ឈ្មួញ​ថា​​វៀតណាម​បន្ត​រឹត​ត្បិត​​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​នាំ​ទំនិញ​ចេញ​ តែ​​វៀតណាម​អាច​​នាំ​ទំនិញ​​​ចូល​​​​កម្ពុជា​​បាន​​

សកម្មភាពដឹកទំនិញចូលទៅប្រទេសវៀតណាម នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់​ ស្ថិតក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ (kampot.gov.kh)

ឈ្មួញខ្មែរដែលនាំទំនិញពីកម្ពុជាទៅប្រទេសវៀតណាមតាមច្រកព្រំដែនក្នុង​ស្រុកកំពង់ត្រាច ខេត្តកំពត អះ​អាង​ថា វៀតណាមនៅតែបន្តរឹតត្បិតមិនឱ្យពលរដ្ឋកម្ពុជានាំទំនិញចូល​ប្រទេសរបស់ខ្លួនទេ​ ខណៈដែលឈ្មួញ​វៀតណាម​បាននាំទំនិញចូលកម្ពុជា​ដោយសេរី​និង​គ្មានការទប់ស្កាត់ពីអាជ្ញាធរកម្ពុជា។

លោក តឹង យិន ជាឈ្មួញ​នាំគ្រឿងសមុទ្រ​ពីកម្ពុជា​ទៅប្រទេស​វៀតណាម តាមច្រកព្រំដែនតន់ហន់ និងច្រកព្រែកចាក ខេត្តកំពត បានប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ភាគីវៀតណាមនៅតែបន្តបិទមិនឱ្យពលរដ្ឋកម្ពុជា​នាំទំនិញចូលវៀតណាម​ដដែល ក្រោម​ហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលឈ្មួញ​​វៀត​ណាម​​អាចនាំទំនិញចូលកម្ពុជាដោយសេរី។

ឈ្មួញរូបនេះឱ្យដឹងទៀត​ថា វៀតណាមបានបិទមិនឱ្យពលរដ្ឋកម្ពុជា​នាំទំនិញចូលវៀតណាមតាំង​ពីថ្ងៃទី១៨​ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ គឺមិនទាន់បើកឡើង​វិញទេ ដែលធ្វើឱ្យឈ្មួញនិងអ្នកនេសាទ​កម្ពុជាជួបបញ្ហាលំបាក​ក្នុង​​ជីវភាព។

លោកបន្ថែមថា៖ «វា[វៀតណាម]ឱ្យយើងចូលដោយលួចលាក់មានការក្បិតក្បៀតខ្លាំង ហើយវាទារលុយយើងយ៉ាង​ច្រើន។ ខាងគេដឹកមក ធម្មតាអត់មានយកលុយយកកាក់អីផង។ អាមួយឱ្យចូលដោយសេរី អាមួយឱ្យចូល​មិនពេញមុខ​មិន​ពេញ​មាត់។ ខាងយើងវិញបើកចំហឱ្យចូលពេញៗ»

ឈ្មួញនាំចេញ​​គ្រឿងសមុទ្រ​ពីកម្ពុជាទៅវៀតណាម​តាមច្រកតន់ហន់ និងច្រកព្រែកចាកម្នាក់ទៀត រស់នៅខេត្តកែប ដែល​សុំមិនប្រាប់ឈ្មោះ​ដោយបារម្ភពីសុវត្ថិ​ភាព បាន​ឱ្យដឹង​ថា លោក​បា​នផ្អាកទិញទំនិញ​ពីប្រជានេសាទ និងខាននាំទំនិញទៅវៀតណាម ចាប់តាំងពីប្រទេសមួយនេះបានបិទច្រកព្រំដែនមកម្ល៉េះ។

ឈ្មួញ​កណ្តាល​រូប​នេះនិយាយថា ករណីវៀតណាម​បិទមិនឱ្យពលរដ្ឋកម្ពុជានាំទំនិញចូលប្រទេសរបស់ខ្លួននេះ ជារឿងអយុត្តិធម៌មួយសម្រាប់ពលរដ្ឋកម្ពុជា ដោយបានធ្វើឱ្យប៉ះពាល់​​ដល់សេដ្ឋកិច្ច​ពួកគេ​និងប្រជានេសាទ​ផង​ដែរ ខណៈដែលពលរដ្ឋវៀតណាមអាចនាំទំនិញចូលកម្ពុជាដោយសេរី។ លោកអំពាវនាវដល់អាជ្ញាធរកម្ពុជាចរចាជាមួយភាគីវៀតណាម ដោយធ្វើយ៉ាងណាអនុញ្ញាតឱ្យពលរដ្ឋកម្ពុជានិងពលរដ្ឋវៀតណាមអាចដោះដូរទំនិញដោយស្មើភាព​គ្នាបាន។

លោកបន្ថែមថា៖ «ប្រជានេសាទភាគច្រើន គាត់ខ្ចីលុយធនា​គារ​មកធ្វើដើមទុន ដើម្បីរកស៊ីធ្វើនេសាទ។ ដល់ពេលខាងវៀតណាមគេមិនឱ្យយើងទៅ អ៊ីចឹង​យើងឈ្មួញកណ្តាលនាំចេញទៅហ្នឹង ផ្អាកទិញទំនិញពីគាត់ អ៊ីចឹង​ខ្វះខាត​លុយបង់ធនាគារ។ ​ខ្ញុំសំណូមពរទៅរដ្ឋាភិបាលថា បើខាងគេមិនឱ្យយើងនាំទំនិញទៅ យើងត្រូវមិនឱ្យគេនាំទំនិញចូលដែរ អ៊ីចឹង​យើងអាចលក់ទំនិញហ្នឹងនៅក្នុងស្រុកបានហើយ។ បើគេនាំចូល​ច្រើន​ពេក យើងនៅក្នុងស្រុកលក់អត់បាន ធ្វើឱ្យទំនិញយើងនៅសល់ច្រើន ហើយយើងមិនអាចនាំចេញទៅក្រៅប្រទេសបានទៀត»

វីអូឌី មិនអាចសុំការឆ្លើយតប​ពីអភិបាលខេត្តកំពត លោក ជាវ តាយ និងអ្នកនាំរដ្ឋបាលខេត្ត លោក ភូ លិ និង​នាយករដ្ឋបាលខេត្ត លោក វិត វឌ្ឍនា បានទេ នៅថ្ងៃសុក្រនេះ។

មន្ត្រីសមាគមអាដហុកប្រចាំខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍ថា ករណីពលរដ្ឋវៀតណាម​អាចនាំចូល​ទំនិញមក​​កម្ពុជា​បាន ប៉ុន្តែពលរដ្ឋកម្ពុជាមិនអាចនាំទំនិញចូលវៀតណាមបាននេះ គឺ​​មិនមាន​តម្លាភាព​​ក្នុងការនាំទំនិញចេញចូលរវាងប្រទេសជិតខាងឡើយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបានជំរុញដល់អាជ្ញាធរកម្ពុជាឱ្យពិចារណាឡើងវិញក្នុងការដោះស្រាយរឿងនេះ ដើម្បីជួយដល់ពលរដ្ឋកម្ពុជា​ដែលនាំទំនិញទៅប្រទេសវៀតណាម។

លោកបន្ថែមថា៖ «មន្ត្រី​របស់កម្ពុជា​យើងគួរតែធ្វើការសម្របសម្រួលជាមួយភាគីវៀតណាម ប្រសិនបើភាគីវៀតណាម​គាត់បិទមិនឱ្យខ្មែរនាំទំនិញចូល តើយើងគួរមានវិធានការអីចំពោះវៀតណាមវិញ ដើម្បីទប់ស្កាត់កុំឱ្យមានការនាំចូលមកប្រទេសកម្ពុជាដែរ។ យើងត្រូវដាក់វិធានការតានតឹងដូចគ្នាដែរ បើយើងបើកធូររលុងឱ្យវៀតណាមចូល តែវៀតណាមគេអត់បើកឱ្យយើងចូល សួរថា តើអាជីវករយើងរកស៊ីក្នុងកម្រិតណា? ដូចជាប្រជានេសាទ លោកទៅនេសាទបានហើយ តើយកទៅលក់ឱ្យអ្នកណា»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ