ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​​គម្រោង​ធ្វើ​ព្រលាន​យន្តហោះ​ថ្មី​ តវ៉ា​​រឿង​ក្រុម​ហ៊ុន​​​យក​គ្រឿង​ចក្រ​កាយ​ផ្ដាច់​ផ្លូវ​ ​

ពលរដ្ឋតវ៉ាស្វែងរកដំណោះស្រាយគម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្ដាល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ពលរដ្ឋជិត១០០នាក់ដែល​មានជម្លោះដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលើកគ្នាតវ៉ាប្រឆាំងនឹងបុគ្គលិក​ក្រុម​ហ៊ុនធ្វើ​​​ព្រលាន​យន្ត​ហោះ​ថ្មី (OCIC)​ ដែល​យក​គ្រឿងចក្រទៅឈូសឆាយផ្តាច់ផ្លូវលើដីមានជម្លោះ ខណៈពួកគាត់នៅមិនទាន់ទទួលបានការដោះស្រាយសមរម្យនៅឡើយ។

តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកកណ្តាលស្ទឹង​ម្នាក់ លោក សួង ពៅ បានអះអាងថា​ ការតវ៉ានេះធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ ខណៈបុគ្គលិក​ក្រុម​ហ៊ុន OCIC បាន​ប្រើគ្រឿង​ចក្រ​ឈូសឆាយ​ផ្តាច់ផ្លូវនៅក្នុងទីតាំងដីដែលកំពុងមាន​ជម្លោះ។

លោក​បន្តថា បើសិន​ជាអាជ្ញាធរមិនព្រមរកដោះស្រាយឱ្យ​​ក្រុមហ៊ុន​លុបផ្លូវ​ដែលបានជីកនោះ​ឡើង​វិញ​ទេ​ ប្រជា​ពលរដ្ឋ​នឹង​ប្រមូលម្ដុំគ្នាជីក​កកាយលុប​ដោយខ្លួនឯង។ លើសពីនេះ លោកថា ពលរដ្ឋនៅតែ​ទាមទារ​ឱ្យ​ក្រុមហ៊ុនផ្តល់សំណងសមរម្យដល់ពួកគាត់ មុនធ្វើសកម្មភាពឈូសឆាយណាមួយបន្តទៀត។ ​​

លោកបន្តថា៖ «អាជ្ញាធរនៅតែមាននិន្នាការទៅខាងក្រុមហ៊ុន នៅតែលើក​ឡើងថា ផ្លូវហ្នឹងជាផ្លូវ​រដ្ឋ។​ អ៊ីចឹងក្រុមហ៊ុនកាយៗផ្លូវរដ្ឋ បើជាផ្លូវរបស់រដ្ឋ ប្រជាពលរដ្ឋក៏មានសិទ្ធិប្រើប្រាស់ផ្លូវហ្នឹង ក្រុមហ៊ុនក៏មានសិទ្ធិក្នុងការប្រើប្រាស់ផ្លូវហ្នឹងដូចគ្នា។ នៅពេលដែលក្រុមហ៊ុនកាយផ្លូវហ្នឹងផ្ដាច់ ប្រជាពលរដ្ឋមានផ្លូវណាចូលទៅផ្ទះ?​ មានផ្លូវណាចូលទៅស្រែ? គាត់ [អាជ្ញាធរ] នៅតែថា ក្រុមហ៊ុនធ្វើហ្នឹងត្រូវ»។

លោក សួង ពៅ បានអះអាងថា កាលពីល្ងាចម្សិលមិញ ​លោកបានឃើញអភិបាលស្រុកកណ្តាល​ស្ទឹង លោក អួច សៅវឿន និងអធិការ​ស្រុក ដែលមាន​កម្លាំងជិត៣០នាក់ បានចុះទៅ​ពិនិត្យកន្លែង​កើត​ហេតុ ហើយ​ព្រឹក​ថ្ងៃនេះ ក៏ស្រាប់តែ​ឃើញមានកាយដី​ផ្ដាច់ផ្លូវ​ចូល​ទៅ​ដី​របស់​ពួកគាត់​តែ​ម្តង។

លោកបន្តថា៖ «បើសិនជាអាជ្ញាធរអត់លុបវិញទេ ប្រជាពលរដ្ឋគាត់នឹងនាំគ្នាយកចប យកបង្គី កាយលុបវិញហើយ យ៉ាងយូរបំផុតព្រឹកស្អែក។​ ដំបូង ពួកគាត់អត់​ធ្វើអ៊ីចឹងទេ ​ប៉ុន្តែបើអាជ្ញាធរមិនមានសមត្ថភាពសម្របសម្រួលជាមួយក្រុមហ៊ុន មានតែប្រជាពលរដ្ឋធ្វើខ្លួនឯង»។  ​

ឆ្លើយតប​បញ្ហា​នេះ អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សៅរឿន បានលើកឡើងថា បញ្ហាកាយដីផ្ដាច់ផ្លូវនេះជាផែនការរបស់រដ្ឋាភិបាល ហើយរដ្ឋក៏បានសម្រេចធ្វើផ្លូវវាង​ជូន​ពលរដ្ឋរួច​ហើយ​ដែរ។ លោកបន្តថា មិនមានដំណោះស្រាយអ្វីផ្សេងនោះទេ ព្រោះផ្លូវនេះជាផ្លូវរបស់រដ្ឋ ដូច្នេះ​រដ្ឋអាចដោះដូរបាន ដូចដែលមានចែងនៅក្នុងច្បាប់រួចមកហើយដែរ។

លោកបន្តថា៖ «ដីគាត់ដែលក្រុមហ៊ុនអត់ទាន់ទិញ ក្រុមហ៊ុនអត់ឈូសទេ​ ដីគាត់ដែលអត់ទាន់ដោះស្រាយ។ ប៉ុន្តែទំនប់ប្រឡាយជាទ្រព្យរបស់រដ្ឋ រដ្ឋមានសិទ្ធិចាត់ចែង ហើយការដោះស្រាយ ផ្លូវវាង​ គេទើបតែធ្វើឱ្យ​ហើយ ខាងរដ្ឋាភិបាលធ្វើសងវិញហើយ»។

លោកបានអះអាងថា ចំពោះការទាមទាររបស់ប្រជាពលរដ្ឋ គឺជារឿងរបស់ពលរដ្ឋ ចំណែករដ្ឋាភិបាលបានដោះស្រាយរួចមកហើយ ​។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈ​មណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍​ថា​ សកម្មភាពរបស់អាជ្ញាធរធ្វើមកលើពលរដ្ឋបែបនេះ មិនមែនជាការដោះស្រាយដ៏ត្រឹមត្រូវនោះទេ។ លោកថា បញ្ហានេះ គួរតែរកការដោះស្រាយមួយសមរម្យដែលមានកិច្ចសហការល្អជាមួយនឹងពលរដ្ឋជាមុន។​​ ​​ 

លោក វណ្ណ សូផាត បន្តថា៖ «គួរតែអាជ្ញាធររកដំណោះស្រាយសមស្របដែលពលរដ្ឋរងផលប៉ះពាល់ហ្នឹង គាត់គួរតែទទួលបានតម្លៃណាដែលសមរម្យ ​យុត្តិធម៌ ដើម្បីទិញ​ដីនៅខាងក្រៅបាន​​ ដើម្បីគាត់រករបរទទួលទានបន្តទៅទៀត​ ឬមួយក៏ដោះដូរដីក៏ដោយ​​​ ឱ្យ​តែគាត់អាចទទួលយកបាន»។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺជាគោលការណ៍សម្រេច​របស់​រាជរដ្ឋាភិបាលលើ​ផ្ទៃដី​ទំហំ​២ ៦០០ហិកតា ក្នុង​នោះ​ ស្ថិតក្នុងខេត្តកណ្តាល ទំហំ២ ៤២៦ហិកតា និងខេត្តតាកែវ ១៧៤ហិកតា។

ក្នុងខេត្តកណ្តាល ​ផ្ទៃដី​នៅក្នុងគម្រោងអភិវឌ្ឍន៍នេះ​ រួមមាន ស្រុកកណ្តាលស្ទឹង និងស្រុកស្អាង ដែល​មាន៤​ឃុំ ស្មើនឹង១៣​ភូមិ មានផ្ទៃដីសរុបទំហំ២ ៤២៦ហិកតា ស្មើនឹង ៩៣% នៃទំហំផ្ទៃដីគម្រោង​សរុប៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ