទៅប្រទេសទី២ និងត្រៀមភៀសខ្លួនទៅប្រទេសទី៣ជាបន្តបន្ទាប់ ។
លោក អំ សំអាត បញ្ជាក់ថា ដើមចមដែលនាំឱ្យរដ្ឋាភិបាលសម្រេចចិត្តទទួលយកជនភៀសខ្លួនអាហ្កានីស្ថានចំនួន៣០០នាក់ ដើម្បីបង្ហាញថា កម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្ស និងចេះបារម្ភពីការរំលោភសិទ្ធិមនុស្ស ដើម្បីបង្ហាញទៅអន្តរជាតិឱ្យបានឃើញពីទឹកចិត្តរបស់កម្ពុជា។ យ៉ាងណាលោកថា វាជារឿងល្អផងដែរ។
លោកមានប្រសាសន៍ថា៖ «ស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពធ្វើទុក្ខបុកម្នេញលើជនភៀសខ្លួន ដែលត្រូវភៀសខ្លួនចេញពីអាហ្កានីស្ថាន ហើយរដ្ឋាភិបាលចង់បង្ហាញថា រដ្ឋាភិបាលមានការយកចិត្តទុកដាក់ទាក់ទងនឹងបញ្ហាមនុស្សធម៌ បញ្ហាអាយុជីវិតរបស់ជនភៀសខ្លួន ហើយការធ្វើទុកបុកម្នេញទាក់ទងនឹងសិទ្ធិមនុស្សផ្សេងៗ ប៉ុន្តែវាជារឿងល្អ»។
លោបន្ថែមមានប្រសាសន៍ថា ៖ « ប៉ុន្តែរដ្ឋាភិបាលត្រូវគិតគូឱ្យបានល្អិតល្អន់ សម្រាប់ជួយដល់ជនភៀសខ្លួន៣០០នាក់មិនមែនតិចទេ ហើយកម្ពុជាក៏កំពុងរងគ្រោះដោយសារបញ្ហាកូវីដ-១៩ ប្រជាពលរដ្ឋក៏ត្រូវការជួយពីរដ្ឋាភិបាលកម្ពុជាដែរ ត្រូវមានការថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយដែរ»។
ក្រុមតាលីបង់ បានកាន់អំណាចនៅប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីពួកគេចូលកាន់កាប់រដ្ឋធានីកាប៊ុលកាលពីដើមខែសីហា ឆ្នាំ២០២១ នេះ ។ ករណីនេះ លោកប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនទៅប្រទេសតាហ្ស៊ីគីស្ថាន ដើម្បីបញ្ចៀសការបង្ហូរឈាម ខណៈជនជាតិអាហ្វហ្គាននីស្ថាន ជាច្រើននាក់ កំពុងចាកចេញពីប្រទេសនេះជាបន្តបន្ទាប់ ៕