វិភាគ៖ ដើម្បីធានាឆន្ទៈម្ចាស់ឆ្នោត តើកម្ពុជា​គួរកែច្បាប់រឹបអូសអាសនៈឬទេ?

សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ពលរដ្ឋខ្មែរមានអាយុ១៨ឆ្នាំ​យ៉ាងតិច មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​រើស​មេដឹ​ក​នាំប្រទេស និង​អាច​ឈរឈ្មោះបោះឆ្នោតបាន។ មួយវិញទៀត ច្បាប់កំពូលមួយ​​នេះក៏ចែងដែរ​ថា ពលរដ្ឋខ្មែរជាម្ចាស់ជោ​​គវាសនា​នៃប្រទេសជាតិ​របស់​ខ្លួន និង​អំណាច​ទាំងអស់​ជារបស់​ប្រជា​ពលរដ្ឋ។

ក៏ប៉ុន្តែ​បើគេពិនិត្យមើល «វិសោធនកម្ម​ច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ» ដែ​​ល​ប្រកាសឱ្យ​ប្រើប្រាស់​កា​លពីថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ២០១៥ ហាក់មានខ្លឹម​សារ​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ ក្នុង​ការ​ធានា​ឆន្ទៈប្រជា​ពលរដ្ឋក្នុងនាម​ជាម្ចាស់ប្រទេស​ដែល​កំណត់​ដោយ​រដ្ឋ​ធម្មនុញ្ញនោះ។

មាត្រា១៣៨​នៃ​ច្បាប់​នេះបានលើកឡើងថា គណបក្សនយោបាយមួយនឹងបា​ត់បង់​អាសនៈ​រប​ស់ខ្លួនវិញ បើក្រោយ​ការបោះឆ្នោត គណបក្សនោះធ្វើពហិការមិន​ព្រម​ចូល​រួម​សម័យ​ប្រជុំ​ដំបូងតាម​ការ​កោះ​​ប្រជុំរបស់​ព្រះ​មហា​ក្សត្រ មិន​ព្រម​ចូលរួមប្រជុំរដ្ឋសភាសម្រាប់ការ​ប្រកាស​សុពលភាព​នៃអា​ណត្តិ​រ​ប​ស់​​សមាជិកនីមួយៗ និងមិន​ព្រមធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង។

មាត្រាដដែលបញ្ជាក់ថា៖ «ក្នុងករណីខាងលើនេះ បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះ ដែលបា​នប្រកាសថា ជាប់ឆ្នោតរួចហើយ មិនមានសុពលភាព និងមិនមានគុណសម្បត្តិតទៅទៀតឡើយ។ រដ្ឋ​សភាត្រូវ​ជូន​ដំណឹងទៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់ ឬក្នុង​រយៈ​ពេល​យ៉ាង​យូ​​រ២៤ម៉ោង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញ ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧២ម៉ោង បន្ទាប់ពីបានទទួលលិខិតជូនដំណឹង​ពី​រដ្ឋស​ភា ទៅឱ្យគណបក្សនយោបាយផ្សេងដែល​បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត»។

ជាការកត់សម្គាល់ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនោះ ចំពេលមានភាពចម្រូងចម្រាសផ្នែក​ន​យោ​​បាយ ហើយ​ក៏​ចំពេលដែល​គណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំង មានសំ​ឡេង​ឆ្នោ​តគាំទ្រដេញគ្នាយ៉ាងប្រកៀកប្រកិតអំឡុងការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺលទ្ធផលផ្លូវការ​ អតីត​គណបក្សប្រឆាំង​ទទួល​បាន​៥៥អាសនៈ ទល់នឹង​បក្សកាន់អំណាច​ ៦៨​អាសនៈ។

ក្រោ​មឥទ្ធិពលនៃច្បាប់នេះ នៅចុងឆ្នាំ២០១៧ អតីតគណបក្ស​ប្រឆាំងដែល​ដណ្តើម​បានអាសនៈ​នៅ​ឃុំ-សង្កាត់ចំនួន៥ ០០៧ ប្រហាក់​ប្រហែល​គណបក្សកាន់អំណាចទៀតដែរនោះ ក៏ត្រូវបានរឹប​អូស​យ​ក​ទៅចែក​គណបក្សផ្សេង ក្រោយ​ពី​គណបក្សនេះត្រូវបានរំលាយដោ​យតុ​លាការកំពូល។

បញ្ហាទាំងអស់នេះបង្កើតជាចម្ងល់ថា ដើម្បីធានាឆន្ទៈម្ចាស់ឆ្នោត តើ​កម្ពុជា​គួរកែច្បាប់​រឹប​អូស​អាសនៈ​ដែរឬ​ទេ​?

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើល​ឃើញ​ថា ការធ្វើច្បាប់មួយ​ចំនួន រួម​ទាំង​ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនាប៉ុន្មានឆ្នាំមកនេះ មិនមានការពិគ្រោះយោបល់ជាសាធារណៈ​​ទេ តែដំណើរការ​នៃការធ្វើច្បាប់បានធ្វើឡើងក្នុងស្ថានភាពមួយ ដើម្បីតែផលប្រយោជន៍នយោបាយ ឬដោះស្រា​​យបញ្ហាជាប់គាំងនយោបាយតែប៉ុណ្ណោះ ក្នុងនោះមានទាំងច្បាប់រំលាយគណបក្ស និងច្បាប់រឹបអូសអាសនៈរបស់អ្នកនយោបាយផងដែរ។

លោកយល់ថា ក្នុងសង្គមប្រជាធិបតេយ្យ ការធ្វើច្បាប់ដើម្បីរឹបអូសអាសនៈរបស់គណបក្សនយោបាយដែលកើតចេញពីការបោះឆ្នោត ប្រៀបបានដកហូតឆន្ទៈម្ចាស់ឆ្នោតដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។

លោកថា៖ «យើងមើលទៅច្បាប់ហ្នឹង ការ​ដក​អាសនៈ គឺដក​តំណាង​របស់ពលរដ្ឋដែលពលរដ្ឋ​បោះឆ្នោ​តឱ្យ អ៊ីចឹងវាមិនផ្ទុយពីឆន្ទៈ​របស់​ពលរដ្ឋ? ព្រោះពលរដ្ឋបោះឆ្នោតឱ្យតំណាងរបស់​ខ្លួន ហើយដល់ពេលច្បា​​​ប់ហ្នឹងគេចាប់ដក មាន​សិទ្ធិចាប់ដក​ទាំង​បង្ខំ​តំណាង​របស់​ពលរដ្ឋ អ៊ីចឹង​វាបញ្ច្រាសពី​សិទ្ធិអំណាច​​រប​​ស់ប្រជាពលរដ្ឋ [ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ]បាត់ទៅហើយ»។

លោក អំ សំអាត យល់ថា បើច្បាប់នេះមិនត្រូវបានកែលម្អទេ នោះ​សិទ្ធិពលរដ្ឋ​ត្រូវបានគេដកហូតបន្ត​​ទៀត ដូច​ក​រ​ណី​អតីត​​គណបក្សសង្គ្រោះជាតិ ដែលបានកើតឡើងអំឡុងឆ្នាំ២០១៧។

លោកថា៖ «អង្គការសង្គមស៊ីវិលមិនកាន់ជើងគណបក្សណាទេ ប៉ុន្តែដើម្បីជាផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍ដែលជាម្ចាស់ប្រទេសហ្នឹង គួរតែគិតគូរនិង​ពិចារណាឱ្យបានល្អិតល្អន់ឡើងវិញ»។

មន្ត្រីផ្នែកអង្កេតនិងតស៊ូមតិនៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កន សាវាង្ស និ​យា​យ​ថា តំណាងអ្នកនយោបាយដែលជាប់ឆ្នោត បើកាលណាលទ្ធផលឆ្នោតត្រូវបានប្រកាសជាផ្លូវការហើយ ពួកគេនឹងក្លាយជាតំណាងឆន្ទៈរាស្ត្រពេញសិទ្ធិនៅក្នុងស្ថាប័ននីតិបញ្ញត្តិ ឬរដ្ឋសភា។ លោក​យល់​ថា ច្បាប់ដក​ហូត​អាសនៈ​គណបក្ស​នយោបាយ ផ្ទុយគ្នានឹងមាត្រា៧៧​ នៃរដ្ឋធម្មនុញ្ញ ដែលបានការពារឆន្ទៈពលរដ្ឋជា​ម្ចាស់​ឆ្នោត។

មាត្រា៧៧ នៃរដ្ឋធម្មនុញ្ញចែងថា៖ «តំណាងរាស្ត្រក្នុងរដ្ឋសភា ​ជាតំណាងប្រជាជាតិខ្មែរទាំ​ង​មូល ពុំមែនគ្រាន់​តែជា​តំណាង​ប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។ អាណត្តិអាជ្ញា​បញ្ជាទាំង​​ឡា​យ ត្រូវទុកជាមោឃៈ»។

ប៉ុន្តែលោក សាវាង្ស កត់សម្គាល់ថា ច្បាប់រឹបអូសអាសនៈនិងរំលាយគណបក្សដែលបានបង្កើតឡើង ហាក់មិនអនុលោមតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិដែលកម្ពុជាបានទទួលស្គាល់។ បញ្ហានេះ លោក​យល់​ឃើញ​ថា វាចាំបាច់ណាស់ត្រូវកែលម្អឡើងវិញនូវច្បាប់ទាំងនេះ ដើម្បីធានាដល់ការប្រកួតអំណាចមួយតាមគន្លងប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកថា៖ «តាមការយល់របស់ខ្ញុំ ច្បាប់នៃការដកសិទ្ធិនេះ គឺ​ជាច្បាប់មួយដែលយើងមើលឃើញថា​ វាផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ ព្រោះអីឆន្ទៈប្រជាពលរដ្ឋមិន​អាច​កើតចេញពីការតែងតាំង មិនអាចកើតចេញពីការកាត់សេចក្តីរបស់តុលាការទេ […] បើកាលណាច្បាប់វាមិនឆ្លើយតបដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេ គឺមានន័យ​ថា ច្បាប់ហ្នឹង​មិន​ធានា​នូ​វឆន្ទៈប្រជាពលរដ្ឋ»។

អ្នកឃ្លាំមើលសង្គមដែលរដ្ឋាភិបាលធ្លាប់ចាប់ដាក់ពន្ធនាគារ លោក គឹម សុខ និយាយ​ថា ដើម្បីធានាការអនុវត្ត​សេរីភា​ពប្រជាធិបតេយ្យរបស់​ប្រជា​ពលរដ្ឋ ត្រូវមានធាតុបណ្តុះច្រើន ដូចជា គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កម្លាំង​ប្រ​ដា​​ប់​អាវុធ តុលាការ ក្រុមប្រឹក្សានៃអង្គចៅក្រម និងក្រុមប្រឹក្សាធម្មនុញ្ញ ជាដើម ត្រូវតែជាស្ថាប័នឯករា​ជ្យ។ ​ប៉ុន្តែលោកមិនមានជំនឿថាអាចធ្វើបានទេក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។

តែ​យ៉ាងណា លោក គឹម សុខ ផ្តល់ជា​យោបល់ថា ដើម្បីធានា​ឆន្ទៈ​រាស្ត្រកុំឱ្យបាត់បង់ទៅក្នុងភាពផុយស្រួ​យ​​ពេក​នោះ អ្នកពាក់ព័ន្ធត្រូវតស៊ូមតិឱ្យមានការកែលម្អច្បាប់មួយចំនួនមុនការបោះឆ្នោតមកដល់។

បើតាមលោក គឹម សុខ ត្រូវទាមទារឱ្យលុបចោលបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ក្នុងក្រមព្រហ្មទណ្ឌ ត្រូ​វ​កែច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ។

លោកថា៖ «វាជារឿងអយុត្តិធម៌ជ្រុលពេកហើយដែលគណបក្សមានអាសនៈនៅក្នុងសភា អាចត្រូវគេរំ​លាយ​ចោល​នៅពេលណាក៏បា​ន និងបិទសិទ្ធិអ្នកនយោបាយតាមចិត្ត ដោយគ្រាន់តែប្រើច្បាប់នេះ ហើ​យ​ប្រតិដ្ឋ​កំហុសតាមអ្នកមានអំណាចង់បាន ដែលមានន័យថា អ្នកកាន់អំណាចចង់បំផ្លាញឆន្ទៈ​ប្រជា​ពលរដ្ឋពេល​ណាក៏​បា​ន​ដែរ »។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ការរឹបអូសអាសនៈគណបក្សនយោបាយណាមួយ ដូចគ្នាទៅនឹងការ​រំលាយ​ឆន្ទៈ​រាស្ត្រ ដែល​លោកគិតថា មិនត្រូវ​ឱ្យ​កើត​​មាន​ទៀត​ទេសម្រាប់​​​ប្រទេសមួយ​ដែល​ប្រកាន់លទ្ធិប្រជាធិបតេយ្យ។ លោកបាន​​លើក​ជា​ឧទាហរណ៍​ថា នៅ​ប្រទេស​ថៃក៏​ធ្លាប់​មាន​ប្រវត្តិ​រំលាយ​គណបក្សនយោបាយដែលមានសក្តានុពលក្នុង​ការ​ដណ្តើម​អំណាច តាម​យន្ត​ការ​បោះ​ឆ្នោត​នេះ​ដែរ។

ប៉ុន្តែលោក​​ថា ប្រទេសគេមិន​រឹបអូស​យក​អាសនៈដែលកើតចេញពីឆន្ទៈម្ចាស់ឆ្នោត​យកទៅ​ចែកឱ្យ​​គណបក្សដទៃ​ដែលពលរដ្ឋ​មិន​​បោះឆ្នោតឱ្យនោះទេ ដោយ​ទុកឱ្យ​តំណាង​រាស្ត្រមានសំឡេងតស៊ូមតិនៅក្នុងសភា។

លោក យង់ គិមអេង ព្រួយបារម្ភថា គណបក្សនយោបាយថ្មីៗមួយចំនួនដែលកំពុងត្រៀមខ្លួនចូលរួមប្រ​កួតការបោះឆ្នោតនៅពេលខាងមុខ​ អាចនឹងជួបហានិភ័យនេះ បើមាត្រា១៣៨​ នៃច្បាប់ស្តីពី​ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសឱ្យប្រើនៅឆ្នាំ២០១៥នោះ មិនត្រូវបានធ្វើវិសោធនកម្ម។

លោកថា៖ «ដូចនៅថៃ​នៅអី! គេទុកឱ្យគាត់ [តំណាងរាស្ត្រ] អាចទៅ​រកគណបក្សនយោបាយណាមួយ ដើ​​ម្បី​នៅក្រោម​គណបក្សហ្នឹងទៅ អាហ្នឹងវាប្រសើរជាងការរំលាយឆន្ទៈ​របស់គេ […] ច្បាប់យើងនេះ កា​ល​ណា​​យើង​ធ្វើអ៊ីចឹង​ វាផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ ព្រោះវាមិន​អាច​យក​ទៅ​បែង​ចែក​ឱ្យ​គ​ណ​​បក្សផ្សេង​ទៀត អាហ្នឹង​មិនមែនបោះបង់ទេ គឺដកយកឆន្ទៈរបស់អ្នកបោះឆ្នោត យកទាំងស្រុងតែម្តង​»។

តែយ៉ាងណា លោក យង់ គិមអេង យល់ថា កូនសោរ​នៃការធ្វើវិសោធនកម្មច្បាប់នាបច្ចុប្បន្ននេះ នៅលើដៃមេដឹកនាំបក្សកាន់អំណាចប៉ុណ្ណោះ ហើយ​ការកែនៅពេលនេះវាងាយ​បំផុត ព្រោះកម្ពុជា​មាន​រដ្ឋាភិបាលឯក​បក្ស រដ្ឋ​សភា​ឯកបក្ស និង​ព្រឹទ្ធសភា​ឯកបក្ស​ទៀត ដែល​គ្មានអ្នកជំទាស់។ តែលោកចោទជាសំណួរថា តើប​ក្សកាន់​អំណាច​មានឆន្ទៈ​​នយោបាយថ្លឹងថ្លែងរវាងផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងប្រយោជន៍ជាតិ​បានកម្រិតណា ដើម្បីស្តារស្ថានការណ៍នេះ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ