រដ្ឋ​មន្ត្រី​សុខា​ភិបាល​រំលែក​ទុក្ខ​គ្រួសារ​សព​មន្ត្រី​ពេទ្យ​​ម្នាក់​ដែល​ស្លាប់​ដោយ​សារ​កូវីដ-១៩

ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមអ្នកជំនាញសុខាភិបាលរៀបចំបូជាសពអ្នកគ្រូពេទ្យ​ អ៊ឹម​ ស្រីនិ​ ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីយប់​ ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចួលរួមរំលែកទុក្ខ ករណី​មន្ត្រីសុខាភិបាលម្នាក់ដែល​បម្រើ​ការ​ផ្នែក​​ថែទាំ​​អ្នក​​ជំងឺ​កូវីដ-១៩ នៅមន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ បានទទួល​មរណ​ភាពដោយ​សារ​​ជំងឺផ្លូវដង្ហើមមួយនេះ។

កញ្ញា អ៊ឹម ស្រីនិ អាយុ២៨ឆ្នាំ ជាគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានស្លាប់ដោយសារ​ជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលព្យាបាលព្រីមៀម សែនសុខ ក្នុងខណ្ឌសែន​សុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្រោយ​ពីបានបញ្ជូនទៅព្យាបាល​នៅ​ទីនោះ​រយៈពេលប្រមាណ១សប្តាហ៍មក។

ក្នុងលិខិតចូលរួមមរណទុក្ខចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក​ ម៉ម ប៊ុនហេង បានសម្តែង​ការ​សោកស្តាយនិងរន្ធត់ចិត្ត​ចំពោះមរណភាពរបស់កញ្ញា អ៊ឹម ស្រីនិ ដែលបានស្លាប់ដោយសារ​ជំងឺកូវីដ-១៩។

លោក​បន្តថា៖ «មរណភាពរបស់​កញ្ញា អ៊ឹម ស្រីនិ គឺជាការបាត់បង់នូវបុគ្គលិក​សុខាភិបាល​មួយ​រូបដែលបានលះបង់​កម្លាំងកាយ-ចិត្តក្នុងការចូលរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩»។

ក្រៅពីក្រសួងសុខាភិបាល ក៏មានមន្ត្រីសុខាភិបាល និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនក៏បានបង្ហាញការសោកស្តាយ និងចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារសពកញ្ញា អ៊ឹម ស្រីនិ ដែលជាគ្រូពេទ្យ​ផ្នែកថែទាំអ្នកជំងឺកូវីដ-១៩ដំបូងគេនៅកម្ពុជាដែលបានបាត់បង់ជីវិត​ដោយ​សារ​ជំងឺ​នេះ​ផង​​ដែរ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៩២ ៦១៦​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៨៨ ៤៤៣នាក់ អ្នកស្លាប់កើនដល់​ចំនួន​១​ ៨៩២​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៥ ០២៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ