រយៈ​ពេល​ជាង​១​ឆ្នាំ​ ក្រុម​ហ៊ុន​ជិត​​៨​ពាន់​បាន​​ចុះ​បញ្ជី​អាជីវ​កម្ម​តាម​​ប្រព័ន្ធ​បច្ចេក​វិទ្យា​​ព័ត៌មាន

កិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ស្ដីពី “សេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance)

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បាន​ឱ្យដឹងថា​​ រយៈពេលជាង១ឆ្នាំមកនេះ ក្រុម​ហ៊ុនជិត៨០០០បានចុះបញ្ជីអាជីវកម្ម​របស់​ពួកគេ​តាមថ្នាល​បច្ចេកវិទ្យាព័ត៌មាន ក្នុងនោះ​មាន​ដើម​ទុន​សរុប​ជិត៣ ០០០​លាន​​ដុល្លារ​អាមេរិក។

យោងតាមសុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុង​ពិធី​ប្រកាស​​ដាក់​ដំណើរការ​ជាផ្លូវការ​នូវប្រព័ន្ធចុះបញ្ជី​អាជីវកម្ម​តាមថ្នាលបច្ចេកវិទ្យា​ព័ត៌មាន ដំណាក់​កាលទី២ នៅថ្ងៃពុធនេះ បាន​ឱ្យដឹងថា កម្ពុជាបានដាក់ឱ្យដំណើរការ​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌​មាន ដំណាក់​កាល​ទី១ កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ២០២០ ដើម្បី​កែសម្រួល​បិរយា​កាស​​ធុរកិច្ចនិងវិនិយោគនៅកម្ពុជា និងចួលរួម​ចំណែក​​ដល់​​ការ​រក្សា​និរន្ត​​រភាព​​នៃ​សកម្មភាព​សេដ្ឋ​កិច្ច ក្នុង​បរិការណ៍​​នៃ​​ការ​​ឆ្លង​​រាល​​ដាល​​​ជំងឺកូវីដ-១៩។

លោក​បន្តថា​​ ក្នុងរយៈពេល​ជាង១ឆ្នាំកន្លង​មក ប្រព័ន្ធចុះបញ្ជីអាជីវកម្ម​បានដំណើរការ​ឥតដាច់ និងបាន​អនុញ្ញាតឱ្យ​ធុរជន​ អាចស្នើសុំចុះបញ្ជីអាជីវកម្ម​បាន ក្នុងនោះ គិតត្រឹម​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ២០២១ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមថ្នាល់បច្ចេកវិទ្យាព័ត៌មាន មានចំនួន៧ ៧១៥​ក្រុម​ហ៊ុន និងមានដើមទុនសរុប​ជិត៣ ០០០លាន់​ដុល្លារអាមេរិក។

លោករដ្ឋមន្ត្រីបន្តថា វិស័យចំនួន៥ ដែលមានទំហំដើមទុនធំជាងគេ ក្នុងនោះ វិស័យ​សំណង់ចំនួន២៥,៣២ភាគរយ, អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្តនិង​ទោ​ចក្រ​យាន​យន្តគ្រប់ប្រភេទ ចំនួន១៦,៤៤ភាគរយ, សកម្មភាពអចលនវត្ថុ ចំនួន១៥,៥៣​ភាគ​រយ, កម្មន្តសាល ចំនួន១៤,៣ភាគរយ និង​សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង​ ចំនួន៨,២២​ភាគ​រយ។

លោក​បានគូសបញ្ជាក់ថា«សម្រាប់ដំណាក់កាលទី២នេះ នឹងអនុញ្ញាត​ឱ្យ​ធុរជន​អាច​ចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​បាន​ពេញ​លេញ ស្របតាម​បទប្បញ្ញត្តិ​​ដែលមានជាធរមាន តាមរយៈ​ការ​ដាក់​ស្នើ​សុំ​អាជ្ញាបណ្ណឬលិខិត​អនុញ្ញាត​ផ្សេងៗ បង់ថ្លៃ​សេវាតាមរយៈប្រព័ន្ធទូទាត់​បង់​ប្រាក់​​ឌីជីថល និងទាញយក​វិញ្ញាបនបត្រ​ឬលិខិត​អនុញ្ញាត​ ជា​ទម្រង់​ឌីជីថល​​ពី​ទីណា​​ក៏​បាន នៅពេល​ណាក៏បាន ដោយមិនចាំបាច់​ធ្វើដំណើរឬមកជួប​ជាមួយ​មន្ត្រី»។

ជាមួយគ្នានេះដែរ លោក​ អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ស្នើដល់ក្រុមការងារ​អន្តរក្រសួង​រៀបចំ​​ការចុះ​បញ្ជី​អាជីវកម្មតាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ បន្តខិតខំផ្តល់​​ការ​គាំទ្រជាប្រចាំ​ និងដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បច្ចេកទេសឬបញ្ហាប្រឈម​ផ្សេងទៀត​ ដើម្បីឱ្យ​ប្រព័ន្ធនេះដំណើរការ​ដោយ​រលូន ឆ្លើយ​តបនឹងតម្រូវការជាក់ស្តែងរបស់​អ្នកប្រើប្រាស់។ លោកក៏បានជំរុញដល់ក្រុម​ការ​ងារ​​នេះពង្រីកវិសាលភាពនៃប្រព័ន្ធអាជ្ញាបណ្ណ​ឬលិខិតអនុញ្ញាត និងបន្តគ្រប​ដណ្តប់​ដល់​វិស័យ​​ផ្សេង​ៗទៀត និងបញ្ចូលនូវសេវាសំខាន់​ៗនិងចាំបាច់នានាសម្រាប់​ផ្តល់​នូវការ​សម្រួល​បន្ថែម​ដល់​ការ​ធ្វើធុរកិច្ច​នៅកម្ពុជា​ផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ