រដ្ឋាភិបាលបដិសេធលក់​ដីបឹងរដ្ឋជាង១ពាន់ហិកតាក្នុងខេត្តកណ្តាលឱ្យទៅ​ក្រុមហ៊ុនមួយ​អភិវឌ្ឍជាទីក្រុងរណប

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី (រូបកាលពីពេលកន្លងទៅ)

រដ្ឋាភិបាលសម្រេចច្រានចោលសំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះឈ្នះ» ដែល​ស្នើទិញ​ដីបឹងជាង១ ០០០​​ហិក​​តា នៅ​ស្រុក​​ល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើបនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលវីអូឌីទទួលបាននៅថ្ងៃទី២ ខែកញ្ញា​នេះ បាន​​លើក​ឡើង​​​ថា ក្រុម​ហ៊ុនសំណង់ «ឈ្នះឈ្នះ» បាន​ស្នើតាម​រយៈ​ក្រសួង​កសិកម្ម និង​រដ្ឋបាលខេត្តកណ្តាល ថាខ្លួនចង់ទិញដីរដ្ឋជាង១ ០០០ហិក​តា នៅ​ក្នុង​ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើបនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ករណីនេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលការស្នើសុំទិញដីរដ្ឋនោះ ព្រម​ទាំងប្រាប់ទៅក្រសួងកសិកម្ម និង រដ្ឋបាលខេត្តកណ្តាល ត្រូវ​​បញ្ឈប់​ទទួលសំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះឈ្នះ» ដែលស្នើទិញដីផ្ទៃបឹងធម្មជាតិ​នេះបន្តទៀត ព្រោះរដ្ឋសម្រេចរក្សាទីតាំងដីនោះសម្រាប់បម្រើប្រយោជន៍សាធារណៈ ខណៈរដ្ឋាភិបាលគ្រោងជីកបឹង​នោះ​ឱ្យ​បាន​ជ្រៅ ​ដើម្បីរក្សាទឹកទុកថែមទៀតផង។

លិខិតមានខ្លឹមសារដូច្នេះថា៖ «ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឈប់ការទទួល​និងលើកសំណើដីតំបន់នោះមកទៀត»។

អ្នក​នាំពាក្យប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះ បន្ថែមលើ​លិខិត​នោះ​​ថា ដើម​ចមដែលរដ្ឋាភិបាលសម្រេចមិន​លក់ដីផ្ទៃបឹងធម្មជាតិទៅឱ្យក្រុមហ៊ុនឯកជន ដោយ​សាររដ្ឋាភិបាលរក្សាទុកទឹកនិងត្រីទុកជាប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។

លោកថា៖ «មិនមែនថានាយករដ្ឋមន្ត្រីគ្មានការវិនិច្ឆយពីផលប៉ះពាល់ដល់សាធារណជន​ដែលជា​ប្រជារាស្ត្ររបស់លោក​នោះទេ​ លោកតែងតែថ្លឹងថ្លែងអំពីផលចំណេញនិងផលខាតដែលវាប៉ះពាល់ក្នុងការសម្រេចចិត្ត។ ជួនកាលយើងមានការលុបចោលនៃ ស.ជ.ណ ដែល​ជាជំហរ​របស់​រដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត គាំទ្ររ​ដ្ឋាភិ​បាលដែល​ច្រានចោល​ការ​លក់​ដី​បឹង​របស់​រដ្ឋ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ព្រោះបឹងធម្មជាតិនេះអាចជួយមួយផ្នែកក្នុងការរំដោះជំនន់ទឹកភ្លៀង រក្សាបាននូវជីវចម្រុះផ្សេងៗ និងផ្តល់ប្រយោជន៍ច្រើន​ដល់ពលរដ្ឋរស់នៅ​ជុំវិញបឹងធម្មជាតិនោះជាដើម។

លោក អំ សំអាត បន្ថែមថា កន្លងមក រដ្ឋាភិបាលសម្រេចអនុញ្ញាត​ឱ្យក្រុមហ៊ុន​វិនិយោគ​លុប​បឹង​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ធ្វើឱ្យមាន​បញ្ហាប្រឈម​ច្រើន ដូចជា ជំនន់ទឹកភ្លៀង លិចទីក្រុងទៀតផង។ លោកបញ្ជាក់​ថា បើរដ្ឋលក់បឹងនៅខាងល្វាឯម ខេត្តកណ្តាល​ នឹងជួបបញ្ហាប្រឈមច្រើន​ដូចការលុបបឹងនៅរាជធានីភ្នំពេញផងដែរ ។

លោកមានប្រសាសន៍ថា៖ «បើសិនជាលក់ផ្ទៃបឹងរបស់រដ្ឋនេះ​ទៅឱ្យក្រុមហ៊ុនឯកជន ថ្ងៃក្រោយទៅ រដ្ឋាភិបាលចង់រកបឹងបម្រុងទុកបញ្ចៀសលូទឹកស្អុយ ជំនន់ទឹកភ្លៀង និងពិបាក ព្រោះនៅប៉ែកអរិយក្សត្រ គម្រោងអភិវឌ្ឍន៍ថ្ងៃក្រោយ បើគ្មានផ្ទៃបឹងស្តុកទឹកទុកទេ វានឹងជួបបញ្ហាច្រើនផងដែរ»។

របាយការណ៍អង្គការសមាគមធាងត្នោតដែលបានចេញផ្សាយ​កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ថាបឹងចំនួន២៦ ក្នុងរាជធានីភ្នំពេញ ត្រូវបានលុបទាំងស្រុងចំនួន​១៦ ដោយស្មើនឹង៦០%​នៃផ្ទៃបឹងសរុប និងបឹងចំនួន១០ផ្សេងទៀតត្រូវបានលុបផ្នែកមួយចំនួននៃបឹង។

របាយការណ៍ដដែលបានបញ្ជាក់ថា មូលហេតុនៃការលុបបឹងទាំងនោះបណ្តាលមកពីការសាងសង់បុរី តំបន់លំនៅឋាន និងទីក្រុងរណប។ របាយការណ៍​នេះបង្ហាញ​ថា ការលុបបឹងទាំងនោះជាការបាត់អាងស្តុកទឹកដ៏សំខាន់សម្រាប់រាជធានី​ភ្នំពេញ និងបង្កឱ្យ​មានការ​ជន់លិចពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ