រដ្ឋា​ភិបាល​​ដាក់​ចេញ​​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​​កូវីដ-១៩​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​

ប្រជាពលរដ្ឋនាំគ្នារាប់បាត្រថ្ងៃកាន់បិណ្ឌ១ វត្តទួលទំពូង កាលពីឆ្នាំ២០១៨។

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដាក់ចេញវិធានការមួយចំនួន ដើម្បីចូលរួមក្នុងការ​ប្រយុទ្ធ​​ប្រ​​ឆាំង​​ជំងឺកូវីដ-​១៩ ​​សម្រាប់ថ្ងៃបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព្រមទាំង​បុណ្យកឋិន ​​ដែល​នឹង​​ត្រូវ​​ចាប់​​ផ្តើមក្នុងពេល​​ខាង​​មុខនេះ។

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ឈិត សុខុន បានលើកឡើង​​ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី​៣ ខែកញ្ញា​ ថាគ្រប់ម​ន្ទីរ​ធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលឱ្យបានល្អប្រសើរដល់ទីតាំងសម្រាប់​ប្រគេន​ព្រះ​សង្ឃ និង​រៀបចំ​​​ជូន​​​ពុទ្ធ​​បរិស័ទប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ទៀតថា ដើម្បីបង្ការនិងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅ​​ថ្ងៃ​បុណ្យប្រពៃណីជាតិខាងមុខនេះ ស្ថាប័ននិងអ្នកពាក់ព័ន្ធត្រូវអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ដូច​​ជា ​​ពាក់​​​​ម៉ាស់ រក្សាគម្លាត វាស់កម្តៅ លាងដៃដោយសាប៊ូ អាល់កុល ឬជែល និង​ត្រូវរក្សា​​គោ​ល​​​​ការណ៍ ៣កុំ និង៣ការពារ។

ពិធី​បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​២២ ខែ​កញ្ញា រហូតដល់ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២១។ បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ គ្រប់វត្តអារាមត្រូវសម្អាត​​បូជនីយស្ថាន ស្តូប កន្លែងតម្កល់អដ្ឋិធាតុអ្នក​ដែល​បាត់​បង់​ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អ​​ដោយ​​​​បំភ្លឺ​ភ្លើង​ពណ៌ លើក​ទង់​ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ រួមទាំងរៀបចំឱ្យមានជាបដា​​ពាក្យស្លោក ដើម្បីចូលរួមអបអរសាទតាមប្រពៃណីព្រះពុទ្ធសាសនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ