ក្រសួងកសិកម្ម ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោនិងក្របីនៅតាមបណ្តាខេត្តមួយចំនួន ក្រោយពីបានបញ្ជាទិញវ៉ាក់សាំងចំនួន២ ម៉ឺនកម្រិត (ឬស្មើនឹង២ម៉ឺនដូស) ពីប្រទេសវៀតណាម និងស្របពេលដែលសត្វគោក្របីជាង៣ម៉ឺនក្បាលកំពុងឆ្លងជំងឺនេះ។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃទី៣០ ខែសីហានេះថា ជំងឺដុំពកលើស្បែកគោនិងក្របី ជាជំងឺដែលអាចចម្លងទៅឱ្យសត្វដូចគ្នាបាន បើសិនជាម្ចាស់គោនិងក្របីទាំងនោះបណ្តែតបណ្តោយឱ្យសត្វចិញ្ចឹមរបស់ខ្លួនដើរស៊ីស្មៅនៅតាមវាលស្រែជាមួយសត្វដែលមានជំងឺ។
លោកបន្តថា គិតមកដល់បច្ចុប្បន្ន មានសត្វគោក្របីជាង៣ម៉ឺនក្បាលហើយបានឆ្លងជំងឺនេះ។ ករណីនេះ លោកថា ស្ថាប័នជំនាញបានសហការគ្នាដោយយកចិត្តទុកដាក់ ចុះចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោនិងក្របីនៅក្នុងខេត្តគោលដៅសំខាន់ៗដែលឆ្លងជំងឺនេះខ្លាំង ជាពិសេសនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមាន ខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងត្បូងឃ្មុំ ជាដើម។
ជាមួយគ្នានេះដែរ លោក តាន់ ផាន់ណារ៉ា លើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរភូមិឃុំ នៅពេលឃើញសត្វគោនិងក្របីរបស់ខ្លួនមានជំងឺដុំពកលើស្បែក ដើម្បីឱ្យមន្ត្រីជំនាញចុះទៅជួយពិនិត្យនិងព្យាបាល ទើបអាចកាត់ផ្តាច់ការចម្លងនៃជំងឺនេះបានប្រសិទ្ធភាពខ្ពស់។
លោកមានប្រសាសន៍ថា៖ «បើសិនជាមានឆ្លងជំងឺ [ដុំពកលើស្បែកគោនិងក្របី] គាត់ត្រូវប្រាប់ទៅអាជ្ញាធរដែលនៅក្បែរបំផុត មានមេភូមិ មានមេឃុំ មានពេទ្យសត្វភូមិ ឱ្យគេរកពេទ្យសត្វទៅជួយមើល។ កុំឱ្យគាត់ព្យាបាលតាមវិធីបុរាណ អ្នកខ្លះបញ្ច្រកទឹកដូង ដល់គោនិងក្របីជិតងាប់ បានគាត់មករកអ្នកជំនាញ វាជាការខុសឆ្គង»។
បន្ថែមពីនេះ លោកបញ្ជាក់ថា សត្វគោនិងក្របីដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកនោះ គឺចាក់បានតែសត្វដែលមិនមានជំងឺតែប៉ុណ្ណោះ។ ចំណែកសត្វដែលមានជំងឺហើយព្យាបាលជា គឺពេទ្យសត្វមិនចាក់ឱ្យនោះទេ ព្រោះសត្វនោះបានបង្កើតអង់ទីគ័រការពារខ្លួនរួចហើយ។
បើតាមលោក តាន់ ផាន់ណារ៉ា តាមគម្រោង រដ្ឋាភិបាលកំពុងសហការជាមួយប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោនិងក្របី ចំនួន៤ម៉ឺនកម្រិតទៀត នៅសប្តាហ៍ក្រោយផងដែរ ។
លោក វ័យ សុខនាង ជាកសិកររស់នៅភូមិរកាកោងទី២ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល គាំទ្រនឹងវិធានការរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោនិងក្របី ខណៈនៅផ្ទះរបស់គាត់ក៏មានគោចំនួន១០ក្បាលឆ្លងជំងឺដុំពកលើស្បែកផងដែរ។
តែយ៉ាងណា លោកស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោនិងក្របីនៅទូទាំងប្រទេស ទើបទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ និងមិនប៉ះពាល់ដល់ជីវភាពកសិករ។
លោកថា៖ «ជំងឺដុំពកហ្នឹងកើតហើយ វាធ្វើឱ្យខូចសាច់ ខូចគុណភាពសាច់ វាអត់ល្អ វាដូចជាដុំៗ ក្រហមៗ ឈាមៗ នៅពេលដែលយើងយកទៅបរិភោគ អ៊ីចឹងវាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស»។
លោកបន្ថែមថា៖ «បើសិនជាអាចមានក្រសួងកសិកម្ម គាត់មានវិធានការចាក់វ៉ាក់សាំង ខ្ញុំចង់ឱ្យគាត់ចាក់នៅទូទាំងប្រទេស ដោយសារជំងឺហ្នឹងវាកើតឡើងគ្រប់តំបន់ គ្រប់ខេត្ត។ ដល់ពេលអ៊ីចឹង ទាល់តែយើងចាក់ទប់ស្កាត់វាគ្រប់កន្លែង បានជំងឺហ្នឹងវាសាបរលាបទៅវិញ»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍គាំទ្រនឹងរដ្ឋាភិបាលដែលទិញវ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោនិងក្របី ចុះចាក់ជូនប្រជាពលរដ្ឋម្ចាស់សត្វ។
ប៉ុន្តែលោកស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ត្រូវជ្រើសរើសវ៉ាក់សាំងដែលមានគុណភាពល្អក្នុងការទប់ស្កាត់ការឆ្លងជំងឺដុំពកលើស្បែកគោនិងក្របី ពីព្រោះអាចឆ្លងទៅមនុស្សនៅពេលពលរដ្ឋទៅទិញសាច់គោនិងសាច់ក្របីដែលកើតជំងឺនេះយកមកបរិភោគ។
លោកស្នើដូច្នេះថា៖ «វ៉ាក់សាំងដែលរដ្ឋាភិបាលទិញពីវៀតណាមឬយកមកពីវៀតណាម វាជារឿងមួយល្អ ប៉ុន្តែគួរតែចូលឡាបូមើលឱ្យបានច្បាស់លាស់ ដើម្បីយកមកចាក់សត្វទាំងអស់ហ្នឹងកុំឱ្យមានការឈឺ ហើយវាអាចរាលដាលឆ្លងមកមនុស្សយើងនៅពេលយើង នៅពេលដែលយើងបរិភោគ»។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សត្វគោនិងក្របីសរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួនប្រហែលជា៣លានក្បាល។ លោកបន្តថា ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺដុំពកលើស្បែកគោនិងក្របីនេះ កម្ពុជាត្រូវចាក់វ៉ាក់សាំងឱ្យបាន ៧០% ទៅ ៨០% នៃចំនួនគោនិងក្របីសរុប៣លានក្បាលនោះ៕