កង​ទ័ព​ជើង​គោក​​ ចេញ​​​​បញ្ជា​​ទប់​​ស្កាត់​​ការ​​នាំ​ចូល​​រថយន្ត​​ចង្កូត​​ស្តាំ​មក​ក្នុង​​ប្រទេស​

ស្ថានភាពចរាចរណ៍កកកុញណែនណាន់តាន់តាប់នៅតាមដងវិថីម្ដុំរង្វង់មូលចោមចៅ ក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយការបិទខ្ទប់តំបន់មួយចំនួននៅក្រុងភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មេបញ្ជាការ​យោធភូមិ​ភាគទី​៥ នៃកងទ័ពជើងគោក បាន​ចេញបទបញ្ជា​មួយចំនួនក្នុង​ការ​​ទប់​ស្កាត់​ការនាំចូល​រថយន្ត​ចង្កូត​​ស្តាំ​មក​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយ​រដ្ឋាភិបាលបានណែនាំឱ្យ​ទប់ស្កាត់។

យោង​តាម​បទ​បញ្ជា​របស់​កង​ទ័ព​ជើង​គោក​យោធភូមិ​ភាគទី​៥ ​ចុះថ្ងៃទី០១ ខែកញ្ញា ​បាន​បញ្ជាទៅមន្ត្រី​របស់​ខ្លួនសហការជាមួយ​កងអង្គភាពនិងស្ថាប័នពាក់ព័ន្ធ ​​ទប់​ស្កាត់​ឱ្យ​បាន​ដាច់​ខាត​នូវ​ការ​លួច​នាំចូល​រថយន្ត​ចង្កូត​ស្តាំ តាម​ច្រក​របៀង​នៃ​​បណ្តោយ​ព្រំដែនរវាងកម្ពុជានិងប្រទេសជិតខាង​។

បទបញ្ជាដដែលនោះបានព្រមានថា៖ «​ករណី​មាន​យោធិន​ណា​​គប់គិតក្នុងការ​​លួច​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំតាមច្រក​របៀង​នៅតាម​ខ្សែបណ្តោយព្រំដែន ​ល្មើស​នឹង​សេចក្តី​សម្រេចនេះ​ មេបញ្ជាការ​កងឯកភាពនោះនឹង​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​»។

ការចេញបទបញ្ជានេះបានធ្វើឡើង​ក្រោយពីរដ្ឋាភិបាល កាលពីដើមខែសីហានេះ បានយល់ព្រមលើសំណើរបស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល​ស្នើសុំអនុវត្តវិធានការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានយន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ ដើម្បីពង្រឹងសក្តានុពលចំណូលពន្ធនិងទប់ស្កាត់ការរត់ពន្ធរថយន្តចង្កូតស្តាំដោយខុសច្បាប់។

ក្នុងលិខិតនោះ ក្រសួង​បាន​ណែនាំ​ដល់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ឱ្យគាំទ្រដល់កម្លាំងរបស់​គយក្នុងការ​ទប់ស្កាត់និងបង្ក្រាបការរត់ពន្ធរថយន្តចង្កូតស្តាំចូលមកកម្ពុជា ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់និងគោលនយោបាយហាមឃាត់ការនាំចូលនិងការប្រើប្រាស់រថយន្តចង្កូតស្តាំ ហើយមិនត្រូវជាប់ពាក់ព័ន្ធដោយផ្ទាល់ឬប្រយោល ក្នុងទម្រង់ណាមួយក្នុងការទទួលស្គាល់រថយន្តចង្កូតស្តាំដែលជាប្រភេទរថយន្តខុសច្បាប់នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ