ក្រសួង​អនុញ្ញាត​ឱ្យ​​មន្ទីរ​ពេទ្យ​​​​ឯកជន​អាច​ផ្តល់​សេវា​​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​​កម្រិត​​ស្រាល​នៅ​តាមផ្ទះ

ទីតាំងផ្ទះមួយកកន្លែងស្ថិតនៅក្នុងក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌខ្សែហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ដោយមានការពាក់ព័ន្ធនឹងកូវីដ-១៩។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល​ផ្តល់​សិទ្ធិ​ដល់​​សេវា​សុខា​ភិបាលឯ​កជនដែល​មាន​ច្បាប់​អនុញ្ញាតត្រឹម​ត្រូវ អាច​​មា​ន​​សិទ្ធិ​​ផ្តល់​​សេវា​​ថែទាំនិង​ព្យាបាល​​អ្នក​ជំងឺកូវីដ-១៩កម្រិតស្រាលនៅតាមផ្ទះបាន ប៉ុន្តែ​ត្រូវ​គោរពលក្ខខណ្ឌចាំបាច់​មួយចំនួន។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បាន​លើក​ឡើង​ថា ការអនុញ្ញាតនោះគឺធ្វើឡើងសម្រាប់​តែមូលដ្ឋានសុខាភិបាល​ រួម​មាន មន្ទីរពេទ្យ មន្ទីរ​ពហុព្យាបាល និងមន្ទីរសម្រាក​ព្យាបាល ដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងត្រូវមានគ្រូពេទ្យ​និងបុគ្គលិកបានបណ្តុះបណ្តាលត្រឹមត្រូវ​សម្រាប់ផ្តល់សេវានិង​ព្យាបាល​ពី​ក្រុម​គ្រូ​បង្គោល​​ថ្នាក់​ជាតិនៃក្រសួងសុខាភិបាលតែប៉ុណ្ណោះ។

ក្រសួងបន្តថា​៖ «ក្រុមគ្រូពេទ្យទាំងនោះត្រូវបានចាត់​ដោយ​ឡែកពីក្រុមគ្រូពេទ្យ​ព្យាបាលអ្នកជំងឺធម្មតា ហើយ​ក្រុម​គ្រូពេទ្យទាំងនោះត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់ពីបានថែទាំព្យាបាល​អ្នកជំងឺកូវីដ-១៩»។

ក្រសួងសុខាភិបាលបន្ត​ថា មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងនោះត្រូវត្រៀម​ទុកជាមុន ក្នុងករណីជំងឺវិវត្តធ្ងន់ធ្ងរ ដោយធានាឱ្យមានប្រព័ន្ធបញ្ជូនជំងឺតាមបទដ្ឋាន​បច្ចេកទេស​ត្រឹម​ត្រូវ​ពី​ផ្ទះ ទៅសេវាសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតឱ្យ​ផ្តល់សេវា ឬ​សេវា​សាធារណៈ​ដែល​មាន​​ព្យាបាល​កូវីដ-១៩។

ក្រៅពីនោះ ក្រសួងថា ការផ្តល់​សេវាថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនៅតាមផ្ទះ ក៏​ត្រូវ​មាន​ការ​​អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដូចជា ចៅសង្កាត់ឬមេឃុំ និងមន្ត្រីសុខាភិបាល​នៃ​ការិយា​ល័យ​​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ដែលអ្នកជំងឺតាំងនៅផងដែរ។​

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទ​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៩២ ៦១៦​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៨៨ ៤៤៣នាក់ អ្នកស្លាប់កើនដល់​ចំនួន​១​ ៨៩២​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៥ ០២៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ