សមាគម​មួយ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​​គំរាម​កំហែង​លើ​​អ្នក​សារ​ព័ត៌មាន

បុរសជាអ្នកថតរូបបម្រើឱ្យស្ថាប័នសារព័ត៌មានមួយ ថតសកម្មភាពក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សមាគមអ្នកសារព័ត៌មាន​មួយបានអំពាវនាវ​ទៅក្រសួងមហាផ្ទៃ ឱ្យពិនិត្យឡើង​វិញពី​តួនាទី​របស់​មន្ត្រី​នៅថ្នា​ក់​​មូលដ្ឋាន ដើម្បីធានាថា ការចុះបំពេញភារកិច្ច​របស់អ្នកសារព័ត៌មានមិនត្រូវបាន​គំរា​ម​កំហែងពី​មន្ត្រីនៅ​ថ្នាក់​មូល​ដ្ឋាន។

ការអំពាវនាវរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) នេះ ធ្វើឡើងតាមលិខិតចំហ​មួយ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១​នេះ។

តាមរយៈ​លិខិតចំហនោះ ខេមបូចា បានលើកឡើងថា កាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ពក ខឺយ អ្នកហាត់ការនៅសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី បាន​ចុះទៅ​យក​ព័ត៌មាន​នៅ​កន្លែង​មានជម្លោះដី​ធ្លី ក្នុង​តំប​ន់ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី ស្ថិត​នៅក្នុងភូមិ​កំពង់​តាឡុង ឃុំ​បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ខេមបូចា បន្តថា ប៉ុន្តែ​អ្នកសារព័ត៌មានរូបនោះត្រូវបាននគរបាល​២នាក់ ស្លៀកពាក់​ស៊ីវិលជិះម៉ូតូ​ដេញ​ពី​ក្រោយ និងខ្លះទៀតបាន​ស្ទាក់ចាប់អំឡុង​ពេលអ្នកសារព័ត៌មានរូប​នោះសម្ភាសពលរដ្ឋចប់រួចធ្វើដំណើរ​​ត្រលប់​​មក​ការិ​យាល័យវិញ។

លិខិតនោះបន្តថា អ្នកសារព័ត៌មាន​មួយរូបទៀត ឈ្មោះ លោក លួស សេង ចាងហ្វាងផ្សាយ​ទូរទស្សន៍​អន ឡាញ LSN ក៏​​គ្រោងចុះទៅយកព័ត៌មាននៅទីតាំងដែលពលរដ្ឋធ្វើសន្និសីទសារព័ត៌មាននោះដែរ ប៉ុន្តែបាន​លុប​ចោល​គម្រោងវិញ ក្រោយពីប្រជាពលរដ្ឋប្រាប់ថា មានកម្លាំងជាច្រើនបានដាក់ព​ង្រាយ ដើម្បី​មានវិធានការទៅលើអ្នកសារព័ត៌មាន។

ខេមបូចា បានចាត់ទុកទង្វើរបស់អាជ្ញាធរទាំងនោះ ថាជាការរារាំង គំរាមកំហែងទៅ​លើអ្នកសារព័ត៌មាន និងធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើសេ​រីភាព​អ្នក​សារព័ត៌មាន ស្ថានភាពបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជានិង​ប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិទទួលបានព័ត៌មាន និងប្រជាពលរដ្ឋ។

បញ្ហានេះ នាយកប្រតិបត្តិខេមបូចា លោក ណុប វី ជំរុញទៅក្រសួងមហាផ្ទៃពិនិត្យមើលឡើងវិញពី​តួនាទីរប​ស់​​មន្ត្រីនៅថ្នាក់មូល​ដ្ឋាន ដើម្បីទប់ស្កាត់កុំឱ្យពួកគេប្រើប្រាស់តួនាទីទៅរំលោភបំពានសិទ្ធិអ្នកសារព័ត៌​មាននិង​សិទ្ធិ​ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។

លោកថា៖ «នៅក្នុងរូបភាពហ្នឹង វាបានរំលោភធ្ងន់ធ្ងរទៅដល់រដ្ឋធម្មនុញ្ញមាត្រា៤១»។

លោក ណុប វី ព្រួយបារម្ភថា បើក្រសួងគ្មានវិធានការជាក់លាក់ទប់ស្កាត់បញ្ហានេះទេ អ្នកសារព័ត៌​មាននឹងមិនអាចអនុវត្តតួនាទីរបស់ខ្លួនដោយសេរីដោយមិនមានការភ័យខ្លាចបាននោះទេ ហើយ​​​វានឹងប៉ះពាល់​ធ្ង​ន់​ធ្ង​រ​ទៅ​​ដល់សេរីភាពសារព័ត៌មាន ប៉ះពាល់ទៅដល់សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវរបស់ប្រជាពលរដ្ឋ និងជា​ដើ​មចមប៉ះពាល់សង្គមទាំងមូល ជាពិសេស​គណនេយ្យភាពសង្គម ព្រមទាំងធ្វើ​ឱ្យ​ប៉ះពាល់​ដល់ការខិត​ខំប្រឹងប្រែងការ​ធ្វើកំណែទ​ម្រ​ង់របស់រដ្ឋាភិបាល។

លោក ពក ខឺយ​ បានអះអាងថា សំឡេង​ពលរដ្ឋនិងរូបភាពដែលលោកប្រមូលបានពីកន្លែងធ្វើសន្និសីទ ជា​ភស្តុតាង​រឹងមាំសម្រាប់ឱ្យស្ថាប័នថ្នាក់ជាតិ​ពិចារណាពីបញ្ហាពួកគេនិងស្វែងរកដំណោះស្រាយក្រោយលោកចេញផ្សាយ ទើបលោកព្យាយាមជិះម៉ូតូគេចពីសមត្ថកិច្ច មិនឱ្យអាជ្ញាធរដកហូតយកសំឡេងនិងរូបភាពទាំងនោះបាន។

លោកថា៖ «ការដែលពួកគាត់ជួបទុក្ខលំបាកនេះ គាត់មិនអាចប្រើសំឡេងរបស់ពួកគាត់ទៅនិយាយជាមួយអាជ្ញាធរបាន ដោយសារតែអាជ្ញាធរកន្លងមកហ្នឹងតែងតែគេចវេះមិនព្រមដោះស្រាយ។ អ៊ីចឹងអ្វីដែលខ្ញុំបានសម្ភាសថ្ងៃនោះ ខ្ញុំគិតថា ជាសារដ៏រឹងមាំមួយសម្រាប់ជម្រាបជូនទៅខាងអ្នកពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាលហ្នឹង ឱ្យគាត់មើលឃើញពីក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋជាក់ស្តែង»។

វីអូឌី មិនអាចទាក់ទងអធិការនគរបាលស្រុកកណ្តាលស្ទឹង លោក ​ឡេង សុខរុន ដើម្បីសុំបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេ គិតត្រឹមថ្ងៃចន្ទនេះ។

យ៉ាងណា អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ក្រសួងនឹងមានវិធានការ​ បើមានពាក្យបណ្តឹងផ្លូវការ ហើយ​ពិនិត្យឃើញថា មន្ត្រីពិតជាបានធ្វើ​ខុស​មែន​នោះ។

លោកថា៖«ដាក់បណ្តឹងមក! អាហ្នឹងយើងនឹងចាត់ការដើម្បីស៊ើបអង្កេត​ហើយ ត្រូវពិន័យ ត្រូវអប់រំ ត្រូវមានទោសយ៉ាងម៉េចតាមការល្មើសច្បាប់ ទាំង​ក្មួយឯង​ផង​ដែរ! មានការអីយើងមិនព្រមប្តឹង យើងគិតពីបង្ហោះអំពាវនាវអ៊ីចឹង បើគេមិនយកចិត្តទុកដាក់ អាហ្នឹងចាំនិយាយគ្នាទៀត»។

ក្នុងឆ្នាំ២០២១នេះ គិតពីខែមករា ដល់ខែកញ្ញានេះ ខេមបូចា បានកត់ត្រាករណីបៀតបៀននិងគំរាម​កំហែងទៅ​​លើអ្នកសារព័ត៌មានចំនួន៣៨ករណី លើអ្នកសារព័ត៌មានចំនួន៥៨នាក់ ក្នុងនោះមានស្ត្រី៤នាក់ដែលភាគច្រើនជាករណីចាប់ឃុំខ្លួននិងការប្រើអំពើហិង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ