រដ្ឋា​ភិបាល​​ពង្រឹង​​​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​​កូវីដ-១៩​​ជុំ​ទី​​១​ ​ដើម្បី​​បើក​​ដំណើរ​ការ​​ប្រទេស​​​ឡើង​វិញ​​

ស្ត្រីជាពលរដ្ឋរស់នៅខណ្ឌមានជ័យ មកចុះឈ្មោះបំពេញលិខិតបែបបទទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅច្រកចូលទីតាំងចាក់វ៉ាក់សាំងដែលស្ថិតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

រាជរដ្ឋា​ភិបាល​ពង្រឹង​ការ​អនុ​វត្ត​យុទ្ធ​នាការ​ជាតិ​ចាក់វ៉ាក់សាំង​កូវីដ-១៩​ ជុំទី​១ ដើម្បី​បើកដំណើរការប្រទេស​ពេញលេញឡើងវិញ​​​លើ​​គ្រប់​វិស័យ ដោយ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ-១៩​ជុំទី​១​នេះ ត្រូវបានគេ​រំពឹង​ថា ​នឹង​អាច​បញ្ចប់​​នៅ​ចុង​ខែ​តុលាឬ​ដើមខែ​វិច្ឆិកាខាង​មុខនេះ មុន​ផែនការ​ដែលបាន​គ្រោងទុក។ 

សេចក្ដីណែនាំ​របស់រដ្ឋាភិបាលកាលពីចុងសប្តាហ៍មុន ដែល​បាន​ផ្ញើជូន​ដល់​​គ្រប់​ក្រសួង-ស្ថាប័ន​ គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​ គណៈ​កម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំង​កូវីដ-១៩ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​ គណៈ​អភិបាលរាជធានី-ខេត្ត និង​​យន្តការ​​ដែល​មាន​​ការ​​ពាក់​ព័ន្ធ​​ផ្សេង​ទៀត​ បាន​លើកឡើងថា​ រាជរដ្ឋាភិបាល​ពង្រឹង​ការ​​អនុវត្ត​​នេះ​ ក្នុង​គោលបំណង​បង្កើន​ល្បឿន​នៃ​​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ឆាប់រហ័ស និង​អាច​ឈាន​ទៅ​បិទ​បញ្ចប់​យុទ្ធនាការ​​ជាតិ​ចាក់វ៉ាក់សាំង​កូវីដ-១៩ ​ជុំទី​១ នា​ពេល​ដ៏ខ្លី​ខាង​មុខនេះ។ 

ដើម្បី​​យកចិត្ត​ទុកដាក់​ក្នុង​ការ​ពង្រឹង​ការអនុវត្ត​ការងារ​មួយចំនួន​បន្ថែម​ទៀត ​​រដ្ឋាភិបាលបាន​គូស​បញ្ជាក់ក្នុងសេចក្តីណែនាំ​ថា៖ «​គណៈ​អភិបាល​រាជធានី​-ខេត្ត​ ត្រូវ​ប្រមូលផ្ដុំ​ការ​យក​ចិត្ត​ទុក​ដាក់និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​លើការ​ប្រយុទ្ធ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​​កូវីដ-១៩​ ដោយចាត់​ទុក​ជា​ការងារ​ស្នូល​អាទិភាព​ខ្ពស់​បំផុត​របស់​ខ្លួន ​ជា​ពិសេសត្រូវ​សម្រេច​ឱ្យ​បាន​ឆាប់​រហ័ស​នូវការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ជន​នៅ​ក្នុង​មូលដ្ឋាន​ក្រោម​សមត្ថកិច្ច​របស់ខ្លួន​ ដែល​ជា​ខ្សែ​ក្រវាត់​ការពារ​ទី​១ និង​ជា​យុទ្ធ​សាស្រ្ត​គន្លឹះ​របស់​រាជរដ្ឋាភិបាលក្នុង​សមរភូមិប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩»។ 

សេចក្ដី​ណែនាំ​ដដែល​បន្ត​ថា គណៈ​កម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ-១៩​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ត្រូវ​ពង្រឹង​យន្តការ​តាមដាន​និង​ត្រួត​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ​ចាក់វ៉ាក់សាំង​កូវីដ-១៩​ប្រចាំថ្ងៃរបស់ខ្លួន​ ព្រមទាំងត្រូវ​ពង្រឹង​យន្តការ​ឆ្លើយ​តប​ឱ្យ​បបាន​ទាន់ពេលវេលាជូន​ប្រជាជនជាក់ស្ដែងនៅក្នុង​មូលដ្ឋាន​នីមួយៗ​ និង​តាម​អភិក្រម​ «​មិន​អនុញ្ញាត​ឱ្យ​មាន​វ៉ាក់សាំង​ដេកក្នុង​ឃ្លាំង​ ក្នុង​ពេល​ដែល​ប្រជាជន​ត្រូវការ​វ៉ាក់សាំង​នោះទេ»។  

បន្ថែមពីនេះ​ គណៈ​អភិបាល​រាជធានី​-ខេត្ត​ត្រូវ​រៀប​ចំធ្វើ​បច្ចុប្បន្នភាពឡើងវិញ​​ឱ្យបាន​​ច្បាស់​លាស់​និង​ឆាប់រហ័ស​អំពីចំនួន​ប្រជាជន​ជាក់ស្ដែង​នៅមូលដ្ឋាន​ដែល​ត្រូវ​ចាក់វ៉ាក់សាំង​កូវីដ-១៩​ ជាពិសេស​នៅកម្រិត​ថ្នាក់​ឃុំ​-សង្កាត់​ និង​ញែក​ចេញ​ចំនួន​ប្រជាជន​ចំណាកស្រុក​ដែល​អាច​ទទួលការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩នៅទីកន្លែង​ផ្សេងៗ​ ដើម្បី​មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុង​ការ​កែសម្រួល​ផែនការ​ចាក់វ៉ាក់សាំង​ ដោយ​ផ្អែក​តាម​ចំនួន​ប្រជា​ជន​ជាក់ស្ដែង​នៅ​ក្នុង​មូលដ្ឋាន​ ក៏ដូចជា​ឈាន​ទៅសម្រេចបិទ​បញ្ចប់​យុទ្ធនាការចាក់វ៉ាក់សាំង​កូវីដ-១៩​នៅ​មូលដ្ឋាន​នោះ​ ព្រមទាំងពង្រឹងនូវវិធានការមួយចំនួនទៀតផងដែរ។ 

​របាយការណ៍ស្តីពីចំនួនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅក្នុងក្របខណ្ឌក្រសួងសុខាភិបាល និងក្រសួងការពារជាតិ គិតត្រឹមយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ​បង្ហាញថា មានពលរដ្ឋ​នៅទូទាំងប្រទេសសរុបចំនួន១០ ៥៦២ ៩៩៥នាក់ ​ដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺផ្លូវដង្ហើមមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ