រយៈ​ពេល​៧​ខែ​ CMAC​ រក​ឃើញ​និង​កម្ទេច​ចោល​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​​មិន​ទាន់​ផ្ទុះ​ជាង​៣​ម៉ឺន​គ្រាប់​

គ្រាប់មីន

អង្គភាព CMAC ក្នុងរយៈពេល៧ខែ​នេះ បានរុករកឃើញនិងកម្ទេចចោល​គ្រាប​់មីន​និងយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះគ្រប់​ប្រភេទបានជាង៣១ ០០០គ្រាប់ លើផ្ទះដីចម្ការមីនឬចម្ការគ្រាប់​សរុបចំនួនជាង៦៤ ០០០ ០០០​ម៉ែត្រ​ក្រឡា។

អគ្គនាយក​អង្គភាពស៊ីម៉ាក់ លោក ហេង រតនា បាន​ឱ្យដឹងនៅលើទំព័រហ្វេស​ប៊ុករបស់​លោកកាលពីថ្ងៃទី៣០ ខែសីហា ថា គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២១នេះ លទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតមីននិង​​សំណល់ជាតិ​ផ្ទុះ​​ពី​សង្គ្រាម​ បាន​ប្រព្រឹត្ត​ទៅ​ដោយរលូននិង​ទទួល​​បានលទ្ធផលល្អ ក្នុងនោះ អង្គភាពនេះបាន​​រំដោះផ្ទៃដី​ចម្ការមីន​សរុប​​ចំនួន​៦៤ ៥៦២ ៥៣៩​ម៉ែត្រ​ក្រឡា ស្មើនឹង៩៨,៦០%។

លោកបន្តថា កិច្ចប្រតិបត្តិការនេះក៏បាន​រុក​រក​ឃើញ​និងកម្ទេច​ចោល​​គ្រាប់​​មីននិងយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះគ្រប់​ប្រភេទ​សរុប​​​ចំនួន៣១ ៦៦៥​​គ្រាប់ និង​បាន​​​​ធ្វើការ​អប់រំ​និងផ្សព្វផ្សាយ​​ពីគ្រោះថ្នាក់​ដោយ​សារ​គ្រាប់មីននិង​សំណល់​​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដល់​ក្រុម​គោលដៅ​​បាន​ចំនួន៨ ៩៩៧លើក ស្មើនឹង៣០០ ៤៣០ខ្នង​ផ្ទះ និង​មាន​ប្រជាពលរដ្ឋ​​​ចូលរួម​ចំនួន៦០០ ០០០នាក់។

លោក​​បន្ត​ថា ទោះស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ ក៏អង្គភាពនៅតែទទួលបានជំនួយកៀរគរនិងអនុវត្តគម្រោងនានាជាបន្តបន្ទាប់សរុប​ចំនួន៤៣គម្រោង ក្នុងនោះរួមមាន គម្រោង​កំពុងដំណើរការចំនួន២៣គម្រោង កំពុងចរចា​ចំនួន២៣​គម្រោង និងមានគម្រោងមួយចំនួនមានការយឺតយ៉ាវ។

សម្រាប់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អង្គភាព​ទាំងមូល ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១នេះ លោក ហេង រតនា បញ្ជាក់ថា​ អាច​ដំណើ​​ការ​​បាន ​និង​មិនប៉ះពាល់ដល់កម្លាំងប្រតិបត្តិការ​ឡើយ ទោះបី​គម្រោង​មួយចំនួនមានកា​រ​យឺត​យ៉ាវ​ខ្លះក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ