អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​​បំប្លែង​ថ្មី​ប្រភេទ​ ដែលតា បាន​​កើន​ដល់​ជិត​២​ពាន់​នាក់​

រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កទៅកាន់ខេត្តគោលដៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

ក្រសួងសុខាភិបាល ឱ្យដឹងថា ក្នុងរយៈពេល៥ខែមកនេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ”ដែលតា” ទៅលើ​ពលរដ្ឋ​និងអ្នកដំណើរមកពីក្រៅប្រទេស​ប្រមាណជិត២ ០០០នាក់។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា គិត​ចាប់​តាំង​ពី​ថ្ងៃទី៣១ ខែ​មីនា ដល់​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ២០២១នេះ​ កម្ពុជាបានរកឃើញ​អ្នកឆ្លង​វីរុសកូវីដ-១៩ ប្រភេទ ដែលតា ចំនួន១ ៩១៦នាក់ ដែលជាអ្នកដំណើរមកពីបរទេសតាមជើង​ហោះ​ហើរ ពលករខ្មែរត្រឡប់មកពីថៃនិងវៀតណាម ប្រជាពលរដ្ឋ​នៅក្នុងសហគមន៍ ក្រុម​ហ៊ុនឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនបរទេស បុគ្គលិក​រោង​ចក្រ​កាត់​​ដេរ ដូនជីនៅវត្ត និងសិស្ស។​

ក្រសួងបន្តថា បច្ចុប្បន្ន វីរុសកូវីដ-១៩បំប្លែងថ្មីនេះបាន​ឆ្លងរាលដាល​ដល់រាជធានី-ខេត្តចំនួន២៣ លើក​លែងតែខេត្តកែប និង​ខេត្តក្រចេះ។

ករណីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក​ ម៉ម ប៊ុនហេង បាន​ក្រើនរម្លឹកជាថ្មីដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់បន្តការប្រុងប្រយ័ត្ននិងការពារខ្លួន ដោយត្រូវអនុវត្តតាមវិធានសុខាភិបាល ជា​ពិសេស​ចៀស​វាង​ការ​ប្រមូល​ផ្តុំ​មនុស្ស​​ច្រើន​។​​

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៩២ ៦១៦​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៨៨ ៤៤៣នាក់ អ្នកស្លាប់កើនដល់​ចំនួន​១​ ៨៩២​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៥ ០២៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ